ជាតិ
កសិករចំនួន ២១១ គ្រួសារ ចូលរួមក្នុងគម្រោង IBIS Rice ក្នុងឆ្នាំ២០២៣
21, May 2023 , 3:59 pm        
រូបភាព
រូបភាពពី៖ NatureLife Cambodia Organization
រូបភាពពី៖ NatureLife Cambodia Organization
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ(IBIS Rice) គឺជាគម្រោងដែលបង្កើតឡើងដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា(NCO)សហការជាមួយអង្គការសន្សំម្លប់ព្រៃ និងមរតកបៃតង ក្នុងឆ្នាំ២០២១។  គម្រោងនេះ បង្កើតឡើងក្នុងទិសដៅលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន ផ្សារភ្ជាប់ជាមួយការអភិរក្សធនធានធម្មជាតិ។


 
យោងតាម NCO ក្នុងឆ្នាំ២០២៣ កសិករចូលរួមក្នុងគម្រោងខាងលើមានចំនួនសរុប ២១១គ្រួសារនេះ មានការកើនឡើងបើធៀបនឹងឆ្នាំកន្លងទៅ។ ក្នុងឆ្នាំ២០២២ កសិករប្រមូលផលស្រូវសរុបបានចំនួន ៣៨៤ ៣០៤គីឡូក្រាម នឹងបានលក់ចេញទៅកាន់ទីផ្សារចំនួន ១៣១ ៦៤៧គីឡូក្រាម។
 
ជាមួយគ្នានេះ  កសិករស្រូវត្រយងក្នុងគម្រោងនេះកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា ការបណ្ដុះបណ្ដាល ការធ្វើកសិកម្មតាមបែបសរីរាង្គ ការផលិតស្រូវដោយមានចីរភាព ការពង្រឹងសុវត្ថិភាពអាហារ និងទទួលបានប្រាក់ចំណូលបន្ថែមពីប្រាក់ឧបត្ថម្ភបន្ថែមពីការលក់ស្រូវសរីរាង្គនេះ។
 
ដោយឆ្លើយតបជាមួយសមិទ្ធផលនេះ លោក ថន មីស៊ីម កសិករស្រូវត្រយង បានលើកឡើងថា៖ «ខ្ញុំពិតជាពេញចិត្តនឹងគម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ នេះណាស់ ព្រោះបន្ទាប់បានចូលរួមក្នុងកម្មវិធីនេះជីវភាពគ្រួសារខ្ញុំប្រសើរជាងមុន និងត្រៀមខ្លួនជាស្រេចក្នុងការផលិតស្រូវដើម្បីលក់ជូនក្រុមហ៊ុន នៅឆ្នាំក្រោយទៀត»។
 
គួរបញ្ជាក់ថា កសិករចុះឈ្មោះក្នុងគម្រោងនេះ មកពីភូមិចំនួន៤ដូចជា ភូមិស្រែពកធំ ភូមិស្រែជ្រៃ ភូមិថ្មី និងភូមិរវាក់។ លើសពីនេះ កសិករដែលចូលរួម ត្រូវគោរពតាមគោលការណ៍អភិរក្សមួយចំនួនដូចជា មិនត្រូវរុករានដីព្រៃ ឬពង្រីកដី មិនបរបាញ់សត្វ និងប្រើប្រាស់សារធាតុគីមីជាដើម៕
 

Tag:
 កសិកម្ម
  IBIS Rice
© រក្សាសិទ្ធិដោយ thmeythmey.com