ជាតិ
៤ខែនេះ មានមនុស្សជាង ១០០នាក់ បានស្លាប់និងរបួសដោយសារខ្យល់កន្ត្រាក់ និងរន្ទះ
13, May 2023 , 9:29 pm        
រូបភាព
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម។
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម។
ដោយ:
៤ខែឆ្នាំ២០២៣នេះ មានមនុស្សស្លាប់ ១៤នាក់ និងរងរបួស ៩១នាក់ ដោយសារករណីខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ ក្រៅពីនេះ ក៏មានសត្វពាហណៈ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនទៀត បានខូចខាតនិងរងផលប៉ះពាល់ផងដែរ។



លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណកម្មការគ្រប់គ្រងគ្រោះមហាន្តរាយ បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី ៩ខែឧសភា ឆ្នាំ២០២៣ថា បញ្ហាអាកាសធាតុប្រែប្រួល ធ្វើឱ្យករណីខ្យល់កន្ត្រាក់នៅកម្ពុជាកើនឡើង។
  

លោក សុទ្ធ គឹមកុលមន្នី អ្នកនាំពាក្យគណកម្មការគ្រប់គ្រងគ្រោះមហាន្តរាយ។
 
លោក សុទ្ធ គឹមកុលមុន្នី បានរៀបរាប់ថា ៤ខែនេះ ករណីខ្យល់កន្ត្រាក់មានចំនួន ១០១លើក ដែលធ្វើឱ្យផ្ទះរលំខូចខាតជាង ១០០០ខ្នង, ផ្ទះខូចខាតមធ្យមមានជាង ៧០០០ខ្នង, ខូចខាតសាលារៀន ៥៥ខ្នង ,តូបផ្សារ ៤០តូប និងអគាររដ្ឋបាលផ្សេងៗទៀត១៤អគារ នៅទូទាំងប្រទេស។ ករណីខ្យល់កន្រ្តាក់នេះ បានបណ្ដាលឱ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៨៧នាក់។
 
ដោយឡែក សម្រាប់ករណីផ្គររន្ទះ បានកើតឡើងចំនួន ១៧លើក ដែលធ្វើឱ្យខូចខាតផ្ទះ១ខ្នង, គោ ក្របីងាប់ចំនួន ១៦ក្បាល, មនុស្សស្លាប់ ៨នាក់និងរងរបួស ៤នាក់។ ប្រជាជនមានការយល់ដឹងច្រើន បានរៀបចំប្រព័ន្ធការពាររន្ទះ ។ ដូច្នេះករណីរន្ទះបាញ់ឆ្នាំ២០២៣នេះ មានការថយចុះ។
 
លោក គឹមកុលមុន្នី បានបញ្ជាក់ថា៖«ជាវិធានការគណកម្មជាតិគ្រប់គ្រងគ្រោះមហាន្តរាយ នឹងចុះសិក្សាជុំវិញករណីខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដើម្បីដឹងថាកើតមាននៅតំបន់ណាខ្លះ ងាយស្រួលរៀបចំប្រព័ន្ធការពារ និងជួយកាត់បន្ថយករណីបាតុភូតនៅកម្ពុជា»។
 
សូមជម្រាបថា តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងឆ្នាំនេះ អាចនឹងខ្វះខាតទឹកប្រើប្រាស់សម្រាប់ស្រោចស្របដំណាំកសិកម្ម និងការបង្កបង្កើនផលនានា នៅរដូវវស្សាខាងមុខ៕
 

Tag:
 បាតុភូតធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com