អន្តរជាតិ
ការបោះឆ្នោតសភាថ្មីនៅថៃ ចាប់ផ្ដើមថ្ងៃនេះ
14, May 2023 , 11:29 am        
រូបភាព
ប្រជាជនថៃដែលមានឈ្មោះបោះឆ្នោត នាំគ្នាទៅកាន់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសនៅថ្ងៃទី១៤ ខែឧសភា សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាថ្មី។ នាយករដ្ឋមន្រ្តីចាំផ្ទះ ប្រាយុទ្ធ ចន្ទអូចា រំពឹងទទួលសំឡេងដើម្បីបន្តដឹកនាំរដ្ឋាភិបាល តែត្រូវប្រជែងជាមួយប្លុកបក្សប្រឆាំងដែលមានប្រជាប្រិយភាពខ្ពស់។

 
កៅអីសភា៥០០ ត្រូវបានដាក់ប្រជែងសម្រាប់ការបោះឆ្នោតថ្ងៃទី១៤ ខែឧសភានេះ។ ប្រជាជនប្រមាណ៥២លាននាក់ មានសិទ្ធិបោះឆ្នោត ហើយក្នុងនោះ២លាននាក់បានបោះឆ្នោតរួចហើយនៅថ្ងៃទី៧ ខែឧសភា។
 
សមាជិក៤០០នាក់ នឹងត្រូវជ្រើសរើសតាមដោយផ្ទាល់តាមរយៈការបោះឆ្នោតសំឡេងភាគច្រើន ឯ១០០នាក់ទៀត ត្រូវបានជ្រើសរើសតាមបញ្ជីឈ្មោះបក្សដោយគិតតាមសំឡេងដែលបក្សនីមួយៗទទួលបាន។ បក្សចំនួន៦៧ ចូលប្រជែងការបោះឆ្នោតនេះជាមួយបេក្ខជនសរុបជាង៦ពាន់នាក់។
 
បើតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ លទ្ធផលមិនផ្លូវការនឹងប្រកាសនៅល្ងាចថ្ងៃដដែល។ 
 
ក្នុងការស្ទង់មតិកន្លងមក បេក្ខជនដែលអាចក្លាយជានាយករដ្ឋមន្រ្តីមានលោកស្រី Paetongtarn Shinawatra កូនស្រីអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់ របស់បក្សភឿថៃ និងលោក Pita Limjaroenrat របស់បក្សឆ្ពោះទៅមុខ។ នាយករដ្ឋមន្រ្តីចាំផ្ទះ ប្រាយុទ្ធ ចន្ទអូចា នៅពីរក្រោយបេក្ខជនទាំង២នេះ។ យ៉ាងណាមិញ លោក ប្រាយុទ្ធ នៅតែមានឱកាសបន្តកាន់អំណាច បើលោកអាចកៀរគរសំឡេងគ្រប់គ្រាន់ពីបក្សដែលឈ្នះឆ្នោតផ្សេងទៀតនោះ។
 
ក្នុងករណី សភាថៃមិនអាចជ្រើសរើសនាយករដ្ឋមន្រ្តីបាន ការបោះឆ្នោតនឹងត្រូវធ្វើឡើងដោយកិច្ចប្រជុំរួមសភាទាំង២ថ្នាក់។ ព្រឹទ្ធសភាថៃមានសមាជិក២៥០នាក់ ដែលភាគច្រើនតែងតាំងដោយក្រុមយោធារបស់លោក ប្រាយុទ្ធ តែម្ដង៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com