អន្តរជាតិ
អង់គ្លេសនិងហូឡង់ ឯកភាពបង្កើតសម្ព័ន្ធមិត្តអន្តរជាតិដើម្បីផ្តល់យន្តហោះចម្បាំងឱ្យអ៊ុយក្រែន
17, May 2023 , 8:59 pm        
រូបភាព
រូបភាព Lockheed Martin
រូបភាព Lockheed Martin
នាយករដ្ឋមន្រ្តីអង់គ្លេស និងហូឡង់ នៅថ្ងៃទី១៦ ខែឧសភា បានឯកភាពបង្កើតសម្ព័ន្ធមិត្តអន្តរជាតិមួយដើម្បីផ្តល់យន្តហោះចម្បាំងទៅអ៊ុយក្រែន ដើម្បីទប់នឹងការវាយប្រហាររុស្ស៊ី។ កន្លងមក ប្រទេសលោកខាងលិច ស្ទាក់ស្ទើរក្នុងការផ្តល់យន្តហោះឱ្យក្រុងកៀវ ដោយបារម្ភពីការរីកសាយនៃជម្លោះជាមួយរុស្ស៊ី។

 
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak និងសមភាគីហូឡង់ លោក Mark Rutte បានឯកភាពក្នុងការបង្កើតសម្ព័ន្ធមិត្តអន្តរជាតិមួយ ដែលអាចផ្តល់យន្តហោះចម្បាំងទៅអ៊ុយក្រែន តាមការស្នើសុំ។ 
 
«នាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពថា ពួកគេនឹងធ្វើការជាមួយគ្នា ដើម្បីបង្កើតសម្ព័ន្ធមិត្តអន្តរជាតិមួយ ក្នុងការផ្តល់អ៊ុយក្រែនជាមួយសមត្ថភាពប្រយុទ្ធលើអាកាស គាំទ្រលើការហ្វឹកហាត់លើការទទួលបានយន្តហោះចម្បាំង F16»។ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៦ ខែឧសភា។ 
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលអង់គ្លេស ក៏បានបញ្ជាក់ពីសិទ្ធិរបស់អ៊ុយក្រែនចូលទៅក្នុងសម្ធ័ន្ធយោធាណាតូ រួមទាំងឯកភាពលើការផ្តល់ជំនួយផ្នែកសន្តិសុខ ក្នុងរយៈពេលវែងផង ក្នុងគោលបំណងធានាលើការប្រឆាំងនឹងការវាយប្រហារនៅថ្ងៃអនាគត។ 
 
តាមរយៈសំណេរលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៦ ខែឧសភា ប្រមុខរដ្ឋាភិបាលហូឡង់ បានលើកឡើងថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នាក្នុងការគាំទ្រអ៊ុយក្រែន នៅចំពោះមុខការឈ្លានពានរបស់រុស្ស៊ី។ យ៉ាងណាមិញ ក្នុងសំណេរនោះ មេដឹកនាំហូឡង់ មិនបានបញ្ជាក់ពីយន្តហោះចម្បាំងឡើយ។ 
 
គួររំឭកថា កន្លងមក រុស្ស៊ីបានព្រមានបំផ្លាញរាល់យន្តហោះចម្បាំង ដែលប្រទេសលោកខាងលិចផ្តល់អ៊ុយក្រែន។ ការព្រមាននេះ ធ្វើឡើងក្រោយ ប៉ូឡូញ និងស្លូវ៉ាគីសន្យាបញ្ជូនយន្តហោះចម្បាំង MiG-29 ទៅក្រុងកៀវ៕
 

Tag:
 អង់គ្លេស
  ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com