អន្តរជាតិ
ក្រុមប្រទេស QUAD ប្តេជ្ញាការពារសណ្តាប់ធ្នាប់ពិភពលោកពីការគំរាមកំហែង
21, May 2023 , 1:59 pm        
រូបភាព
មេដឹកនាំក្រុមប្រទេសដៃគូសន្តិសុខចតុភាគី (QUAD) នៅជប៉ុន ក្នុងថ្ងៃទី២០ ខែឧសភា។ រូបភាព Kyodo
មេដឹកនាំក្រុមប្រទេសដៃគូសន្តិសុខចតុភាគី (QUAD) នៅជប៉ុន ក្នុងថ្ងៃទី២០ ខែឧសភា។ រូបភាព Kyodo
មេដឹកនាំក្រុមប្រទេសដៃគូសន្តិសុខចតុភាគី (QUAD) នៅថ្ងៃទី២០ ខែឧសភា បានប្តេជ្ញាស្វះស្វែងរកតំបន់មួយ ដែលគ្មានការគំរាមកំហែង និងការសម្លុត។ ទន្ទឹមនេះ មេដឹកនាំប្រទេសទាំង ៤ បានប្តេជ្ញារក្សាសណ្តាប់ធ្នាប់អន្តរជាតិ ស្របពេលមានការគំរាមពីយោធាចិន និងមហិច្ឆតាសេដ្ឋកិច្ចរបស់ចិន។

 
មេដឹកនាំក្រុមប្រទេសដៃគូសន្តិសុខចតុភាគី ដែលមានអាម៉េរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា បានជួបជុំគ្នានៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅជប៉ុន ក្នុងថ្ងៃទី២០ ខែឧសភា ជុំវិញបញ្ហាជាច្រើន ជាពិសេសសកម្មភាពរបស់ចិននៅក្នុងតំបន់។ 
 
ក្នុងជំនួបដោយផ្ទាល់នេះ លោក គីស៊ីដា ហ្វូមីអូ  នាយករដ្ឋមន្រ្តីជប៉ុន បានព្រមានថា បរិយាកាសសន្តិសុខ មានស្ថានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង និងជំរុញឱ្យសហគមន៍អន្តរជាតិសហការគ្នា ហើយបញ្ចៀសការប្រឈមមុខដាក់គ្នា។ 
 
«សណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើនីតិរដ្ឋ ស្ថិតក្រោមការគំរាមកំហែងយ៉ាងខ្លាំង»។ លោក គីស៊ីដា បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២០ ខែឧសភា។ 
 
ស្របគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានថ្លែងថា បេសកកម្មមួយរបស់ក្រុមប្រទេស QUAD គឺបង្ហាញពីប្រជាធិបតេយ្យ, ថែរក្សាសន្តិភាព, វិបុលភាពក្នុងតំបន់ រួមទាំងគោរពអធិបតេយ្យ និងការដោះស្រាយជម្លោះដោយផ្អែកលើច្បាប់អន្តរជាតិ។ 
 
ក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ជាក់ឈ្មោះប្រទេសណាឱ្យបានច្បាស់លាស់ ក្រុមប្រទេស G7 បានប្តេជ្ញាការពារប្រទេស និងប្រជាជនទាំងអស់ អាចអនុវត្តសេរីភាពលើពាណិជ្ជកម្ម ការគោរពដោយស្មើភាព និងសមភាព។ ត្រង់ចំណុចនេះ ដៃគូសន្តិសុខចតុភាគី ទំនងសំដៅដល់ចិន។ ក្រៅពីបញ្ហាខាងលើ ដៃគូសន្តិសុខចតុភាគី ក៏បានជជែកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ៕ 
 

Tag:
 QUAD
  ចិន
  អាម៉េរិក
  អូស្រ្តាលី
  ជប៉ុន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com