ជាតិ
សង្គមជាតិ
អង្គការ ដែលមិនធ្វើរបាយការណ៍ហិរញ្ញវត្ថុឲ្យរដ្ឋាភិបាល ប្រឈមការរំលាយចោល
03, Jun 2023 , 6:20 pm        
រូបភាព
សម្តេច ហ៊ុន សែន ស្ថិតក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
សម្តេច ហ៊ុន សែន ស្ថិតក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
ចំពោះរដ្ឋាភិបាលកម្ពុជា ការដឹងពីប្រភពលុយកាក់ ដែលអង្គការសង្គមស៊ីវិល ឬសមាគមន៍ ទទួលបាន គឺជារឿងដ៏សំខាន់។ រដ្ឋាភិបាលកម្ពុជា បារម្ភខ្លាចថា មានបរទេស ផ្តល់ប្រាក់ដល់អង្គការខ្លះ ដើម្បីលួចធ្វើសកម្មភាពសម្ងាត់ណាមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់កម្ពុជា។

 
ដោយសារមូលហេតុខាងលើនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេធនាធិការនាំមុខ ត្រូវធ្វើវិសោធនកម្មច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល ដោយក្នុងខ្លឹមសារនោះ ត្រូវដាក់កំហិតឲ្យអង្គការសង្គមស៊ីវិលនៅកម្ពុជា ធ្វើរបាយការណ៍អំពីហិរញ្ញវត្ថុរបស់ខ្លួន ដាក់ជូនទៅក្រសួងមហាផ្ទៃ ឲ្យបានទៀងទាត់។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា បានពិភាក្សាជាមួយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋក្រសួងមហាផ្ទៃរួចហើយ ពីការកំណត់វិធានការនេះ ទៅក្នុងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល។
 
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចប្រមុខរដ្ឋាភិបាល ប្រកាសថា អង្គការសង្គមស៊ីវិលណា មិនព្រមធ្វើរបាយការណ៍បង្ហាញពីប្រភពហិរញ្ញវត្ថុដែលខ្លួនទទួលបាន ដាក់ជូនទៅក្រសួងមហាផ្ទៃ តាមការកំណត់ អង្គការសង្គមស៊ីវិលនោះ «នឹងត្រូវរំលាយចោល» តែម្តង។ សម្តេច បន្តថា អង្គការក្រៅរដ្ឋាភិបាល ឬបរទេសខ្លះ ចូលចិត្តនិយាយពីតម្លាភាពជាមួយរដ្ឋាភិបាលកម្ពុជា តែខ្លួនឯង បែរជាមិនបានអនុវត្តនូវតម្លាភាព (តាមរយៈការបង្ហាញប្រភពហិរញ្ញវត្ថុនេះ)។ 
 
មេដឹកនាំកម្ពុជា ថ្លែងដូច្នេះថា៖«អ្នកឯង លាក់លៀម យកលុយទៅជួយអ្នកនេះ យកលុយទៅជួយអ្នកនោះ។ យើង នឹងពិនិត្យឡើងវិញទាំងអស់នូវអង្គការណា ទទួលលុយពីអ្នកណា។ ត្រូវនិយាយគ្នាឲ្យច្បាស់ បើមិនអ៊ីចឹង អ្នកឯង បញ្ជូនលុយមកធ្វើភេរវកម្ម ធ្វើម៉េចខ្ញុំជឿ។ អ្នកឯង បញ្ជូនលុយមក ជូនកាលក្រោមហេតុផលណាមួយ [តែ] អ្នកឯង អាចជាបណ្តាញភេរវកម្ម ក៏អាចថាបាន ដើម្បីបំផ្លាញប្រទេសរបស់ខ្ញុំ។ ឥឡូវស្ថានភាពភូមិសាស្រ្តនយោបាយ កាន់តែតម្រូវឲ្យយើងកាន់តែប្រយ័ត្ន»។ 
  

សម្តេច ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្រ្តី លើកយកករណីណាហ្កាវើលដ៍មកធ្វើអំណះអំណាង។ សម្តេច អះអាងថា មានបរទេសផ្តល់ប្រាក់ដល់អតីតបុគ្គលិកណាហ្កាវើលដ៍ ទើបពួកគេ អាចមានលទ្ធភាពបន្តធ្វើបាតុកម្មរហូតដល់ទៅប្រមាណ២ឆ្នាំ។ សម្តេច ស្នើឲ្យបរទេសទាំងនោះ ដកខ្លួនចេញការផ្តល់ប្រាក់នេះ។
 
សម្តេច ថែមទាំងទម្លាយថា បានដឹងពីកន្លែងដែលបើកប្រាក់ឲ្យអតីតបុគ្គលិកណាហ្កាវើលដ៍ទាំងនោះទៀតផង ដោយគ្រាន់តែសម្តេច មិនទាន់បញ្ជាឲ្យចាប់ប៉ុណ្ណោះ។ សម្តេច ព្រមានថា សម្តេច ក៏អាចរំលាយអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធក្នុងរឿងនេះផងដែរ៕

Tag:
 (សម្តេចហ៊ុន សែន
  អង្គការសង្គមស៊ីវិល)
© រក្សាសិទ្ធិដោយ thmeythmey.com