កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភោជនីយដ្ឋានចំនួន ៧ នៅខេត្តកំពង់ស្ពឺ សន្យាមិនផ្គត់ផ្គង់សត្វព្រៃដល់អតិថិជន
11, May 2023 , 6:59 pm        
រូបភាព
ដោយ៖ ទូច សូរិយា

ម្ចាស់ភោជនីយដ្ឋានចំនួន ៧ កន្លែងទៀត ប្តេជ្ញាមិនធ្វើអាហារពីសាច់សត្វព្រៃ សម្រាប់អតិថិជនឡើយ។ ការប្ដេជ្ញានេះ ធ្វើឡើងនៅក្នុងកម្មវិធីយុទ្ធនាការសូន្យ របស់ក្រសួងបរិស្ថាន។



លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា​ បច្ចុប្បន្ននេះ មានភោជនីយដ្ឋាន ៧៨កន្លែងហើយ ដែលបានសន្យាមិនធ្វើអាហារពីសាច់សត្វព្រៃ បម្រើដល់អតិថិជន។ លោក ភក្ត្រា ជំរុញឱ្យម្ចាស់ភោជនីយដ្ឋានទាំងអស់ ចូលរួមផ្សព្វផ្សាយដល់អតិថជន អំពីផលប៉ះពាល់អវិជ្ជមានលើការបរិភោគសាច់សត្វព្រៃ ការបាត់បង់ធនធានធម្មជាតិ និងហានិភ័យលើសុខភាពសាធារណៈជាដើម។


រូបភាពពី៖ ក្រសួងបរិស្ថាន
 
រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានលើកឡើងថា៖«ខេត្តកំពង់ស្ពឺគឺជាតំបន់ហានិភ័យមួយ ទាក់ទងនឹងសាច់សត្វព្រៃ ដែលក្នុងនោះយើងឃើញមានការលក់សាច់សត្វព្រៃនៅតាមភោជនីយដ្ឋាន លើដងផ្លូវ និងអាហារនានានៅតាមតំបន់ទេសចរណ៍។ ទោះបីមុខម្ហូបពីសាច់សត្វព្រៃ មិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរាយមុខម្ហូបក៏ពិតមែន ប៉ុន្តែយើងនៅតែឃើញមានការណែនាំអំពីម្ហូបពីសាច់សត្វព្រៃដូចជាជ្រូកព្រៃ ឬឈ្លូសជាដើម ទៅកាន់អតិថិជនជារឿយៗដោយផ្ទាល់មាត់ដដែល»។
 
ជាមួយគ្នានេះលោក សង្ឃឹមថា ការចូលរួមសហការពីម្ចាស់ភោជនីយដ្ឋាន និងការផ្សព្វផ្សាយសារនានា អំពីហានិភ័យនៃការបរិភោគសត្វព្រៃ នឹងអាចផ្លាស់ប្តូរឥរិយាបថអ្នកនិយមបរិភោគ ឱ្យគិតពីផលប្រយោជន៍រួមវិញ៕
 

Tag:
 ក្រសួងបរិស្ថាន
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com