អន្តរជាតិ
EU គ្រោងកែប្រែគោលនយោបាយជាមួយចិន ប៉ុន្តែរក្សាវិធីសាស្រ្តតុល្យភាព
12, May 2023 , 9:00 pm        
រូបភាព
អង្គភាពសេវាការទូតរបស់សហភាពអឺរ៉ុប (EU) បានដាក់ចេញផែនការដើម្បីកែសម្រួលគោល នយោបាយរបស់ប្លុកនេះជាមួយចិនឡើងវិញក្នុងគោលបំណងកាត់បន្ថយហានិភ័យដែលកើតចេញពីការពឹងផ្អែកសេដ្ឋកិច្ចលើទីក្រុងប៉េកាំង តែនៅបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាពិភពលោកដដែល។

 
នៅក្នុងឯកសារប្រាំពីរទំព័រដែលបានផ្ញើទៅរដ្ឋាភិបាលសមាជិក EU មុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការ​បរ​ទេសនៅទីក្រុងស្តុកខុលនាថ្ងៃទី១២ ខែឧសភា សេវាការទូតរបស់អឺរ៉ុបបានបង្ហាញសំណើ​កែ​សម្រួល​គោលនយោបាយចំពោះចិន។ ឯកសារនេះជាការព្យាយាមរបស់ EU ក្នុងការធ្វើឱ្យមានតុល្យភាពរវាង គោលនយោបាយនៃប្រទេសសមាជិកទាំង ២៧ ចំពោះទំនាក់ទំនងជាមួយចិន។
 
នៅក្នុងលិខិតអមជាមួយសំណើនេះ ប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell និយាយថា មានហេតុផលយ៉ាងតិចបីសម្រាប់ការកែសម្រួលឡើងវិញលើ​គោលនយោបាយ​ជាមួយចិន។
 
«កម្រិតដែលចិនកំពុងផ្លាស់ប្តូរជាមួយនឹងជាតិនិយម និងមនោគមវិជ្ជាកំពុងកើនឡើង ការពង្រឹង​ការ​ប្រកួតប្រជែងរវាងអាមេរិក និងចិនដែលប៉ះពាល់ដល់គ្រប់វិស័យ ហើយ​ការ​ណ៍ដែល​ចិន​ជា​តួអង្គ​សំខាន់​ក្នុង​បញ្ហា​តំបន់ និង​ពិភពលោក»។ លោក Borrell បានលើកឡើងពីចំណុចទាំងបីបែបនេះ។
 
ឯកសារ​ខាងលើ ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​សម្រប​សម្រួល​ជាមួយ​អាមេរិក​នឹងនៅ​តែ​មាន​សារសំខាន់ ហើយ​ EU មិន​គួរ​ដើរតួជាអ្នក​ឈ្នះ​តែ​ម្នាក់​គត់​ក្នុង​ការ​ប្រកួត​ប្រជែង​ប្រព័ន្ធ​រវាង​អាមេរិក ​និង​ចិនឡើយ​។ ឯកសាដដែលសរសេរទៀតថា EU គួរតែធ្វើពិពិធកម្មប្រភពនៃការផ្គត់ផ្គង់នៅក្នុងវិស័យសំខាន់ៗ ពិសេសផ្នែកដែលមានសារសំខាន់ចំពោះការផ្លាស់ប្តូរពណ៌បៃតង និងឌីជីថលដូចជាបន្ទះឈីប ទូរគមនាគមន៍ 5G និង 6G ថ្ម វត្ថុធាតុដើម និងសារធាតុរ៉ែសំខាន់ៗ៕

Tag:
 (អឺរ៉ុប
  ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com