ជាតិ
៥ខែសហគមន៍ពាមក្រសោបនាំចេញគ្រំជំពុះទា ២ពាន់តោនទៅទីផ្សារថៃ
23, May 2023 , 6:59 pm        
រូបភាព
រូបភាពពី៖ ក្រសួងព័ត៌មាន
រូបភាពពី៖ ក្រសួងព័ត៌មាន
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ គ្រំជំពុះទា គឺជាប្រភេទគ្រំម្យ៉ាងដែលមានរូបរាងពណ៌ស្រស់ស្អាត និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ហើយ​ភាគច្រើនមានវត្តមាននៅក្នុងសហគមន៍ពាមក្រសោប ខេត្តកោះកុង។ សព្វថ្ងៃនេះ គ្រំជំពុះទា​កំពុង​មាន​ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ក្រុមប្រជាសហគមន៍ ប្រកបរបរចិញ្ចឹម និង​លក់​គ្រំជំពុះទា​ បានបញ្ជាក់ថា គ្រំជំពុះទាបាននាំចេញទៅកាន់ទីផ្សារប្រទេសថៃ ប្រមាណ២ពាន់តោន ចាប់ពីខែមករា ដល់ខែ​ឧសភា។ នេះ​បើតាមទីភ្នាក់ងារសារព័ត៌មាន​ជាតិកម្ពុជា AKP។
 
លោក វង្ស តារា​ អ្នកគ្រប់គ្រងសហគមន៍សិប្បកម្មកែច្នៃគ្រំជំពុះទា នៅក្នុងភូមិ២ឃុំពាម ក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង លើក​ឡើងថា៖ «ពេលនេះទីផ្សារគ្រំជំពុះទា មានភាពល្អប្រសើរច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងមួយថ្ងៃលោក លក់បានចន្លោះពី២០០-៣០០គីឡូក្រាម (គ្រំមិនទាន់បក ឬកែច្នៃ) តាមរយៈការបញ្ជាទិញយកទៅលក់បន្ដពីអតិថិជន នៅភ្នំពេញ និងតាមផ្សារជាដើម»។
 
សព្វថ្ងៃក្រៅពីកែច្នៃលក់ក្នុងស្រុក គ្រំជំពុះទាក៏បានលក់ទៅកាន់ទីផ្សារនៅក្រៅប្រទេស ដូចជា ប្រទេសវៀតណាម និងថៃផងដែរ។ ចាប់ពីខែមករា ដល់ខែឧសភា សហគមន៍ បានលក់ទៅកាន់ទីផ្សារប្រទេសថៃ ប្រហែល២ពាន់តោន ដោយក្នុងមួយថ្ងៃ នាំចេញចន្លោះពី២០ ទៅ៥០តោន  ដោយមួយតោន មាន​តម្លៃ១លានរៀល។ អ្នកគ្រប់គ្រងសហគមន៍សិប្បកម្មកែច្នៃគ្រំជំពុះទា បន្តថា គ្រំដែលមិនទាន់កែច្នៃ ឬបករួចហើយ មាន​តម្លៃ៣ពាន់រៀល ក្នុងមួយគីឡូ ចំណែកកែច្នៃរួចហើយ១គីឡូ ៤ម៉ឺនរៀល។
 
ការចិញ្ចឹមគ្រំជំពុះទា ត្រូវចំណាយពេលពី៦ខែ ទៅ១ឆ្នាំ ទើបអាចប្រមូលផលបាន។ ការចិញ្ចឹមនេះ មិនប្រើចំណីនោះទេ ពោលចិញ្ចឹមបែបធម្មជាតិនៅក្នុងទឹកសមុទ្រតែម្តង។ លោក វង្ស តារា បញ្ជាក់ថា  ការចិញ្ចឹមគ្រំជំពុះទានេះ បានធ្វើឱ្យជីវភាពរីកចម្រើន និងរួមចំណែកអភិរក្សព្រៃកោងកាង។ លើសពីនេះ ពីមួយឆ្នាំទៅមួយឆ្នាំ គ្រំជំពុះទាមានការកើនឡើងដោយសារនៅក្នុងព្រៃតំបន់ សហគមន៍ពាមក្រសោប ត្រូវបានថែរក្សាការពារបាន១០០ភាគរយ គ្មានការកាប់បំផ្លាញ៕
 

Tag:
 គ្រំជំពុះទា
  ខេត្តកោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com