បោះឆ្នោត
អន្តរជាតិ
លោក Pita គ្រោងបង្កើតរដ្ឋាភិបាលចម្រុះ៨បក្ស
18, May 2023 , 4:59 pm        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ នៅថ្ងៃទី១៨ ខែឧសភា បានប្រកាសថា លោកនឹងបង្កើតរដ្ឋាភិបាលចម្រុះប្រជាធិបតេយ្យមួយដែលមានបក្ស៨ចូលរួម។ សម្ព័ន្ធភាពចម្រុះ នឹងដាក់ចេញគោលនយោបាយរបស់ខ្លួននៅពេលខាងមុខ។

 
មិនមែនត្រឹម៦បក្សឡើយ រដ្ឋាភិបាលចម្រុះដែលនឹងដឹកនាំដោយលោក Pita Limjaroenrat មានបក្សចូលរួមដល់៨ឯណោះ។ មេដឹកនាំបក្ស៨ ជួបគ្នានៅថ្ងៃទី១៨ ខែឧសភាដើម្បីជជែកពីផែនការបង្កើតរដ្ឋាភិបាលថ្មី។ បក្សទាំង៨មានបក្សឆ្ពោះទៅមុខ, ភឿថៃ, Prachachat, Thai Liberal, Thai Sang Thai, Fair, Plung Sungkom Mai និងបក្ស Pue Thai Rumphlang ដែលមានកៅអីសរុប៣១៣ក្នុងចំណោមកៅអីសភា៥០០។
 
នាសន្និសីទក្រោយជំនួប លោក Pita ដែលគ្រោងធ្វើជានាយករដ្ឋមន្រ្តី និយាយថា រាល់ការបោះឆ្នោតរបស់ប្រជាជន ជាសំឡេងនៃក្ដីសង្ឃឹម និងសំឡេងនៃការផ្លាស់ប្ដូរ។ អ្នកនយោបាយវ័យ៤២ឆ្នាំរូបនេះ បន្តថា រដ្ឋាភិបាលថ្មីនឹងអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយស្មោះត្រង់ចំពោះប្រជាជន និងជារដ្ឋាភិបាលរបស់ប្រជាជនថៃទាំងអស់។
 
«រាល់បក្សទាំងអស់ យល់ព្រមគាំទ្រមេដឹកនាំបក្សឆ្ពោះទៅមុខ ជារូបខ្ញុំផ្ទាល់ ជានាយករដ្ឋមន្រ្តីទី៣០។» លោក Limjaroenrat បញ្ជាក់បែបនេះ។
 
បើតាមមេដឹកនាំរូបនេះ សម្ព័ន្ធភាពចម្រុះកំពុងធ្វើការលើអនុស្សារណមួយដើម្បីកំណត់គោលនយោបាយ និងទិសដៅរួម។ កិច្ចព្រមព្រៀងនេះ នឹងដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេស ហើយនឹងបញ្ចេញជាសាធារណៈនៅថ្ងៃទី២២ ខែឧសភា ដែលជាខួបរដ្ឋប្រហាររបស់លោក ប្រាយុទ្ធ ចន្ទអូចា។
 
យ៉ាងណាមិញ ដំណើរទៅកាន់តំណែងនាយករដ្ឋមន្រ្តីរបស់លោក Pita មិនងាយស្រួលឡើយ ព្រោះលោកត្រូវរកសំឡេងឱ្យបាន៣៧៦ក្នុងការបោះឆ្នោតរួមរបស់សមាជិករដ្ឋសភា និងព្រឹទ្ធសភាទាំង៧៥០នាក់៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com