កីឡាជាតិ
ជាតិ
កីឡាការិនី អាន ស៊ីណែត៖ ក្តីស្រឡាញ់ចំពោះទឹកដី ជ័យជម្នះលើទឹកដី ពិតជាមានអត្ថន័យធំធេងណាស់
03, Jun 2023 , 2:54 pm        
រូបភាព
ដោយ ជា យូគៀង និង អុឹង ចំរើន

គម្លាតពីគ្នារយៈពេល៣០៧ថ្ងៃ ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា បានឈ្នះក្រុមថៃម្តងទៀតនាការ ប្រជែងយកមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។ គ្មានអ្វីដែលរំភើបជាង ការនាំមេដាយ មាសផ្ទួនៗជូនជាតិនោះឡើយ ប៉ុន្តែកីឡាការិនី អាន ស៊ីណែត បានបង្ហាញអារម្មណ៍ពិសេសរបស់ខ្លួន ចំពោះជ័យជម្នះនៅក្នុងទឹកដី។

 
«ពិតជាមានអត្ថន័យធំធេងណាស់ ក្តីស្រឡាញ់របស់យើងចំពោះទឹកដី និងជោគជ័យនៅលើទឹកដីយើងទៀត យើងសប្បាយចិត្តខ្លាំងណាស់»។ កីឡាការិនីឆ្នើម អាន ស៊ីណែត បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ជាមួយនឹងអារម្មណ៍រំភើបរីករាយ។


 
កីឡាការិនីដែលពាក់លេខ២៣រូបនេះ គឺជាអ្នកដែលស៊ុតបាល់ចូលកន្ត្រកពីរគ្រាប់នាំជ័យជម្នះសម្រាប់ក្រុម ពោលគឺជាមេដាយដំបូងជូនម្ចាស់ផ្ទះកម្ពុជា ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
 
ការប្រកួតរបស់ក្រុមទាំងពីរ មានភាពតានតឹងយ៉ាងខ្លាំង ដោយចប់ការប្រកួតក្នុងរយៈពេល១០នាទី លទ្ធផលស្មើគ្នា ៩ ទល់នឹង៩។ ឈានដល់ការបន្ថែមម៉ោង៥នាទី (Sudden Death) កម្ពុជាទទួលបានបាល់ពិន័យ ហើយឳកាសមាសនេះ មិនបានរំលងនោះឡើយ ដោយកីឡាការិនី ស៊ីណែត ស៊ុតចូលកន្ត្រកបានសម្រេចទាំង២គ្រាប់ ដើម្បីនាំមេដាយមាស២លើកជាប់គ្នាជូនជាតិ។
 
 
ចាញ់ថៃ ៧-១០ នាការប្រកួតវិលជុំ ជាមេរៀនដ៏ល្អរបស់ក្រុមកីឡាការិនីកម្ពុជា ក្នុងការពង្រឹងស្មារតីក្រុម។ «យើងដឹងពីការលេងរបស់ដៃគូម្ខាងទៀត យើងប្រឹងជួយគ្នា ស្រែកប្រាប់គ្នា ដូច្នេះពួកគាត់ [ក្រុមថៃ] មិនអាចចូលស៊ុតបាននោះឡើយ»។ នេះជាការបញ្ជាក់របស់កីឡាការិនី ស៊ីណែត។
 

មេដាយមាសនេះ មិនមែនតែសម្រាប់កីឡាការិនី អាន ស៊ីណែត ផ្ទាល់, កីឡាការិនី ស៊ឹម ដា, កីឡាការិនី ឡាយ សាវរីយ៍, កីឡាការិនី ភឿង ភ័ស្ត និងកីឡាការិនី សាន រដ្ឋា នោះឡើយ ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំជាន់ ខ្ពស់ ប្រតិភូកីឡា ក្រុមគ្រូបង្វឹក ក្រុមគ្រួសារអត្តពលិក មិត្តភក្តិ និងអ្នកគាំទ្រទាំងអស់ ជាពិសេសជាតិកម្ពុជាទាំងមូល។ កីឡាការិនី ស៊ីណែត លើកឡើងយ៉ាងដូច្នេះ។
 

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្រុមកីឡាការិនីកម្ពុជា ក៏បានយកឈ្នះថៃ ៧-៥ ផងដែរនាជំនួបវគ្គផ្តាច់ព្រ័ត្រវិញ្ញាសា៣ទល់៣ ដោយកាលណោះ សមាសភាពកីឡាការិនីរួមមាន អាន ស៊ីណែត, ស៊ឹម ដា , ឡាយ សាវរីយ៍ , សាន រដ្ឋា និង ដួង ចាន់រក្សា។



សម្រាប់ជំនួបផ្តាច់ព្រ័ត្រដែលរំលងគ្នា១០ខែ និង៣ថ្ងៃ (ឬ៣០៧ថ្ងៃ) ក្រុមកីឡាការិនីកម្ពុជា ផ្លាស់ប្តូរដែលសមាសភាពមួយរូបប៉ុណ្ណោះ គឺ ភឿង ភ័ស្ត មានវត្តមានជំនួស ដួង ចាន់រក្សា រីឯសមាសភាពកីឡាការិនីថៃ Pawarati Jala, Pimjai Putthanoi, Natnapa Ponin រក្សាឈ្មោះក្នុងបញ្ជីដូចនៅ Solo ខណៈកីឡាការិនី Pornthip Kachunram និង Anurak Sirinikorn ត្រូវជំនួសដោយ Nopparat Tanbut និង Tananya Kaewmak៕
 

© រក្សាសិទ្ធិដោយ thmeythmey.com