អន្តរជាតិ
ក្រុម G7 បន្ថែមទណ្ឌកម្មលើរុស្ស៊ី
19, May 2023 , 9:52 am        
រូបភាព
អាម៉េរិក និងដៃគូរបស់ខ្លួនក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) បានបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីទៀតលើរុស្ស៊ី។ ទណ្ឌកម្មថ្មី សំដៅកាត់បន្ថយប្រភពហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ និងដាក់លើក្រុមហ៊ុនដែលពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។

 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងមេដឹកនាំប្រទេស G7 មានអង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង និងអ៊ីតាលី ត្រូវជួបប្រជុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ទឹកជប៉ុន សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ ដោយវិបត្តិអ៊ុយក្រែន និងចិនជាប្រធានបទសំខាន់។
 
ក្រុមប្រទេសទាំង៧ កំពុងសម្លឹងរកមធ្យោបាយថ្មីៗដើម្បីសង្កត់ករុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែនដែលឈានចូលខែទី១៥ហើយនោះ។ ពាណិជ្ជកម្មត្បូងរបស់រុស្ស៊ីដែលទំហំជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាគោលដៅបន្ទាប់របស់លោកខាងលិចដែលចង់បិទផ្លូវដង្ហើមរបស់សេដ្ឋកិច្ចរបស់រុស្ស៊ី។
 
បើតាមមន្រ្តីអាម៉េរិក ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រមាណ៧០របស់រុស្ស៊ី និងក្រុមហ៊ុនរនស់ប្រទេសផ្សេងទៀត។ ឯអង់គ្លេសវិញ ក៏ប្រកាសទណ្ឌកម្មផ្ទាល់ខ្លួនលើជំនួញត្បូងរបស់ទីក្រុងមូស្គូដែរ។ ក្រៅពីត្បូង អង់គ្លេសក៏ដាក់គោលដៅលើការនាំចូលអាលុយមីញ៉ូម ទង់ដែង និងនីកែល។ 
 
«ដូចដែលទណ្ឌកម្មថ្ងៃនេះបង្ហាញ ក្រុម G7 នៅតែរួបរួមគ្នាប្រឈមមុខការគំរាមរបស់រុស្ស៊ី និងគាំទ្រឥតងាករេលើអ៊ុយក្រែន។» នាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak បញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសទណ្ឌកម្មថ្មី។
 
ទាក់ទងទណ្ឌកម្មលើជំនួញត្បូងរបស់រុស្ស៊ី ដ្បិតប្រទេស G7 មិនទាន់សម្រេចបិទផ្លូវទាំងស្រុងក្ដី វិធានការចុងក្រោយនេះ នឹងត្រូវអនុវត្តនៅពេលបន្ទាប់ដដែល។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ដែលមានវត្តមាននៅទឹកដីជប៉ុនដែរនោះ បញ្ជាក់ថា សហភាពអឺរ៉ុបនឹងរឹតត្បិតពាណិជ្ជកម្មត្បូងពេជ្ររបស់រុស្ស៊ី។ 
 
រដ្ឋសមាជិក EU បែលហ្ស៊ិក ជាប្រទេសទិញត្បូងពេជ្រធំជាងគេពីរុស្ស៊ី ដូចគ្នានឹងឥណ្ឌា និងអារ៉ាប់រួមអេមីរ៉ាតដែរ។ អាម៉េរិកវិញជាប្រទេសធំជាងគេដែលទិញផលិតផលសម្រេចចុងក្រោយ៕ 
 

Tag:
 រុស្ស៊ី
  G7
© រក្សាសិទ្ធិដោយ thmeythmey.com