អន្តរជាតិ
អគ្គរដ្ឋទូតចិនថ្មីប្រចាំអាម៉េរិក​ ទទួលស្គាល់ពីបញ្ហាប្រឈមក្នុងទំនាក់ទំនងទ្វេភាគី
24, May 2023 , 3:38 pm        
រូបភាព
អគ្គរដ្ឋទូតចិនថ្មីប្រចាំទីក្រុងវ៉ាស៊ីនតោន សៀ ហ្វឹង (Xie Feng) ទៅដល់ទីក្រុងញូវយ៉កនៅថ្ងៃទី២៣ ខែឧសភា ដើម្បីបំពេញការងាររបស់ខ្លួន។ លោក សៀ ទទួលស្គាល់ពីបញ្ហាប្រឈមក្នុងទំនាក់ទំនងទ្វេភាគី តែក៏ប្ដេជ្ញាចិត្តពង្រឹងចំណងការទូតរវាងមហាអំណាចពិភពលោកទាំង២ដែរ។

 
លោក សៀ ហ្វឹង ត្រូវបានប្រធានាធិបតីចិន ស៊ី ជិនភីង តែងតាំងជាអគ្គរដ្ឋទូតចិនទី១២ ប្រចាំអាម៉េរិក ជំនួសលោក ឈីន កាង ដែលក្លាយជារដ្ឋមន្រ្តីការបរទេសកាលពីដើមឆ្នាំ។ 
 
ក្នុងសន្និសីទខ្លីមួយនៅអាកាសយានដ្ឋាន John F Kennedy នៅទីក្រុងញូវយ៉ក លោក សៀ និយាយថា លោកនឹងព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការចិន-អាម៉េរិក ដែលលោកអះអាងថា ជួបបញ្ហាប្រឈមធ្ងន់ធ្ងរ។ លោកប្រាប់អ្នករាយការណ៍ព័ត៌មានដែរថា លោកទៅកាន់អាម៉េរិកដើម្បីការពារផលប្រយោជន៍ចិន ដែលនោះជាការទទួលខុសត្រូវចម្បងរបស់លោក។
 
«ខ្ញុំក៏ជាបេសកជនប្រជាជនចិន ដូច្នេះខ្ញុំមកទីនេះដើម្បីបង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការចិន-អាម៉េរិក។» លោក សៀ បញ្ជាក់បែបនេះ។
 
ជាអតីតអនុរដ្ឋមន្រ្តីការបរទេស លោក សៀ វ័យ៥៩ឆ្នាំ ចូលធ្វើការនៅក្រសួងការបរទេសចិនតាំងពីឆ្នាំ១៩៨៦មក ហើយបន្តឡើងតំណែងជាបន្តបន្ទាប់ក្នុងកិច្ចការអាម៉េរិកខាងជើង។ លោកក៏ធ្លាប់ធ្វើនៅស្ថានទូតចិនប្រចាំអាម៉េរិក មុនក្លាយជាអគ្គរដ្ឋចិននៅឥណ្ឌូណេស៊ី។ លោក សៀ ក៏ធ្លាប់ចេញមុខរិះគន់អាម៉េរិកខ្លាំងលើសំណុំរឿងក្ដៅជាច្រើនផងដែរ។
 
ជាមួយការទៅដលរបស់អគ្គរដ្ឋចិនថ្មី ក្រសួងការបរទេសអាម៉េរិក ក៏បង្ហាញការស្វាគមន៍ដែរ។​ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Matthew Miller និយាយថា អាម៉េរិកទន្ទឹងធ្វើការជាមួយអគ្គរដ្ឋទូតចិន ហើយអាម៉េរិកនៅតែរក្សាច្រកទំនាក់ទំនងដើម្បីដោះស្រាយបញ្ហា៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com