អន្តរជាតិ
ចិនថា ខ្លួននៅតែស្វាគមន៍ក្រុមហ៊ុនអាម៉េរិកដើម្បីអភិវឌ្ឍក្នុងប្រទេស
23, May 2023 , 2:39 pm        
រូបភាព
រដ្ឋមន្ត្រីពាណិជ្ជកម្មចិន Wang Wentao នាថ្ងៃទី២២ ខែឧសភាបានលើកឡើងថា ចិន​នឹង​បន្ត​ជំរុញ​ការ​បើកចំហកម្រិតខ្ពស់ដោយផ្តោតសំខាន់លើការទាក់ទាញការវិនិយោគពីបរទេស និងការ​ពង្រីក​ស្ថាប័នបរទេសក្នុងប្រទេស។ ក្រុមហ៊ុនអាជីវកម្មរបស់អាម៉េរិក ក៏ស្ថិតក្នុងការស្វាគមន៍ដើម្បីរកស៊ីនៅទឹកដីចិនដែរ។

 
ជាអធិបតីក្នុងសន្និសីទមួយនៅទីក្រុងសៀងហៃ រដ្ឋមន្ត្រីពាណិជ្ជកម្មចិន Wang Wentao បានជួបជាមួយតំណាងមកពីសភាពាណិជ្ជកម្មអាម៉េរិក​នៅទីក្រុងសៀងហៃ និងបណ្ដាសហគ្រាសពាណិជ្ជកម្មដែលទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុដោយអាម៉េរិកមានក្រុមឧស្សាហកម្មឱសថ Johnson & Johnson ក្រុមហ៊ុនឧស្សាហកម្ម 3M, ក្រុមហ៊ុនសារធាតុគីមី Dow, ក្រុមហ៊ុនឱសថ Merck និង ក្រុមហ៊ុនបច្ចេកវិទ្យានិងសំណង់ Honeywell ។
 
លោក Wang និយាយថា នាពេលបច្ចុប្បន្ននេះ ប្រតិបត្តិការសេដ្ឋកិច្ចរបស់ចិនបានរក្សានិន្នាការវិជ្ជមាន ហើយសក្តានុពលទីផ្សាររបស់ខ្លួនបានកើនឡើងជាបន្តបន្ទាប់ដែលនោះជាឱកាស​សម្រាប់​អាជីវកម្មមកពីជុំវិញពិភពលោករួមទាំងសហគ្រាសអាម៉េរិក។
 
«ចិននឹងបន្តស្វាគមន៍សហគ្រាសដែលទទួលមូលនិធិពីអាម៉េរិកដើម្បីអភិវឌ្ឍនៅចិន និង​សម្រេចបាន​លទ្ធផលឈ្នះ-ឈ្នះ»។ លោក Wang បានសង្កត់ធ្ងន់បែបនេះ មុនបន្តទៀតថា ក្រសួងពាណិជ្ជកម្មចិន នឹងបន្តផ្តល់សេវាកម្មត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់សហគ្រាស និងគម្រោងគាំទ្រដោយបរទេស ការពារសិទ្ធិ និងផលប្រយោជន៍នៃការវិនិយោគបរទេស ក៏ដូចជាបង្កើតបរិយាកាស​ធុរកិច្ច​លំដាប់​ទីមួ​យ​ដែលស្របច្បាប់។ លើសពីនេះ ចិននឹងចែក​រំលែកភាគលាភនៃទីផ្សារដ៏ធំរបស់ខ្លួន និងបើក​ចំហ​ជាមួយ​សហគ្រាសមកពីជុំវិញពិភពលោក។
 
បើតាមលោក Wang ទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅរវាងចិន និងអាម៉េរិក កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរដែលមាននៅលើមូលដ្ឋាន​នៃ​ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក មិនត្រឹមជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់​ពិភពលោកទាំងមូលផងដែរ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com