កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរ កីឡាករគុនខ្មែរ ឡៅ ចន្ទ្រា ឈ្នះមេដាយមាស ក្រោយឈ្នះវៀតណាម
11, May 2023 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា បានមេដាយមាស ក្រោយយកឈ្នះកីឡាករវៀតណាម Nguyen Thanh Tung លើប្រភេទទម្ងន់៧៥គីឡូក្រាម នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នារសៀលថ្ងៃទី១១ ឧសភា នៅពហុកីឡដ្ឋានមរតកតេជោ។

នៅទឹកទី១ ឡៅ ចន្ទ្រា បានវាយកីឡាករវៀតណាម ឱ្យរងរបួសបែកចិញ្ចើមខាងឆ្វេង។ ឈានចូលទឹកទី២ កីឡាករវៀតណាម Nguyen Thanh Tung ព្យាយាមវាយសម្រុកលើ ឡៅ ចន្ទ្រា វិញដែរ ប៉ុន្តែត្រូវបាន ចន្ទ្រា វាយសងទៅវិញភ្លាមៗ ទាំងជង្គង ដៃ និងកែងពេញមុខ និងដងខ្លួន។ ការវាយបករបស់ ចន្ទ្រា នេះ បានធ្វើឱ្យកីឡាករវៀតណាម បែកចិញ្ចើមខាងស្ដាំមួយទៀត។ 

កីឡាករទាំងពីរប្រើស្នៀតប្រយុទ្ធ ប្ដូរផ្ដាច់យកពិន្ទុរៀងៗខ្លួន រហូតដល់ចប់ទឹកទី៣ រយៈពេល៣នាទី។ ជាលទ្ធផលអាជ្ញាកណ្ដាលកាត់សេចក្តី បានសម្រេចឱ្យ កីឡាករ ឡៅ ចន្ទ្រា ឈ្នះកីឡាករ Nguyen Thanh Tung ដោយពិន្ទុ។ ឡៅ ចន្ទ្រា យកបានមេដាយមាសទី១៣ សម្រាប់កម្ពុជា លើប្រភេទកីឡាប្រដាល់គុនខ្មែរនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com