អន្តរជាតិ
អូស្ត្រាលីប្រកាសលុបចោលកិច្ចប្រជុំ Quad វិញ ព្រោះគ្មាន​វត្តមានលោក បៃឌិន
17, May 2023 , 4:49 pm        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស នាថ្ងៃទី១៧ ខែឧសភា លើកឡើងថា កិច្ច​ប្រជុំ​កំពូលដៃគូ​សន្តិសុខ​ចតុ​ភាគី (Quad) ដែលបានគ្រោងទុកនៅទីក្រុងស៊ីដនី​នៅ​សប្តាហ៍ក្រោយ ត្រូវបាន​លុប​ចោលវិញដោយសារគ្មានប្រធានាធិបតីអាមេរិក ចូ បៃឌិន។ មេដឹកនាំប្រទេសទាំងបួនគ្រោង​ជួបគ្នា​នៅ​ជំនួបក្រៅកិច្ចប្រជុំក្រុមប្រទេសសេដ្ឋកិច្ច​រីកចម្រើន​ទាំង ៧​ (G7) វិញ។

 
ខណៈការចរចាលើបញ្ហាបំណុលនៅទីក្រុងវ៉ាស៊ីនតោននៅអូសបន្លាយ លោក ចូ បៃឌិន បាន ពន្យារ​ពេលដំណើរទៅកាន់អូស្ត្រាលី ដែលជាជើងទីពីរនៃដំណើរទស្សនកិច្ចអាស៊ីដែល​រួម​មាន​ដំណើរ​ទស្សន​កិច្ចទៅប៉ាពូអាស៊ីនូវែលហ្គីណេផងដែរ។ អវត្តមានរបស់លោក បៃឌិន ធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រជុំមេដឹកនាំប្រទេស Quad ។ 
 
ក្នុងសេចក្ដីថ្លែងការណ៍នាព្រឹកថ្ងៃទី១៧ ខែឧសភា នាយករដ្ឋមន្ត្រីអូស្ដ្រាលី អាន់តូនី អាល់បានីស  សង្ឃឹមថា កិច្ចប្រជុំកំពូល Quad អាចដំណើរការទៅមុខដូចដែលបានគ្រោងទុកនៅថ្ងៃទី២៤ ខែឧសភា ដោយអាមេរិកនឹងបញ្ជូនអ្នកតំណាងជាន់ខ្ពស់ទៅចូលរួម។ ប៉ុន្តែក្នុងសន្និសីទកាសែត​ក្នុងថ្ងៃដដែល លោក អាល់បានីស និយាយ ថា មេដឹកនាំអូស្ត្រាលី អាមេរិក ឥណ្ឌា និងជប៉ុន នឹង​ជួប​គ្នា​នៅឯកិច្ចប្រជុំ G7 នៅជប៉ុននៅចុងសប្តាហ៍នេះវិញ។
 
«កិច្ចប្រជុំមេដឹកនាំ Quad នឹងមិនដំណើរការនៅស៊ីដនីសប្តាហ៍ក្រោយទេ។ យើង​នឹង​មាន​ការពិភាក្សា​គ្នា​រវាង​មេ​ដឹក​នាំ Quad នៅ​ជប៉ុន»។ លោក អាល់បានីស បានបញ្ជាក់បែបនេះ។
 
ទន្ទឹមនេះ លោក អាល់បានីស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ថា លោក​ប្រាកដ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នឹង​ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី​នៅសប្តាហ៍​ក្រោយ​តាម​ការ​គ្រោងទុក​សម្រាប់​ជំនួប​ទ្វេភាគី។
 
គួរបញ្ជាក់ថា Quad គឺជាក្រុមប្រទេសក្រៅផ្លូវការដែលផ្ដោតលើគោលការណ៍ឥណ្ឌូ-ប៉ាស៊ីហ្វិកបើក​ចំហ​។ ទីក្រុងប៉េកាំងមើលឃើញថាជំនួបនេះជាការប៉ុនប៉ងដើម្បី​រុញច្រានប្រឆាំង​នឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​ក្នុងតំបន់។ ក្រៅពីនេះ ឥណ្ឌា និងអូស្ត្រាលី មិនមែនជាផ្នែកមួយនៃក្រុម G7 នោះទេ ប៉ុន្តែត្រូវ​បាន​អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៅជប៉ុនដែរ៕
 

Tag:
 អូស្ត្រាលី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com