អន្តរជាតិ
ទីក្រុងមូស្គូ៖​ ការរិះគន់របស់ G7 ទាក់ទងនឹងនុយក្លេអ៊ែរ មានបំណងដាក់សម្ពាធលើរុស្ស៊ីនិងចិន
23, May 2023 , 12:04 pm        
រូបភាព
ក្រសួងការបរទេសរុស្ស៊ី បានរិះគន់របស់ក្រុមសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) ជុំវិញការលើកឡើងពី​នុយក្លេអ៊ែររបស់ខ្លួន និងចិន។ ទីក្រុងមូស្គូចាត់ទុកសេចក្ដីថ្លែងការណ៍របស់ G7 ជា​បំណង​ដាក់​សម្ពាធ​យោធា និងនយោបាយលើខ្លួននិងទីក្រុងប៉េកាំង។

 
នៅក្នុងសេចក្តីថ្លែងការណ៍ដែលលើកឡើងពីការរំសាយអាវុធនុយក្លេអ៊ែរក្រោយកិច្ចប្រជុំកំពូលនៅជប៉ុន មេដឹកនាំប្រទេស G7 បានអំពាវនាវឱ្យរុស្ស៊ី និងចិនបង្ហាញតម្លាភាពកាន់តែច្រើន​ឡើង​អំពី​ឃ្លាំង​អាវុធ​នុយក្លេអ៊ែររបស់ពួកគេដូចដែលអាមេរិក អង់គ្លេស និងបារាំងបានធ្វើដែរ។ យ៉ាងណាមិញ រុស្ស៊ីចេញមុខប្រឆាំង។
 
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Ryabkov ដែលទទួលបន្ទុកកិច្ចការគ្រប់គ្រងអាវុធ​របស់​ក្រសួង​ការ​បរទេសរុស្ស៊ី បាននិយាយថា សេចក្តីថ្លែងការណ៍របស់ G7 ឆ្លុះបញ្ចាំងពីសំឡេងប្រឆាំងរុស្ស៊ី និងចិន។
 
«ពួកយើងទទួលបានអារម្មណ៍ថាការលើកឡើងរបស់លោកខាងលិចលើប្រធានបទជុំវិញទំហំឃ្លាំង​អាវុធនុយក្លេអ៊ែរ មានគោលដៅតែមួយគឺដើម្បីដាក់សម្ពាធផ្លូវចិត្ត នយោបាយ និងយោធាលើរុស្ស៊ី និង​ចិន»។ លោក Ryabkov បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយដែលចេញផ្សាយនៅលើ​គេហ​ទំព័រ​របស់ក្រសួង រួចបន្តថា នៅពីក្រោយការលើក ឡើងនេះច្បាស់ណាស់ថា មានបំណង​មិន​សម​ហេតុផល​ដើម្បីបង្ខូចឈ្មោះប្រទេសទាំងពីរ។
 
ទីក្រុងមូស្គូ ថែមទាំងហៅកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាថាជាកន្លែងបង្កើតការប្រឆាំងរុស្ស៊ី និង​ចិនថែមទៀត៕
 

Tag:
 ចិន
  រុស្ស៊ី
  G7
© រក្សាសិទ្ធិដោយ thmeythmey.com