ជាតិ
ការដាក់តំបន់បឹងព្រែកល្ពៅជា«តំបន់រ៉ាមសារ»នឹងបង្កើនការយល់ដឹងពីសារសំខាន់នៃតំបន់ដីសើម
21, May 2023 , 10:19 pm        
រូបភាព
ដោយ៖ គិត បុប្ផា
 
ភ្នំពេញ៖ នាយកដ្ឋានអភិរក្សតំបន់ដីសើមនៃក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា រៀបចំសិក្ខាសាលាស្ដីពី «ការរៀបចំកំណត់តំបន់គ្រប់គ្រង និងដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ»។ លោក គឹម ណុង មានប្រសាសន៍ថា ការដាក់តំបន់បឹងព្រែកល្ពៅនេះ ជាតំបន់រ៉ាមសារ ក្នុងគោលបំណង បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់នៃតំបន់ដីសើម។



យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា សិក្ខាសាលានេះរៀបចំឡើងកាលពីថ្ងៃទី១៦ ខែឧសភា ដោយមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋានស្រុកបុរីជលសារ ស្រុកកោះអណ្ដែត មន្ទីរបរិស្ថានខេត្តតាកែវ និងអង្គការដៃគូប្រមាណ៤០នាក់។
 
ជាមួយគ្នានេះ បឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដែលសម្បូរទៅដោយធនធានជីវៈចម្រុះ ជាពិសេសប្រភេទសត្វស្លាបកម្រ និងពូជត្រីជាច្រើនប្រភេទផងដែរ។ ការបែងចែកតំបន់គ្រប់គ្រង និងដាក់តំបន់នេះជាតំបន់រ៉ាមសារ ក្នុងទិសដៅអភិរក្សជីវៈចម្រុះឲ្យកាន់តែមានប្រសិទ្ធភាព បង្កើនការយល់ដឹងពីសារៈសំខាន់នៃតំបន់ដីសើមនិងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ នេះបើតាមការបញ្ជាក់របស់ លោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ។
 
គួរជម្រាបថា សិក្ខាសាលានេះបានគាំទ្រដល់ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារថ្មីរបស់កម្ពុជា និងសំណូមពរឲ្យបញ្ចប់ការបែងចែកតំបន់គ្រប់គ្រងឲ្យបានលឿន៕
 

Tag:
 បឹងព្រែកល្ពៅ
  តំបន់រ៉ាមសារ
© រក្សាសិទ្ធិដោយ thmeythmey.com