អន្តរជាតិ
បោះឆ្នោតថៃ៖ អ្នកនយោបាយវ័យក្មេង Pita មេដឹកនាំបក្សឆ្ពោះទៅមុខមានប្រវត្តិដូចម្ដេច?
15, May 2023 , 12:07 pm        
រូបភាព
គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៥ ខែឧសភា គណបក្សឆ្ពោះទៅមុខ (Move Forward) បាននាំមុខ ទាំងការប្រជែងកៅអីក្នុងមណ្ឌលបោះឆ្នោត និងបញ្ជីគណបក្ស។ គណបក្សភឿថៃ (Pheu Thai) និង គណបក្ស Bhumjaithai Party ស្ថិតក្នុងលំដាប់ទី២ និងទី៣ រៀងគ្នា។

 
ខណៈការរាប់សន្លឹកឆ្លោតកំពុងតែបន្ត បក្សឆ្ពោះទៅមុខនៅតែស្ថិតនៅលំដាប់ទី១ដែលជាសមិទ្ធផល​ដ៏​វិសេសវិសាលសម្រាប់បក្សដែលធ្លាប់ត្រូវបានរំសាយកន្លងមក។ មេដឹកនាំបក្ស លោក Pita Limjaroenrat នាថ្ងៃទី១៤ ខែឧសភារំពឹងថានឹង បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយគណបក្ស​ភឿថៃ ខណៈសំឡេងឆ្នោតនៃបក្សទាំងពីរអាចមានអាសនៈសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
 
គណបក្ស Bhumjaithai Party ក៏ជាជម្រើសមួយទៀតសម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះជាមួយ​បក្ស​ឆ្ពោះទៅមុខផងដែរ ខណៈលោក Pita បានច្រានចោលលទ្ធភាពនៃការបង្កើតរដ្ឋាភិបាល​ជាមួយ​គណបក្សថៃរួបរួមជាតិរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា និងគណបក្ស Palang Pracharath (PPRP) របស់ឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwon។
 
បក្សឆ្ពោះទៅមុខជាស្នងតំណែងពីគណបក្សអនាគតទៅមុខដែលជាបក្សវ័យក្មេង និងបានអង្រួន​ឆាក​នយោបាយថៃអំឡុងការបោះឆ្នោតឆ្នាំ២០១៩។ បក្សអនាគតទៅមុខ ត្រូវបានរំលាយនៅឆ្នាំ២០២០ ដោយតុលាការធម្មនុញ្ញ។ យ៉ាង​ណា​ក៏​ដោយ បក្ស​អាច​រក្សា​សមាជិក​របស់​ខ្លួន​បាន​ដោយ​ការ​ក្លាយ​ជា​គណបក្ស​ឆ្ពោះទៅមុខវិញ។
 
បក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ​នេះ មាន​គោល​បំណង​កម្ចាត់​ឥទ្ធិពល​យោធា​ក្នុង​នយោបាយ​ថៃ និង​ព្រម​ទាំងធ្វើការកែទម្រង់របបរាជានិយមផងដែរ។ គោលនយោបាយជឿនលឿននេះហើយដែលទាក់ទាញសមានចិត្តរបស់យុវជនថៃដែលធុញថប់អ្នកនយោបាយចាស់វស្សកាច់ចង្កូតប្រទេសរាប់ឆ្នាំមកនេះ។
 
មេដឹកនាំបក្សឆ្ពោះទៅមុខ វ័យ ៤២ ឆ្នាំ លោក Pita ចូលប្រលូកក្នុងវិស័យនយោបាយតាំងពីឆ្នាំ ២០១៨។ ក្រោយបញ្ចប់ការសិក្សាពីនូវែលសេឡង់ និងសកលវិទ្យាល័យ Harvard ដ៏ល្បីនៅអាម៉េរិក លោក​បាន​គ្រប់​គ្រង​អាជីវកម្ម​ប្រេង​អង្ករ​របស់​គ្រួសារ​លោក​ ខណៈឪពុកបានស្លាប់ទៅ ហើយ​គ្រួសារ​បានជំពាក់បំណុលយ៉ាងខ្លាំង។ 
 
ក្រោយមកលោកបានក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Grab ប្រចាំថៃដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា ​ធំមួយនៅអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ២០១២ លោកបានរៀបការជាមួយតារាសម្តែងទូរទស្សន៍ថៃលោកស្រី Chutima Teepanat ហើយមានកូនស្រីម្នាក់អាយុប្រាំពីរឆ្នាំ។ ប៉ុន្តែអាពាហ៍ពិពាហ៍របស់លោកបានបែក​បាក់នៅឆ្នាំ ២០១៩ ។
 
ក្នុងឆាកនយោបាយ ដំបូងឡើយ Pita បានចូលរួមជាសមាជិកនៃបក្សអនាគតឆ្ពោះទៅមុខហើយ​តាម​ការអញ្ជើញរបស់មេដឹកនាំបក្ស លោកបានក្លាយជាបេក្ខជននៅក្នុងការបោះឆ្នោតទូទៅក្នុងឆ្នាំ២០១៩ ហើយបានឈ្នះអាសនៈក្នុងសភាតំណាងរាស្រ្ត។ ពីរសប្តាហ៍បន្ទាប់ពីការរំលាយគណបក្ស លោកត្រូវ​បានចាត់តាំងជាមេដឹកនាំថ្មីនៃគណបក្សឆ្ពោះទៅមុខ ដែលត្រូវបានចូលរួមដោយសមាជិកសភា​ចំនួន​៥៤នាក់ផ្សេងទៀត។
 
Pita មានវត្តមានយ៉ាងស្វាហាប់នៅលើផ្លូវនៃយុទ្ធនាការនយោបាយតាមរយៈភាពវ័យក្មេង និង​ថាមពល​របស់លោកដើម្បីទាក់ទាញចិត្តអ្នកគាំទ្រដែលចង់បានការផ្លាស់ប្តូរបន្ទាប់ពីរយៈពេលប្រាំបីឆ្នាំនៃរដ្ឋាភិបាលដែលគាំទ្រដោយយោធា។ លោកក៏ធ្លាប់បានសន្យាផងដែរថា នឹងរួមគ្នាសរសេរ​ប្រវត្តិសាស្រ្ត​នយោបាយថៃឡើងវិញក្នុងមុខមាត់ថ្មីប្រកបដោយលទ្ធិប្រជាធិបតេយ្យ។ 
 
«ប្រសិនបើមានពូ គឺអត់មានពួកយើងទេ បើមានពួកយើង ក៏គ្មានពូដែរ»។ លោក Limjaroenrat ស្រែក​ពេញទំហឹងទៅកាន់ហ្វូងអ្នកគាំទ្រកាលយុទ្ធនាការថ្ងៃទី៤ ខែឧសភា។ «ពូ» គឺសំដៅ​ឧត្តមសេនីយ៍​៣​នាក់ដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ហើយ​បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៩ ដែលពួកគេនៅតែបន្តអំណាច។ ឧត្តមសេនីយ៍ទាំង៣ មានលោក ប្រាយុទ្ធ លោក ប្រាវីត វង្សសុវណ្ណ និងលោក អនុពង្ស ផៅចិន្តា៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com