ជាតិ
ក្រសួងអប់រំ ប្រជុំកំណត់យន្តការបន្ថែមលើការវាយតម្លៃឋានៈសាស្រ្តាចារ្យក្នុងវិស័យអប់រំ
21, May 2023 , 7:39 pm        
រូបភាព
រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ ទូច សូរិយា
 
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់យន្តការលម្អិតបន្ថែម ក្នុងការវាយតម្លៃឋានៈសាស្រ្តាចារ្យក្នុងវិស័យអប់រំ និងការអនុវត្ត Adjunct Professors តាមគ្រឹៈស្ថានបណ្តុះបណ្តាលគ្រូ។


 
លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ បានបញ្ជាក់ក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងនៅថ្ងៃទី១៨ ខែឧសភាថា កិច្ចប្រជុំនេះពិភាក្សាទៅ លើលក្ខណៈវិនិច្ឆ័យលម្អិតបន្ថែម ស្តីពីការជ្រើសរើស និងផ្តល់ឋានៈសាស្រ្តាចារ្យក្នុងវិស័យអប់រំ។ ទន្ទឹមនឹងនេះ វិធីវាយតម្លៃលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជាស្នាដៃបោះពុម្ពអត្ថបទស្រាវជ្រាវ សៀវភៅសិក្សាដែលបានបោះពុម្ព និងការទទួលស្គាល់ក្នុងជំនាញ មិនទាន់ចែងលម្អិតនៅក្នុងប្រកាសស្តីពីការជ្រើសរើស និងផ្តល់ឋានៈសាស្រ្តាចារ្យក្នុងវិស័យអប់រំ នាំឱ្យមានការលំបាកក្នុងការវាយតម្លៃសំណុំឯកសារ ដែលគ្រឹះស្ថានឧត្តមសិក្សាដាក់ស្នើសុំ។
 
បើតាម លោក យក់ ង៉ុយ ការអនុវត្ត Adjunct Professors នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ មានសារសំខាន់ដូចជា ការវាយតម្លៃ និងផ្តល់ឋានៈជាសាស្រ្តាចារ្យរង សាស្រ្តាចារ្យជំនួយ ឬសាស្រ្តាចារ្យដោយប្រើលក្ខណៈវិនិច្ឆ័យនៅក្នុងប្រកាសលេខ ១៤៨៧ របស់ក្រសួងអប់រំដែរ។
 
បើតាមក្រសួងអប់រំ ការរៀបចំគោលការណ៍ថ្មីនេះ សម្រាប់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ឬគ្រឹះស្ថានបណ្តុះបណ្តាលគ្រូដទៃទៀត និងរៀបចំឱ្យមានឧទ្ទេសនាម ចាត់តាំងមន្ត្រីជំនាញថា្នក់កណ្តាល ឬគ្រឹះឧត្តមសិក្សាសាធារណៈ៕

Tag:
 អប់រំ
  សាស្ត្រាចារ្យ
  ឧត្តមសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com