ជាតិ
បោះឆ្នោត
បោះឆ្នោត៖ អ្នកសង្កេតការណ៍ជាតិជាង១ម៉ឺននាក់ បានចុះឈ្មោះ ខណៈអន្តរជាតិនៅមិនទាន់មាន
10, May 2023 , 9:29 am        
រូបភាព
លោក មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គជប
លោក មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គជប
ដោយ:
អ្នកសង្កេតការណ៍ជាតិជាង ១ម៉ឺននាក់ បានដាក់ពាក្សសុំចុះសង្កេតការណ៍តាមការិយាល័យនីមួយៗ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣នេះ ខណៈអ្នកអង្កេតការណ៍អន្តរជាតិ ពុំទាន់មានអ្នកដាក់ពាក្យទៅ គ.ជ.ប នៅឡើយ។



គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួន ១០,១៣០នាក់ ក្នុងនោះស្រ្តីមានចំនួន ៥,០៥៦នាក់។ គ.ជ.ប ពុំទាន់បានទទួលពាក្យសុំសង្កេតការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិពីប្រទេសណាមួយនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៩ ខែឧសាភា ឆ្នាំ២០២៣។
 
ក្នុងកិច្ចប្រជុំមួយ លោក មាន សទិ សមាជិក គ.ជ.ប បានលើកឡើងថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសជាសមាជិកនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។ ពួកគេ អាចធ្វើដំណើរសង្កេតការណ៍ក្នុងរាជធានីខេត្ត ដែលអង្គការក្រៅរដ្ឋាភិបាល  បានស្នើសុំតែប៉ុណ្ណោះ លើកលែងតែអ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាត និងផ្តល់បណ្ណសម្គាល់ដោយ គ.ជ.ប។
 
លោក បន្តថា អ្នកសង្កេតការណ៍អន្តរជាតិ គឺជាអ្នកសង្កេតការណ៍ នៃអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការអន្តរជាតិ និងប្រទេសនានា ដែលត្រូវបានអញ្ជើញ និងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយបានអនុញ្ញាតដោយ គ.ជ.ប។ ពួកគេ អាចធ្វើដំណើរគ្រប់ទីកន្លែង ដោយពុំចាំបាច់សុំការអនុញ្ញាត ឬជូនដំណឹងជាមុនឡើយ។ 
 
អ្នកសង្កេតការណ៍ជាតិចល័ត សំដៅដល់ថ្នាក់ដឹកនាំ ឬមន្ត្រីរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលជាតិ ដែលសាមីអង្គភាពស្នើសុំ និងត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ និងអនុញ្ញាតឱ្យសង្កេតមើលដំណើរការបោះឆ្នោតនៅទូទាំងប្រទេស។
 
លោក មាន សទិ បញ្ជាក់ថា៖«អ្នកសង្កេតការណ៍មានសិទ្ធិធ្វើសកម្មភាពសង្កេតការណ៍បោះឆ្នោតដោយឯករាជ្យ»។ លោក មាន សទិ បន្ថែមថា សិទ្ធិ ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកសង្កេតការណ៍បោះឆ្នោត និងបម្រាមចំពោះអ្នកសង្កេតការណ៍បោះឆ្នោត មានចែងនៅក្នុងសៀវភៅក្រមសីលធម៌ សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត។
 
សូមជម្រាបថា គ ជ ប បានប្រកាសទទួលពាក្យអ្នកសង្កេតការណ៍ជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា និងទទួលពាក្យអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 អ្នកសង្កេតការណ៍បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com