អន្តរជាតិ
ចិនបណ្តេញមន្រ្តីទូតកាណាដាចេញពីប្រទេស ដើម្បីជាការសងសឹក
09, May 2023 , 6:29 pm        
រូបភាព
កាណាដា នៅថ្ងៃទី៨ ខែឧសភា បានប្រកាសបណ្តេញអ្នកការទូតចិនម្នាក់ដែលរងការចោទប្រកាន់ថាបានព្យាយាមបំភិតបំភ័យសមាជិកសភាកាណាដាចេញពីប្រទេស។ ការប្រកាសនេះ​ បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង និងបានបណ្តេញមន្រ្តីទូតកាណាដានៅក្រុងសៀងហៃ ដើម្បីជាការសងសឹក។

 
រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly នៅថ្ងៃទី៨ ខែឧសភាបានលើកឡើងថា កាណាដានឹងមិនស្វាគមន៍អ្នកការទូតចិនចិនដែលរងការចោទប្រកាន់ថាបានព្យាយាមបំភិតបំភ័យសមាជិកសភាកាណាដា ជុំវិញការរិះគន់លើបញ្ហាជនជាតិភាគតិចវីហ្គ័រឡើយ។ លើសពីនេះ លោកស្រី បានបន្ថែមថា កាណាដានឹងមិនអត់ឱនចំពោះការព្យាយាមជ្រៀតជ្រែកពីបរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិឡើយ។ 
 
«យើងនៅតែប្រកាន់ការតាំងចិត្តរបស់យើងថា ការការពារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសយើងមានសារៈសំខាន់បំផុត»។ លោកស្រី Melanie Joly បានលើកឡើងបែបនេះ មុនបន្តព្រមានអ្នកការទូតបរទេសនៅកាណាដាថា នឹងបញ្ជូនពួកគេទៅប្រទេសកំណើតវិញ ប្រសិនបើពួកគេព្យាយាមជ្រៀតជ្រែកកិច្ចការកាណាដា។ 
 
ចំណាត់ការនេះបានធ្វើឱ្យទំនាក់ទំនងចិន-កាណាដាកាន់តែតានតឹងហើយ ខណៈចិនបាននិយាយថាកាណាដាបានបំផ្លាញដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
 
បើតាមសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតចិនប្រចាំកាណាដា ភាគីចិននឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ហើយកាណាដានឹងត្រូវទទួលផលវិបាកទាំងអស់ដែលកើតចេញពីទង្វើខ្លួន។ លើសពីនេះ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនបានដាក់ការតវ៉ាជាផ្លូវការជុំវិញការបំពានច្បាប់អន្តរជាតិ និងបទដ្ឋានការទូតនេះ ហើយបានចោទប្រកាន់កាណាដាថាបានធ្វើឱ្យខូចទំនាក់ទំនងរវាងប្រទេសទាំងពីដោយចេតនា។
 
ក្នុងថ្ងៃទី៩ ខែឧសភា ក្រសួងការបរទេសចិន បានប្រកាសបណ្តេញកុងស៊ុលកាណាដា ចេញពីក្រុងសៀងហៃ ដើម្បីជាការសឹងសឹក។ មិនតែប៉ុណ្ណោះ ចិន នឹងរក្សាសិទ្ធិមួយនេះ ដោយមិនមានការផ្លាស់ប្តូរអ្វីឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
 
គួរបញ្ជាក់ថា បើតាមប្រភពដែលដឹងពីបញ្ហានេះ អ្នកការទូតចិនលោក Zhao Wei​ ដែលជាមន្ត្រីនៅស្ថានកុងស៊ុលចិននៅទីក្រុង Toronto ត្រូវបានស្នើសុំឱ្យចាកចេញពីកាណាដា ដោយរដ្ឋាភិបាលកាណាដាទុកពេលឱ្យក្នុងរយៈពេលប្រាំថ្ងៃ។
 
ការបណ្តេញលោក Zhao Wei​ ចេញពីប្រទេសនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាដែលដឹកនាំដោយសមាជិកសភាកាណាដាលោក Michael Chong ជុំវិញការចោទប្រកាន់ដែលអះអាងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិនមានគម្រោងកំណត់គោលដៅលោក Chong និងសាច់ញាតិរបស់លោកដែលរស់នៅទីក្រុងហុងកុង បន្ទាប់ពីលោកបានបោះឆ្នោតគាំទ្រចលនាថ្កោលទោសចិនពាក់ព័ន្ធនឹងបញ្ហានៅតំបន់ស៊ីនជាំងថាជាអំពើប្រល័យពូជសាសន៍៕
 

Tag:
 កាណាដា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com