អន្តរជាតិ
ប្រមុខបក្សឆ្ពោះទៅមុខ ជឿជាក់ថារដ្ឋាភិបាលចម្រុះ នឹងត្រូវបានបង្កើតឡើង
18, May 2023 , 10:29 am        
រូបភាព
លោក Pita Limjaroenrat ប្រមុខបក្សឆ្ពោះទៅមុខ ជាមួយសមាជិកបក្ស។ រូបភាព AFP
លោក Pita Limjaroenrat ប្រមុខបក្សឆ្ពោះទៅមុខ ជាមួយសមាជិកបក្ស។ រូបភាព AFP
លោក Pita Limjaroenrat ប្រមុខបក្សឆ្ពោះទៅមុខ (MFP) នៅថ្ងៃទី១៧ ខែឧសភា បានបង្ហាញភាពជឿជាក់ថា រដ្ឋាភិបាលចម្រុះ ដែលមានបក្សនយោបាយចូលរួមយ៉ាងហោចណាស់៦នឹងត្រូវបានបង្កើតឡើង។

 
បក្សឆ្ពោះទៅមុខ បានបើកកិច្ចពិភាក្សាមួយនៅថ្ងៃទី១៧ ខែឧសភា ជាមួយបក្សនយោបាយផ្សេងទៀតដូចជា បក្សPheu Thai, បក្ស Thai Sang Thai, បក្ស Fair,​ បក្ស Prachachart និងបក្ស Thai Liberal នៅក្នុងក្រុងបាងកក ដើម្បីជជែកពីការរៀបចំរដ្ឋាភិបាលចម្រុះមួយ។ 
 
លោក Pita Limjaroenrat ប្រមុខបក្សឆ្ពោះទៅមុខ បានបង្ហាញពីភាពជឿជាក់ថា រដ្ឋាភិបាលចម្រុះ និងមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា នឹងអាចត្រូវបានបង្កើតឡើង។ រដ្ឋាភិបាល ដែលមានសំឡេងភាគច្រើន នៅក្នុងសភា គឺងាយស្រួលក្នុងការអនុម័តច្បាប់ និងផែនការថវិកាជាតិផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World។ 
 
ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថៃថ្មី អ្នកនយោបាយរូបនេះ ត្រូវមានការគាំទ្រពីសមាជិកព្រឹទ្ធសភា និងរដ្ឋសភាយ៉ាងហោចណាស់ ៣៧៦រូប នៅក្នុងកិច្ចប្រជុំសភាទាំងពីររួមគ្នា។ ពេលនេះ អតីតនិស្សិតសកលវិទ្យាល័យ Harvard មានកៅអីនៅក្នុងរដ្ឋសភាយ៉ាងហោចណាស់ ៣០៩រួចជាស្រេចទៅហើយតាមរយៈសម្ព័ន្ធភាពចម្រុះ។ 
 
ក្នុងថ្ងៃដដែលនេះ អ្នកនាំពាក្យបក្សឆ្ពោះទៅមុខ បានអះអាងថា បក្សរបស់ខ្លួន កំពុងតែចរចាជាមួយសមាជិកព្រឹទ្ធសភាថៃ ក្នុងគោលបំណងឱ្យគាំទ្រលោក Pita ក្លាយជាប្រមុខរដ្ឋាភិបាលចម្រុះថ្មី។ 
 
គួររំឭកថា កន្លងមក សមាជិកព្រឹទ្ធសភាមួយចំនួន ដែលភាគច្រើនជាយោធា បានអះអាងថា ខ្លួននឹងមិនគាំទ្រលោក Pita ជានាយករដ្ឋមន្រ្តីឡើយ ដោយសារតែមិនគោរពស្ថាប័នព្រះមហាក្សត្រ ខណៈសមាជិកព្រឹទ្ធសភាផ្សេងទៀតថា នឹងគោរពតាមឆន្ទៈរបស់ប្រជាជន៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com