ជាតិ
សមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល
21, May 2023 , 9:39 pm        
រូបភាព
រូបភាពពី៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ៕
រូបភាពពី៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ៕
ដោយ៖ ទូច សូរិយា
 
ភ្នំពេញ៖ សមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា  ទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល នៅទីស្តីការក្រសួងការងារ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងខណ្ឌទាំង១៤ ទទួលបន្ទុកការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសសមាជិក-សមាជិកាសមាគម ស.ស.ក ប្រមាណ៤០០នាក់។ លើសពីនេះ ដើម្បីលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។ នេះបើតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។


 
លោក លួស សីហា ប្រធានសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បានបញ្ជាក់ថា សមាគម (ស.ស.ក) ជាសមាគមក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញឯកជន មិនធ្វើនយោបាយ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងសាសនា បានបង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ការពារសិទ្ធិការងារ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋប្រកបរបរក្នុងផ្នែកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។
 
ទន្ទឹមនឹងនេះ ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមកពីខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ និងសមាជិកសមាគម(ស.ស.ក)ទាំងអស់ ត្រូវសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន លើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិត ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ 
ជាមួយគ្នានេះ ផ្តល់កិច្ចគាំទ្រដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។ លើសពីនេះ ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ ជួយសម្រួលដល់បរិយាកាសនៃការធ្វើអាជីវកម្ម និងលើកទឹកចិត្តចូលរួមសកម្មភាពសង្គម។ 
 
បន្ថែមពីនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ និងសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលគាំទ្រនិងបានខិតខំចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមអោយកាន់តែរីកចម្រើន៕ 
 

Tag:
 ក្រសួងការងារ
  បណ្ណមូលនិធិសមធម៌
© រក្សាសិទ្ធិដោយ thmeythmey.com