ជាតិ
បោះឆ្នោត
បក្សភ្លើងទៀន ដាក់អ្នកផ្សេងជំនួសលោក រ៉ុង ឈុន តាមការទាមទារពីគ.ជ.ប
09, May 2023 , 5:59 pm        
រូបភាព
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន (រូបពីហ្វេសប៊ុករបស់លោក)
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន (រូបពីហ្វេសប៊ុករបស់លោក)
ដោយ៖ ទេពញាណ 

លោក រ៉ុង ឈុន ខកខានមិនបានឈរជាបេក្ខជនតំណាងរាស្រ្តសម្រាប់នីតិកាលទី៧នេះ។
 
គណបក្សភ្លើងទៀន គ្មានអ្វីត្រូវតវ៉ានឹងគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ដែលមិនទទួលលោក រ៉ុង ឈុន ជាបេក្ខជនតំណាងរាស្រ្តឡើយ។ គណបក្សជំទាស់លេចធ្លោមួយនេះ មានតែផ្លូវធ្វើតាមគ.ជ.ប ប៉ុណ្ណោះ គឺដកឈ្មោះលោក រ៉ុង ឈុន ចេញពីបញ្ជីបេក្ខជនតំណាងរាស្រ្ត ហើយដាក់ឈ្មោះអ្នកផ្សេងជំនួសវិញ។ 
 
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ថ្លែងមកកាន់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ ថា គណបក្សភ្លើងទៀន នឹងរុញឈ្មោះអ្នកនៅក្រោមឈ្មោះលោក រ៉ុង ឈុន ទៅកន្លែងឈ្មោះលោក រ៉ុង ឈុន។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះថា៖«អាហ្នឹងវាអ៊ីចឹង បើគាត់ឈរមិនកើតហើយ យើងទៅទុកគាត់ធ្វើអី។ គ.ជ.ប បដិសេធហើយ អ៊ីចឹងបានន័យថា បញ្ជីយើងអត់ត្រឹមត្រូវទេ»។ 
 
នៅក្នុងបញ្ជី លោក រ៉ុង ឈុន ដែលជាអនុប្រធានគណបក្សភ្លើងទៀន ឈរជាបេក្ខជនតំណាងរាស្រ្តខេត្តកណ្តាល ហើយឈ្មោះលោក ស្ថិតនៅលំដាប់លេខរៀងទី១ ឯឈ្មោះ ចាន់ ចេង ស្ថិតនៅលេខរៀងទី២។ ដូច្នេះ ឈ្មោះចាន់ ចេន នឹងត្រូវស្ថិតនៅលេខរៀងទី១វិញ។ 
 
ជាលើកទី១សម្រាប់លោក រ៉ុង ឈុន ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត តែត្រូវខកខាន។ កាលពីចុងឆ្នាំ២០២១ លោក ត្រូវបានដោះលែង តែនៅជាប់បទចោទដដែល និងស្ថិតក្នុងការព្យួរទោសសាកល្បងរយៈពេល៣ឆ្នាំ ដោយរហូតមកដល់បច្ចុប្បន្ននេះ នៅមិនផុតនោះទេ។  
 
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានផ្ញើលិខិតជូនទៅលោក ទាវ វណ្ណុល ដោយជម្រាបថា លោក រ៉ុង ឈុន ត្រូវតុលាការកាត់ទោសពីបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទានោះទេ ដូច្នេះ គណបក្សភ្លើងទៀន ត្រូវដាក់បេក្ខជនថ្មីជំនួសលោក រ៉ុង ឈុន។ 
 
ក្រៅពីនេះ គ.ជ.ប នៅទាមទាររឿង២ទៀត ពីគណបក្សភ្លើងទៀន គឺ ទី១ លិខិតដែលបញ្ជាក់ពីការចុះបញ្ជីគណបក្សភ្លើងទៀន នៅក្រសួងមហាផ្ទៃ និងទី២ បង្កាន់ដៃ ដែលបញ្ជាក់ពីការតម្កល់ប្រាក់១៥លានរៀលរបស់គណបក្សភ្លើងទៀន នៅរតនាគារជាតិ។ លោក គីមសួរ ភីរិទ្ធ ឆ្លើយតបថា រឿងលិខិតទាំង២នេះ មិនផ្តល់ការលំបាកអ្វីដល់គណបក្សភ្លើងទៀននោះទេ ដោយគណបក្សនឹងយកទៅជូនគ.ជ.ប នៅល្ងាចថ្ងៃទី៩ ខែឧសភានេះតែម្តង។ 
 
ការទទួលពាក្យចូលរួមប្រកួតការបោះឆ្នោត ត្រូវបានបិទបញ្ចប់ហើយ ដោយមានគណបក្ស២០ ដែលបានដាក់ពាក្យ។ ក្នុងចំណោមគណបក្សទាំង២០ មាន១១គណបក្ស ត្រូវបានគ.ជ.ប យល់ព្រមជាផ្លូវការឲ្យចូលរួមប្រកួត ឯគណបក្សភ្លើងទៀន និង៨គណបក្សទៀត កំពុងស្ថិតក្នុងការពិនិត្យរបស់គ.ជ.ប។ ការបោះឆ្នោតជាតិលើកទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ 
 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com