អន្តរជាតិ
ចិន ចេញសេចក្តីណែនាំសម្រាប់ប្រព័ន្ធថែទាំមនុស្សចាស់ដើម្បីដោះស្រាយបញ្ហាប្រជាសាស្រ្ត
22, May 2023 , 7:29 pm        
រូបភាព
រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញការណែនាំដ​ល់ខេត្ត​ទាំងអស់ដើម្បី​កសាង​ប្រព័ន្ធថែទាំ​មនុស្ស​ចាស់​ជាមូលដ្ឋាននៅត្រឹមឆ្នាំ២០២៥ ដែលជាជំហានចុងក្រោយបង្អស់ដើម្បីទប់ស្កាត់វិបត្តិប្រជាសាស្រ្តក្នុងប្រទេស។--
 
ចិន កំពុងប្រឈមមុខការធ្លាក់ចុះប្រជាជនជាលើកដំបូងចាប់តាំងពីបដិវត្តន៍វប្បធម៌មក។ រដ្ឋាភិបាល​ចិន បានដាក់ចេញចំណាត់ការជាច្រើនដើម្បីដោះស្រាយវិបត្តិប្រជាសាស្រ្ត ពិសេសការកើនឡើងក្រុមប្រជាជនវ័យចំណាស់។ នៅឆ្នាំ២០២០ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦៥ឆ្នាំ​ឡើង​ទៅ​មាន​​១៣,៥​ភាគរយនៃចំនួនប្រជាជនសរុបធៀបនឹងតួលេខ៨,៨៧ភាគរយដែលចុះបញ្ជីក្នុងឆ្នាំ ២០១០។
 
«ការលើកកម្ពស់ការកសាងប្រព័ន្ធសេវាថែទាំមនុស្សចាស់ជាមូលដ្ឋាន ជាកិច្ចការសំខាន់សម្រាប់​ការ​អនុវត្តយុទ្ធសាស្រ្តជាតិនៃការឆ្លើយតបយ៉ាងសកម្មចំពោះភាពចាស់នៃចំនួនប្រជាជន និងការសម្រេច​បានសមភាពក្នុងសេវាសាធារណៈជាមូលដ្ឋាន»។ ទីភ្នាក់ងារព័ត៌មាន Xinhua ស្រង់របាយការណ៍រដ្ឋាភិបាលបញ្ជាក់បែបនេះ រួចបន្តថា ខេត្តទាំងអស់ ត្រូវអនុវត្តសេវាថែទាំមនុស្សចាស់ជាមូលដ្ឋានដោយ​ផ្អែក​លើកត្តាផ្សេងៗដូចជាកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងស្ថានភាពហិរញ្ញវត្ថុ។
 
សេវាកម្មទាំងនោះរួមមានជំនួយផ្នែកសម្ភារ ការថែទាំជម្ងឺ និងការមើលថែជាដើម។ អាជ្ញាធរខេត្ត​ទាំង​អស់ ក៏ត្រូវផ្តល់សេវាសួរសុខទុក្ខ និងមើលថែទាំមនុស្សចាស់ដែលរស់នៅតែម្នាក់ឯង និងសម្រាប់​គ្រួសារដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ។
 
បើតាមគណៈកម្មការសុខភាពជាតិរបស់ចិន ចំនួនមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំ​ឡើង​នឹង​កើន​ឡើងដល់៤០០លាននាក់នៅឆ្នាំ២០៣៥ ខណៈបច្ចុប្បន្នមាន២៨០លាននាក់។ ជាមួយការកើនឡើងនេះ  តម្រូវការសម្រាប់គ្រែនៅតាមមណ្ឌលថែទាំង កើនដល់ប្រហែល៤០លានពីចំនួន៨លានគ្រែនៅពេលសព្វថ្ងៃ។
 
ទីភ្នាក់ងារព័ត៌មាន Xinhua ក៏រាយការណ៍ដែរ កន្លែងថែទាំមនុស្សចាស់ដែលទើបនឹងសាងសង់ថ្មី នឹង​ត្រូវធ្វើឡើងស្របតាមស្តង់ដាររបស់រដ្ឋាភិបាល ដោយបរិក្ខារចាស់ៗនឹងត្រូវបានជួសជុលឡើងវិញដើម្បី​ផ្តល់បរិយាកាសសុវត្ថិភាព ងាយស្រួល និងផាសុកភាព៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com