អន្តរជាតិ
អ្នកជំនាញ UN៖ រុស្ស៊ី និងចិនបានបញ្ជូនជំនួយយោធាឱ្យមីយ៉ាន់ម៉ា
18, May 2023 , 11:35 am        
រូបភាព
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) អះអាងថា ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ខែកុម្ភៈ ឆ្នាំ២០២១ យោធាមីយ៉ាន់ម៉ាបាននាំចូលសម្ភារៈយោធាយ៉ាងហោចណាស់១ពាន់លានដុល្លារក្នុងនោះក៏រួមមា​ន​ការ​ចូលរួមផ្គត់ផ្គង់ពីរុស្ស៊ី និងចិនសម្រាប់យុទ្ធនាការកម្ទេច​ក្រុម​ប្រឆាំង​។

 
ឧទ្ធម្ភាគចក្រ Mi-35 ផលិតដោយរុស្ស៊ី យន្តហោះចម្បាំង MiG-29 និងយន្តហោះធុនស្រាល Yak-130 ហើយយន្តហោះ K-8 របស់ចិន ត្រូវបានរបបយោធាមីយ៉ាន់ម៉ាប្រើញឹកញាប់បំផុត ដើម្បីវាយ​ប្រហារ​តាមអាកាសលើសាលារៀន ទីតាំងសុខាភិបាល ផ្ទះសម្បែង និងកន្លែង​ជនស៊ីវិលដទៃទៀត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់អ្នក​រាយការណ៍​ពិសេស​របស់​ UN ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា Tom Andrews។
 
យោងតាមរបាយការណ៍របស់លោក Andrews នៅក្នុងការវាយប្រហារលើភូមិនៅតំបន់ Sagaing កាលពីថ្ងៃទី១១ ខែមេសា គ្រាប់បែកពីរគ្រាប់ដែលបានទម្លាក់ពី Yak-130 បានសម្លាប់មនុស្សយ៉ាង​ហោចណាស់១៦០នាក់ ដែលក្នុងនោះមានកុមារជិត៤០នាក់។ យ៉ាងណាមិញ យោធា​មីយ៉ាន់ម៉ា​អះអាងថា ខ្លួនកំណត់គោលដៅលើក្រុមបះបោរប៉ុណ្ណោះ។
 
«ដំណឹងល្អគឺឥឡូវនេះយើងដឹងថាអ្នកណាជាអ្នកផ្គត់ផ្គង់អាវុធទាំងនេះ និងយុត្តាធិការដែលពួកគេធ្វើ​ប្រតិបត្តិការ»។ លោក Andrews បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយជាមួយនឹងការអំពាវនាវ​ឱ្យសមាជិក UN បញ្ឈប់លំហូរអាវុធ និងការហាមឃាត់ទាំងស្រុងលើការផ្ទេរអាវុធទៅ​ឱ្យ​យោធា​មីយ៉ាន់ម៉ា អនុវត្តការហាមឃាត់ដែលមានស្រាប់ និងការសម្របសម្រួលទណ្ឌកម្ម។
 
អ្នកជំនាញរបស់ UN រូបនេះ បានប្រើប្រាស់ទិន្នន័យពាណិជ្ជកម្មដើម្បីលម្អិតអំពីការផ្ទេរអាវុធ និង​ទំនិញផ្សេងទៀត រួមទាំងវត្ថុធាតុដើមសម្រាប់ផលិតអាវុធក្នុងស្រុករបស់មីយ៉ាន់ម៉ាទៅឱ្យយោធាចាប់​តាំងពីរដ្ឋប្រហារក្នុងតម្លៃ៤០៦លានដុល្លារពីរុស្ស៊ី និង២៦៧លានដុល្លារពីចិន។
 
ក្រៅពីចិន និងរុស្ស៊ី អង្គភាពគ្រប់គ្រងដោយរដ្ឋនៅឥណ្ឌា និងក្រុមហ៊ុននៅសិង្ហបុរី និងថៃក៏បានរកស៊ីជាមួយរបបយោធាដែរ
 
ឯកសារខាងលើបន្តថា ក្រុមហ៊ុន Rosoboronexport ដែលជាក្រុមហ៊ុននាំចេញអាវុធរដ្ឋរបស់រុស្ស៊ី បានប្រគល់យន្តហោះចម្បាំង SU-30 ហើយផ្គត់ផ្គង់យន្តហោះចម្បាំង MiG-29 ក៏ដូចជាប្រព័ន្ធបាញ់​រ៉ុក្កែត​ទៅ​មីយ៉ាន់ម៉ា។ ក្រុមហ៊ុនរុស្ស៊ីផ្សេងទៀត ក៏បានផ្តល់ឧបករណ៍ និង​គ្រឿងបន្លាស់ជា​ច្រើនមុខ​ដល់មីយ៉ាន់ម៉ា ហើយអាវុធទាំងនោះ ត្រូវបានប្រើដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែលអាចកើតមាននៅមីយ៉ាន់ម៉ា។
 
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក លោក Andrews បាននិយាយថា ចិន និងរុស្ស៊ីបានប្រតិកម្មនឹងរបាយការណ៍របស់លោកផងដែរ៕
 

Tag:
 ចិន
  រុស្ស៊ី
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com