អន្តរជាតិ
ប្រទេសតំបន់ប៉ាស៊ីហ្វិកបន្តកិច្ចប្រជុំរបស់ខ្លួន ទោះ​លោក បៃឌិន អវត្តមាន
18, May 2023 , 3:31 pm        
រូបភាព
នាយករដ្ឋមន្រ្តីហ្វីជី Sitiveni Rabuka។ រូបថត AFP
នាយករដ្ឋមន្រ្តីហ្វីជី Sitiveni Rabuka។ រូបថត AFP
មេដឹកនាំនៃកោះប៉ាស៊ីហ្វិកនឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងគណៈប្រតិភូ​ជាន់​ខ្ពស់​អាមេរិកនៅប៉ាពូអាស៊ីនូវែលហ្គីណេនៅថ្ងៃទី២២ ខែឧសភា ដោយគ្មានវត្តមានប្រធានាធិបតី ចូ បៃឌិន។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីហ្វីជីនាថ្ងៃទី១៨ ខែ ឧសភា។

 
លោក ចូ បៃឌិន មានគម្រោងជួបជាមួយមេដឹកនាំចំនួន១៨នៃប្លុករដ្ឋកោះប៉ាស៊ីហ្វិកក្នុងវេទិកា​ប្រជុំ​កោះប៉ាស៊ីហ្វិក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ​ជាមួយ​ប៉ាពូអាស៊ី​នូវែលហ្គីណេនៅថ្ងៃទី២២ ខែឧសភា។ ប៉ុន្តែលោកលុបចោលទស្សនកិច្ចនៅប៉ាពូអាស៊ីនូវែលហ្គីណេ ដោយសារកម្មវិធីក្នុងស្រុក។
 
នាយករដ្ឋមន្ត្រីហ្វីជី Sitiveni Rabuka បានបញ្ជាក់ថា កិច្ចចរចានឹងដំណើរការ​ទៅ​មុខដដែល ទោះលោក បៃឌិន អវត្តមានក្ដី។ ឯនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ James Marape ក៏នឹងប្រកាស ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងការពារជាតិជាមួយអាមេរិកតាមផែនការដដែល។
 
«កិច្ចប្រជុំនេះបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅរបស់អាមេរិក និងប៉ាស៊ីហ្វិក ក៏ដូចជាទំនាក់​ទំនងរវាងប្រជាជន និងប្រជាជន»។ ការិយាល័យរបស់លោក Rabuka បញ្ជាក់បែបនេះក្នុងសេចក្តី​ថ្លែងការណ៍មួយ ដោយបន្ថែមថា ការប្រែប្រួលអាកាសធាតុ ការការពារធនធានសមុទ្រ និងកំណើន​សេដ្ឋកិច្ច ជាអាទិភាពនៃជំនួបនេះ។
 
ចំពោះជំនួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា មេដឹកនាំប៉ាស៊ីហ្វិកនឹងរៀបចំកិច្ចពិភាក្សាលើកិច្ចសហ ប្រតិបត្តិការអន្តរជាតិផងដែរ។
 
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រកាសពីថ្ងៃទី១៦ ខែឧសភា ថា លោក បៃឌិន នឹងរៀបចំកិច្ចប្រជុំកំពូលមួយទៀតជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិកនៅឆ្នាំនេះ​៕
 

Tag:
 អាម៉េរិក
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com