ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីខាងប្រឆាំង លោក កែត ឃី មានឋានៈស្មើរដ្ឋលេខាធិការក្រោយចូលបក្សកាន់អំណាច
26, May 2023 , 2:39 pm        
រូបភាព
លោកមេធាវី កែត ឃី និយាយក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីលោកមិនទាន់ចេញពីគណបក្សនេះ។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោកមេធាវី កែត ឃី និយាយក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីលោកមិនទាន់ចេញពីគណបក្សនេះ។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក កើត ឃី មេធាវីល្បីឈ្មោះ និងតែងការពារក្តីឲ្យអ្នកប្រឆាំងអស់យូរឆ្នាំមកហើយនោះ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើរដ្ឋលេខាធិការ ក្រោយដើរចេញពីគណបក្សជំទាស់ ទៅចូលជ្រកក្រោមដំបូលគណបក្សកាន់អំណាច។ ព្រះរាជក្រឹត្យស្តីពីការតែងតាំងមេធាវីរូបនេះ បានចេញកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។



កាលពីថ្ងៃទី១៩ ខែឧសភា លោក កែត ឃី បានសរសេរលិខិតទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដើម្បីជម្រាបពីការសម្រេចចិត្តរបស់លោក ក្នុងការលាលែងពីតំណែងទាំងអស់ក្នុងគណបក្សភ្លើងទៀន។ កាលនៅក្នុងគណបក្សភ្លើងទៀន លោក កែត ឃី ជាសមាជិកអចិន្ត្រៃយ៍ ដែលជាស្ថាប័នកំពូលរបស់គណបក្ស ជាប្រធានក្រុមប្រឹក្សាវិន័យគណបក្ស និងជាអនុប្រធានក្រុមការងារគណបក្សប្រចាំខេត្តកំពង់ស្ពឺ។ 
 
ក្រោយមក១ថ្ងៃ គឺនៅថ្ងៃទី២០ ខែឧសភា លោកមេធាវីរូបនេះ ក៏បានសរសេរលិខិតជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងលិខិតដែលជូនទៅសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា លោក បានរិះគន់ថា ការដឹកនាំរបស់គណបក្សភ្លើងទៀន មានភាពរញេរញៃ គ្មានសណ្តាប់ធ្នាប់ អសមត្ថភាព និងមិនចុះសម្រុងគ្នា។ 
 
ជាមួយគ្នានេះ លោក កើត ឃី បានសរសើរប្រមុខគណបក្សប្រជាជនកម្ពុជាថា ខិតខំបង្រួបបង្រួមជាតិ នាំសុខសន្តិភាពជូនជាតិ និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើន៕ 
 

Tag:
 កែត ឃី
© រក្សាសិទ្ធិដោយ thmeythmey.com