អន្តរជាតិ
ក្រុងប៉េកាំង កោះហៅអគ្គរដ្ឋទូតជប៉ុនជុំវិញសេចក្ដីថ្លែងការណ៍រួម G7 ដែលរិះគន់ចិន
22, May 2023 , 12:29 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសចិន Sun Weidong ។ រូបថត AFP
អនុរដ្ឋមន្រ្តីការបរទេសចិន Sun Weidong ។ រូបថត AFP
អនុរដ្ឋមន្ត្រីការបរទេសចិន Sun Weidong នាល្ងាចថ្ងៃទី២១ ខែឧសភាបានកោះហៅអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងប៉េកាំងដើម្បីតវ៉ាការចោទប្រកាន់លើបញ្ហាផ្សេងៗក្នុងសេចក្ដីថ្លែងការណ៍របស់​ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) នៅចុងសប្តាហ៍មុនដែលជប៉ុនជាម្ចាស់ផ្ទះ។

 
សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំ G7 ដែលរៀបចំនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាបានលើកឡើងពីស្ថានភា​ព​នៅ​ច្រកសមុទ្រតៃវ៉ាន់ និង​ការ​ចោទប្រកាន់ទាក់ទងនឹងសមុទ្រចិនខាងកើត សមុទ្រ​ចិន​ខាង​ត្បូង បញ្ហាសិទ្ធិមនុស្សនៅហុងកុង តំបន់ស៊ីនជាំង តំបន់ទីបេ និងបញ្ហានុយក្លេអ៊ែររបស់ចិនថែមទៀត។ ចិន​ជំទាស់នឹង សេចក្ដីប្រកាសរបស់ G7 ជាខ្លាំង។
 
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនចេញផ្សាយនាល្ងាចថ្ងៃទី២១ ខែឧសភា លោក Sun Weidong បានកោះហៅអគ្គរដ្ឋទូតជប៉ុនប្រចាំចិនដើម្បីដាក់ការតវ៉ា។ លោក Sun ប្រាប់ប្រេសិតជប៉ុនថា​ ទីក្រុងតូក្យូបាន​សហការ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​កិច្ច​ប្រជុំ​កំពូល G7 ក្នុង​សកម្មភាព​​លាបពណ៌ និង​វាយប្រហារ​ចិន ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃដោយ​រំលោភគោលការណ៍មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ។ បន្ថែមពីនេះ សកម្មភាពជប៉ុនក៏បំពាន​ស្មារតី​នៃ​ឯកសារនយោបាយ​ទាំង​បួន​រវាងចិននិងជប៉ុនឆ្នាំ ១៩៧២ថែមទៀត។
 
បើតាមក្រសួងការបរទេសចិន លោក Sun បញ្ជាក់ថា បញ្ហានៅហុងកុង ស៊ីនជាំង និងទីបេ ជាកិច្ចការ ផ្ទៃក្នុងរបស់ចិនដែលមិនត្រូវមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅឡើយ។ លោក ក៏បានច្រានចោល​ការចោទប្រកាន់អំពីការបង្ខិតបង្ខំសេដ្ឋកិច្ច និងអន្ទាក់បំណុល។ អ្នកការទូតចិនក៏រិះគន់អាមេរិក​ជា​អ្នក​ផ្តួចផ្តើមគំនិតក្នុងការបំពានសណ្តាប់ធ្នាប់ ច្បាប់អន្តរជាតិ និងរំខានដល់ដំណើរការនៃសេដ្ឋកិច្ច​ពិភពលោក។ អនុរដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយទៀតថា សកម្មភាព​របស់​ជប៉ុន​ធ្វើ​ឱ្យខូ​ច​អធិប តេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ហើយចិនប្រឆាំងដាច់ខាត។
 
«ជប៉ុនគួរតែកែតម្រូវការយល់ដឹងរបស់ខ្លួនអំពីចិន ចាប់យកស្វ័យភាពជាយុទ្ធសាស្រ្ត ប្រកាន់ខ្ជាប់​គោលការណ៍នៃឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន ហើយជំរុញឱ្យមានការអភិវឌ្ឍប្រកប​ដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីជាមួយនឹងអាកប្បកិរិយាស្ថាបនា»។ លោក Sun ប្រាប់​ភាគី​ជប៉ុនបែបនេះ។
 
មុននេះ ស្ថានទូតចិនប្រចាំនៅអង់គ្លេសបានស្នើឱ្យទីក្រុងឡុងដ៍បញ្ឈប់ការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះចិន ដើម្បីជៀសវាងការខូចខាតបន្ថែមទៀតដល់ទំនាក់ទំនងចិន-អង់គ្លេស​ដែលមិ​ន​សូវល្អ​ស្រាប់​ទៅ​ហើយ​៕
 

Tag:
 ចិន
  ជប៉ុន
  G7
© រក្សាសិទ្ធិដោយ thmeythmey.com