ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បានគ្រឿងញៀនប្រមាណ១៥០គីឡូក្រាម
22, May 2023 , 11:29 am        
រូបភាព
កម្លាំងសមត្ថកិច្ចពីមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត បានធ្វើប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ១ករណីទៀតនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដោយចាប់បានជនសង្ស័យជាស្រ្តី៣នាក់ ជាមួយគ្រឿងញៀនលើសពី១០០គីឡូក្រាម។



លោក អ៊ិន សុង នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់សារសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២២ ខែឧសភាថា គ្រឿងញៀនដែលរឹបអូសបាននោះ មានទម្ងន់ប្រហែល១៥០គីឡូក្រាម។ លោក បន្តថា កម្លាំងសមត្ថកិច្ច កំពុងរៀបចំថ្លឹង ដើម្បីដឹងពីទម្ងន់ជាក់លាក់ និងកំពុងពិនិត្យមើល ដើម្បីដឹងថា គ្រឿងញៀនទាំងនោះ ជាប្រភេទអ្វីខ្លះ។ 
 
លោកនាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន អះអាងថា កម្លាំងសមត្ថកិច្ច កំពុងតាមចាប់មេខ្លោងនិងអ្នកផ្សេងទៀត។ លោក បញ្ជាក់ដូច្នេះថា៖«[មេខ្លោង] ត្រូវតែមាន រចនាសម្ព័ន្ធ មិនអត់ទេ»។ 
 
យ៉ាងណា លោក អ៊ិន សុង ពុំទាន់អាចផ្តល់ព័ត៌មានថា ស្រ្តីទាំង៣នាក់ ដែលត្រូវចាប់បាននោះ គឺជាមេខ្លោង ជាអ្នកជួញដូរ ឬគ្រាន់តែជាអ្នកដែលត្រូវគេប្រើក្នុងការជួញដូរគ្រឿងញៀន។ លោក សំអាងហេតុផលថា ដំណាល់កាលនេះ ជាដំណាក់កាលបឋម ដូច្នេះលោក មិនទាន់អាចផ្តល់ព័ត៌មានលម្អិតឲ្យលើសពីនេះបានឡើយ៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com