ជាតិ
សង្គមជាតិ
បណ្ឌិត សូ ណារ៉ូ នឹងចូលស្រុកបម្រើការងារក្នុងរដ្ឋាភិបាលវិញ
10, May 2023 , 12:59 pm        
រូបភាព
រូបភាព លោកបណ្ឌិត សូ ណារ៉ូ ពីហ្វេសប៊ុករបស់លោក
រូបភាព លោកបណ្ឌិត សូ ណារ៉ូ ពីហ្វេសប៊ុករបស់លោក
ដោយ៖ ទេពញាណ 

រស់នៅលើទឹកដីអាម៉េរិកអស់ប្រមាណ២០ឆ្នាំ លោកបណ្ឌិត សូ ណារ៉ូ ដែលតែងការពារលោក កឹម សុខា ហើយរិះគន់ទាំងរដ្ឋាភិបាលកម្ពុជា និងពេលខ្លះរិះគន់ទាំងលោក សម រង្ស៊ី ផងនោះ ប្រកាសតាមរយៈសារព័ត៌មាន ឌឹ ខេមបូឌាដេលី ថានឹងវិលចូលស្រុកខ្មែរ ដើម្បីបម្រើការងាររដ្ឋ បន្ទាប់ពីលោកទទួលបានក្របខ័ណ្ឌឡើងវិញ។ ចូលស្រុកពេលណានោះ លោក មិនទាន់អាចផ្តល់ព័ត៌មានជាក់លាក់ឡើយ។



កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់អតីតភាពការងាររបស់លោក សូ ណារ៉ូ ដោយធ្វើនិយ័តកម្មបញ្ជូលទៅក្នុងឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលនៅទីស្តីការគណៈរស្ឋមន្រ្តី។ ព្រះរាជក្រឹត្យនេះ ចេញបន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 
 
លោក សូ ណារ៉ូ រម្លឹកថា លោក ចូលធ្វើការងាររដ្ឋតាំងពីឆ្នាំ១៩៨៥មកម្ល៉េះ ហើយកាលមុន ក្របខ័ណ្ឌរបស់លោកនៅទីស្តីការគណៈរដ្ឋមន្រ្តី។ លោក ថែមទាំងរម្លឹកទៀតថា លោក ធ្លាប់ធ្វើការក្នុងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី។ ជាមួយគ្នានេះ គេ ក៏បានដឹងដែរថា លោក ធ្លាប់ជាទីប្រឹក្សារបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ 
 
លោក ពន្យល់ថា ការធ្វើនិយ័តកម្ម គឺជាការតភ្ជាប់ឡើងវិញនូវក្របខ័ណ្ឌមន្រ្តីរាជការរបស់លោក ដែលត្រូវលុបចោលកន្លងមក។ លោក លើកឡើងថា ជាមន្រ្តីរាជការ ចាំបាច់ត្រូវតែវិលចូលស្រុកដើម្បីបម្រើការងាររដ្ឋ។  
 
លោក បង្ហាញក្តីរីករាយ ដែលទទួលបានក្របខ័ណ្ឌរដ្ឋដូចដើម។ លោក ថ្លែងដូច្នេះថា៖«ឥឡូវនេះ [សម្តេចនាយករដ្ឋមន្រ្តី] លោក បានរកយុត្តិធម៌ [ឲ្យខ្ញុំ]។ ខ្ញុំអរគុណលោកមែនទែន។ ខ្ញុំ ចាត់ទុកនេះជាកាយវិការដ៏ថ្លៃថ្លា ជាព្រហ្មវិហារធម៌ ជាការសន្តោសរបស់រដ្ឋាភិបាល»។ 
 
ក្នុងកិច្ចសម្ភាសជាមួយ ឌឹ ខេមបូឌា ដេលី លោកបណ្ដិត សូ ណារ៉ូ បានរៀបរាប់រឿងរ៉ាវរបស់លោក ដែលមានបញ្ហាក្នុងការងាររដ្ឋ ហើយធ្វើឲ្យលោកត្រូវចាកចេញពីស្រុក។ លោក អះអាងថា លោក ត្រូវគេរំលោភសិទ្ធិជាច្រើនក្នុងការងារ។ 
 
លោក បន្តថា ដោយសាររងភាពអយុត្តិធម៌ និងទ្រាំមិនបាន លោក ក៏រត់ទៅរស់នៅឯសហរដ្ឋអាម៉េរិក ដើម្បីតស៊ូរកយុត្តិធម៌ឲ្យខ្លួនឯង។ លោក រម្លឹកថា លោក បានចេញពីកម្ពុជា ទៅរស់នៅឯសហរដ្ឋអាម៉េរិក តាំងពីឆ្នាំ២០១២ ហើយក្រោយមកក្របខ័ណ្ឌរបស់លោក ក៏ត្រូវលុបចេញ។ 
 
លោក ទម្លាយថា នាពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យគេសិក្សាស្រាវជ្រាវពីករណីរបស់លោក។ លោក កោតសរសើរថា សម្តេច ធ្វើការយ៉ាងឆាប់រហ័សក្នុងការដោះស្រាយរឿងរបស់លោក ដោយក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ រឿងរបស់លោកក៏ត្រូវដោះស្រាយរួច ហើយលោក ក៏ទទួលបានក្របខ័ណ្ឌវិញ។ លោក ហ៊ាននិយាយថា គ្មានប្រមុខរដ្ឋាភិបាលណា ធ្វើកិច្ចការលឿនដូចប្រមុខរដ្ឋាភិបាលកម្ពុជាឡើយ។   
 
[សម្តេច] លោក សួរខ្ញុំថា ចង់បានអី? ខ្ញុំថាចង់បានក្របខ័ណ្ឌវិញ។ នេះជាការឆ្លើយឆ្លងគ្នារវាងសម្តេច ហ៊ុន សែន ជាមួយលោក សូ ណារ៉ូ តាមរយៈប្រអប់សារ ហើយត្រូវលោក សូ ណារ៉ូ លើកយកមកនិយាយ។ 
 
លោក សូ ណារ៉ូ ឧស្សាហ៍ត្រូវបានវិទ្យុអាស៊ីសេរី និងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី អញ្ជើញធ្វើជាវាគ្មិន។ បើគេបានស្តាប់ គេ នឹងដឹងថា លោក ហាក់មានសមានចិត្តលើលោកកឹម សុខា ជាងគេ បើប្រៀបធៀបនឹងអ្នកនយោបាយកំពូល២រូបទៀត គឺសម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី។ 
 
ជួនកាល សម្តេច ហ៊ុន សែន និងរដ្ឋាភិបាលរបស់សម្តេច ក៏រងការរិះគន់ពីលោក ហើយជួនកាល លោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំង ក៏រងការរិះគន់ពីលោកដូចគ្នា។ មានតែលោក កឹម សុខា ទេ ដែលទទួលបានការគោរពនិងការសរសើរពីលោក។ 
 
យ៉ាងណា លោកបណ្ឌិតវ័យ៥៨ឆ្នាំរូបនេះ ការពារខ្លួនឯងថា ការរិះគន់របស់លោក គឺឈរលើមូលដ្ឋានការពិត និងដើម្បីស្ថាបនា៕  
 
 

Tag:
 សូ ណារ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com