ជាតិ
ខួប៧៤ឆ្នាំ ដែលបារាំងប្រគល់កម្ពុជាក្រោមឲ្យវៀតណាមគ្រប់គ្រង
04, Jun 2023 , 9:39 pm        
រូបភាព
មកដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាក្រោម ឬកូសាំងស៊ីន ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម អស់រយៈពេល៧៤ឆ្នាំហើយ។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំង ដែលកាលនោះ កំពុងដាក់អាណានិគមលើកម្ពុជា បានប្រគល់កម្ពុជាក្រោមទៅឲ្យវៀតណាមគ្រប់គ្រង។

 
អ្នកដែលបានចុះហត្ថលេខាលើឯកសារស្តីពីការប្រគល់អធិបតេយ្យភាពនៃទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាម គឺមេដឹកនាំ៣រូបនៃប្រទេសបារាំង គឺលោក វាំងសង់ អូរីយុល (Vincent Auriol) ជាប្រធានាធិបតេយ្យ លោក អង់រី គើយ (Henri Queuille) ជានាយករដ្ឋមន្រ្តី និង លោក ប៉ូល កូស ផ្លរ៉េ (Paul Coste-Floret) ជារដ្ឋមន្រ្តីទឹដីបារាំងឯនាយសមុទ្រ។ ការប្រគល់អធិបតេយ្យភាពនៃកម្ពុជាក្រោមទៅឲ្យវៀតណាមនេះ ក៏មានការអនុម័តយល់ព្រមពីសភាបារាំងដែរ។
 
ជាទូទៅ ប្រជាជនខ្មែរ តែងនិយាយថា ការសម្រេចរបស់បារាំងក្នុងការប្រគល់អធិបតេយ្យភាពនៃកម្ពុជាក្រោម ទៅឲ្យវៀតណាម គឺធ្វើឡើយដោយគ្មានការដឹងឮពីប្រជាជនខ្មែរក្រោម ដែលជាជនជាតិដើមលើទឹកដីកម្ពុជាក្រោមឡើយ។ 
 
ដូចរាល់ឆ្នាំ ឆ្នាំនេះ អង្គការសមាគមនានា ជាពិសេសអង្គការសមាគមដែលធ្វើការពាក់ព័ន្ធនឹងកម្ពុជា បានប្រារព្ធពិធីរម្លឹកខួប៧៤ឆ្នាំនេះ។ ពិធីនេះ ក៏ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមផងដែរ។ 
 
សូមបញ្ជាក់ថា កម្ពុជាក្រោម មាន២១ខេត្ត មានផ្ទៃដីសរុប៦៧៧០០គីឡូម៉ែត្រការ៉េ ហើយបច្ចុប្បន្ន មានប្រជាជនប្រមាណ៧លាននាក់៕
 

Tag:
 កម្ពុជាក្រោម
  ខួប៧៤ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com