ជាតិ
អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា តាំង​ពិព័រណ៍​រូប​ថត​ដើម្បីជំរុញឲ្យមាន​ការគាំទ្រ​អ្នកស្រឡាញ់ភេទដូចគ្នា
05, Jun 2023 , 8:39 am        
រូបភាព
ភ្នំពេញ​៖ ពិព័រណ៍រូប​ថត​៩​ផ្ទាំង ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធ​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចំនួន​៩​រូប​ នៅ​ក្នុង​ខេត្ត​បាត់​ដំបង ដែល​ព្យាយាម​បង្ហាញ​អត្តសញ្ញាណ​​របស់​ខ្លួនជា​សាធារណៈ​។ រូប​ថត​​ទាំង​នោះ​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បាត់​បង់ និង​ការ​ជម្នះ​​ឧបសគ្គ​​ក្នុង​ជីវិតរបស់​​ពួកគេ​ដែរ។



ក្នុងចំណោមរូប​ថត​ដែលដាក់​តាំង​ពិព័រណ៍​ទាំង​នោះ​​ រូប​ខ្លះ​បង្ហាញ​ពី​ការ​ទាញ​ហែក​ថង់​ប្លាស្ទិក ឱ្យ​រហែកចេញ​ពី​មុខ​​ដោយ​ដៃ​ខ្លួន​ឯង។ មនុស្ស​ខ្លះ​ដេក​ក្នុង​ទឹក ឃើញ​តែ​ប្រឡុង​មុខ​បន្តិច ផុស​ចេញ​ពី​ទឹក​ ហើយ​ខ្លះ​ទៀត​​មុខ​​ត្រូវ​បាន​ផាត់​ពណ៌​ជា​ច្រើន។ ទាំង​នោះ​បង្ហាញ​អំពី​សម្ពាធ​ផ្លូវ​ចិត្ត​ របស់​ក្រុម​​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដែល​តែង​តែ​រង​ប្រតិកម្ម​​ពី​គ្រួសារ សង្គម​ កន្លែង​ការ​ងារ និង​សាលារៀន​ជា​ដើម​។
 
ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​បាន​ត្អូញ​ត្អែរ​ថា សូម្បី​តែ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ ​ស្លៀក​សម្លៀក​បំពាក់​​ដែល​ខ្លួន​ស្រឡាញ់​ ក៏​ពួក​គេ​ត្រូវ​បាន​រឹត​ត្បិត​​ពី​មជ្ឈដ្ឋាន​ជុំ​វិញ​ដែរ​។ ការ​ទទួលបាន​​​ឱកាស​ការ​ងារ ​ការ​ទទួល​ស្គាល់​ពី​​សង្គម​ និង​សូម្បី​តែ​របៀប​របប​រស់​នៅ ក៏​ពួក​គេ​មិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ​ពី​សង្គម​ពេញ​លេញ​ដែរ​។
  
លោក ហួរ ពៅ ដែល​មាន​ពណ៌ផាត់លើដងខ្លួន

ក្នុង​កម្ម​វិធី​តាំង​ពិព័រណ៍​រូប​ថត ស្ដី​ពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​​ នៅ[​ផ្ទះ​មេត្តា] កាល​ពី​ពេ​ល​កន្លង​ទៅ មាន​​​ភ្ញៀវ​ជាតិ​និងអន្តរជាតិ ​ចូល​រួម​ប្រមាណ​​ជាង​៦០​នាក់​​។ រូប​ថតតាំង​ពិព័រណ៍​ភាគ​ច្រើន​ បាន​ផ្សារ​ភ្ជាប់​ជាមួយ​​ទឹក ពណ៌​ផាត់ ផ្កា និង​រុក្ខជាតិ​បៃតង​។ គ្រប់​​រូបភាព​​គេ​រំលេច​​រង្វង់​មុខ​បន្តិច​ ផុស​ចេញ​ពី​ទឹក​​។ ផ្កា​ សម្បក​ពោត និង​រុក្ខ​ជាតិ​បៃតងផ្សេង​ៗ ត្រូវ​បាន​រាយ​ពាស​ពេញ​ទឹក ព័ទ្ធ​ជុំ​វិញ​ផ្ទៃមុខ​តួ​​​។ 
 
ខណៈ​ពេល​​​សាល​ពិព័រណ៍ កំពុង​​​អ៊ូអរ​​​ដោយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​​ ជជែក​គ្នា​អំពី​អត្ថន័យ​​រូប​ថត ដែលពួក​គេ​បាន​ឃើញលោក​ ហួរ ពៅ ​ដែល​មាន​សក់​ស្លូតវែង​ស្ទើរ​ត្រឹម​ចង្កេះ ជា​តួសម្ដែងនិង​ដើរ​បង្ហាញ​ម៉ូត​​មួយ​រូប​​ក្នុង​កម្ម​វិធី​នេះ​ កំពុង​សំងំ​តុប​តែង​ខ្លួន ​នៅ​ក្នុង​បន្ទប់​ខាង​ក្រោយ​យ៉ាង​ស្ងប់​ស្ងាត់​។ ជា​សកម្មជន​តស៊ូមតិ សម្រាប់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្នុង​ខេត្ត​បាត់​ដំបងលោក ពៅ ត្រូវ​បាន​អ្នក​សម្អាង​​ផាត់​ពណ៌ចម្រុះ​ ​លើ​ដង​ខ្លួន ​និង​លើ​​អាវ​យឺត​សបែប​​ចោម​ពុង រហូត​ដល់​ត្រឹម​ក​​​​។ ​មន្ត្រី​រាជការ​នៃ​​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​បាត់​ដំបងរូប​នេះ ថា​ពណ៌​ដែល​ផាត់​លើ​ដង​ខ្លួន​អ្នក​នាងនោះ​ គឺ​ជា​ពណ៌​​​​​​ទង់ជ័យ​​៧​ពណ៌ តំណាង​ឱ្យ​​ក្ដី​ស្រឡាញ់​ របស់​​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។ 
  
លោក ឡឹក រ៉ាពេជ្រ

«ពណ៌​ដែល​ផាត់លើ​ខ្លួន​ខ្ញុំ​នេះ តំណាង​ឱ្យ​ក្ដី​ស្រឡាញ់ ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ពណ៌​​ច្រើន​មាន​ន័យ​ថា ក្ដី​ស្រឡាញ់​របស់​យើង​មាន​ច្រើន ហើយ​យើង​ស្រឡាញ់​មនុស្ស​គ្រប់​គ្នា​ យើង​មិន​ប្រកាន់​ថា​​គេ​នោះ​​ភេទ​អ្វី សាសន៍​អ្វី ឬពណ៌សម្បុរ​​អ្វី​ឡើយ​។ ខ្ញុំ​ចង់​បាន​ន័យ​ថា ក្ដី​ស្រឡាញ់​របស់​យើង មិន​មាន​ការ​រើស​អើង​​ទេ​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ ពៅ​។
 
បុរស​ដែល​មាន​សម្រស់​និង​រូប​រាង​ ស្ទើរ​តែ​ដូច​ស្រី​ទាំង​ស្រុង​ទៅ​ហើយ​នោះ​ ថា​បើ​ទោះ​បី​ជា​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ព្យាយាម​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​ពួក​គេ ទៅ​​គ្រប់​វិធី​យ៉ា​ង​ណា​ក្ដីប៉ុន្តែ​ពួក​គេ​នៅ​តែ​ពិបាក​​ទទួល​បាន​ក្ដី​ស្រឡាញ់​ និ​ង​ការ​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ត្រឡប់​មក​វិញ​​។ បុរស​ភេទ​ទី​៣​រូប​នេះ អះ​អាង​បន្ថែម​ថា សូម្បី​តែ​ការ​ស្វែង​រក​ការ​ងារ​ធ្វើ ក៏​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ពិបាក​ទទួល​បាន​ដែរ​។ 
 
ងាក​ចេញ​ពី​អ្នក​នាង​ពៅ យើង​ទៅ​ជួប​ជា​មួយ​អ្នក​សម្ដែង និង​បង្ហាញ​ម៉ូត​​មួយ​រូប​ទៀត ដែល​​កំពុង​ឈរ​ឱ្យ​អ្នក​សម្អាង​​ជា​បុរស​​ផាត់​ពណ៌​លើដង​​ខ្លួនឱ្យ នោះ​គឺ​​លោក ឡឹក រ៉ាពេជ្រ។ ត្រៀម​ខ្លួន​ដើម្បី​​ដើរចេញ​ទៅ​​បង្ហាញ​ម៉ូត​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​​ទស្សនា រ៉ាពេជ្រ ត្រូវ​បាន​អ្នក​សម្អាង​ យក​ក្រដាស​ពណ៌​សមួយ​ផ្ទាំង​ធំ មក​រុំ​ព័ទ្ធ​ជុំ​វិញ​ខ្លួន​ត្រឹម​ក​ ធ្វើដូច​ជា​អាវ​​ដូច្នោះ​ដែរ​។ ពេជ្រ ថា​ការ​តុប​តែង​កាយ​បែបនេះ គឺ​ប្រៀប​ទៅ​នឹង​ការ​បិទ​បាំង​​អត្តចរិត​ពិត​ ដូច​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក​។ ក្នុង​ដំណើរបង្ហាញ​ម៉ូត​ ​​ ដែល​ពោរពេញ​ដោយ​ភាព​ជឿជាក់​ បុរស​រាង​ខ្ពស់​ស្រឡះ​រូប​នេះ បាន​​​ទាញ​ក្រដាសស​ចេញ​ពី​ដង​​ខ្លួន ក្រោយ​ដើរ​បង្ហាញ​ម៉ូដ​បាន​ប៉ុន្មាន​ជុំ​។ ភ្ញៀ​វ​ទាំង​អស់​ក្នុង​សាល បាន​ទះដៃ​លើក​ទឹក​ចិត្ត​នាង​។
  
រូបថតអនុស្សាវរីយ៍ អ្នក​ចូលរួម

​«​ទឹកដែល​យើង​ថត​ភ្ជាប់​ជា​មួយ​រូប​សិល្បៈ​ យើង​​​ចង់​បង្ហាញ​ពី​ការ​លាង​សម្អាត​ ភាព​មិន​មែន​ជា​ខ្លួន​យើង​។ ក្រដាស​ប្រៀប​បាន​នឹង​សង្គម​មួយ​ ដែល​រើស​អើង​សូម្បី​តែ​ការ​ស្លៀក​ពាក់​ រូប​រាង និង​ពណ៌​សម្បុរ​។ ក្រដាស​ដែល​ដាក់​ត្រឹម​ករ​ បង្ហាញ​ថាពួក​យើង​​ថប់បារម្ភ និង​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ព្រោះ​តែ​សម្ពាធ​ពី​មនុស្ស​ខាង​ក្រៅ​»។ នេះ​ជា​ការពន្យល់​​របស់​ រ៉ាពេជ្រ​។
 
អ្នក​នាង ឈួន ធីតា ជា​សហស្ថាបនិករបស់​ទីសុវត្ថិភាព​បាត់​ដំបង បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ​គោល​បំណងនៃ​ការ​​រៀបចំពិព័រណ៍​ថ្ងៃ​នេះ​ គឺ​ចង់​បន្លឺ​សំឡេង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឱ្យ​មាន​ឱកាសជួប​មនុស្ស​គ្រប់​មជ្ឈដ្ឋាន បង្ហាញ​ពី​ទេព​កោសល្យ​ និង​សមត្ថភាព។ បញ្ឈប់​ការ​តូច​ចិត្ត​ បង្អាប់​ខ្លួន​ឯង បាក់​ទឹក​ចិត្ត និង​គិត​ថា​ខ្លួន​ឯង​ធ្វើ​មិន​បាន។​ ​ការ​តាំង​ពិព័រណ៍​មួយ​​នេះ បង្ហាញ​ថា​ពួកគេ​អាច​ធ្វើ​បាន​ គ្រាន់​តែ​ថាតើ​​សង្គម​មួយ ​ផ្ដល់​ឱកាស​ឱ្យពួក​គេ​​កម្រិត​ណា?​ នារីសម្បុរ​ស្រអែម​រូប​នេះ ថា​ការ​តាំង​ពិព័រណ៍​​នេះ ​គឺ​ជា​មធ្យោ​បាយ​បង្កើត​សន្តិភាព​ផ្លូវ​ចិត្ត​​។
 
សហស្ថាបនិក​ “ទីសុវត្ថិភាព​បាត់​ដំបង”រូប​នេះ​ ថា​ការ​តាំង​ពិព័រណ៍​រូប​ថត​ ស្ដី​ពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ គឺ​ជា​គម្រោង​មួយ​​បង្ហាញ​ពី​​​ផល​ប៉ះ​ពាល់​ ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ទទួល​រង​ពី​សង្គម​ និង​គ្រួសារ​។ ​​​អ្នកខេត្ត​​បាត់​ដំបង វ័យ​៣៥​ឆ្នាំ​រូប​នេះ​​ ថាខ្លួន​​ចង់​ឱ្យ​មាន​ទីកន្លែងសុវត្ថិភាព​មួយ សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អា​ច​បញ្ចេញ​អារម្មណ៍ និង​បង្ហាញ​​ការ​គិត​របស់​ខ្លួន​ ទៅ​កាន់​អ្នក​ណា​ដែល​ពួក​គេ​ទុក​ចិត្តបាន ទើប​បាន​ជា​អ្នក​នាង បង្កើត​”​ទីសុវត្ថិភាព​បាត់​ដំបង” ឡើង​​​។ 
  
លោក ហួរ ពៅ ដើរ​បង្ហាញម៉ូត ក្នុង​កម្មវិធីតាំង​ពិព័រណ៍

អ្នក​នាង​ ធីតា ពន្យល់​៖«យើង​ចង់​បង្ហាញ​អ្វី​ដែល​ជា​ខ្លួន​យើង។ នៅ​ភូមិ​ស្រុក​របស់​យើង នៅ​ជិត​ក្រុម​គ្រួសារ និង​អ្នក​ដែល​យើង​ស្រឡាញ់​ ដូច្នេះ​ហើយ​ទើបយើង​​នឹក​ឃើញ​បង្កើត​”ទីសុវត្ថិភា​ព​បាត់​ដំបង” ក្នុង​ខេត្ត​បាត់​ដំបងឡើង​ តាំង​ពី​ឆ្នាំ​២០១៩​។ អ្នក​ខ្លះ​មាន​ជំនាញ​ខាង​រចនាម៉ូត អ្នក​ខ្លះ​មាន​ជា​ថវិកា ហើយ​យើង​​កៀរគរ​សហគមន៍ ដើម្បី​ឱ្យ​បាន​ជួប​ជជែក​គ្នា ពី​រឿង​ក្នុង​ចិត្ត ដើម្បី​ឱ្យ​អាច​ជួយ​ដោះ​ស្រាយ លើក​ទឹក​ចិត្ត​គ្នាទៅ​វិញ​ទៅ​មក។ 
 
ម្ចាស់​ស្នាដៃ​ទាញ​ហែក​ថង់​ប្លាស្ទិក ឱ្យ​រហែកចេញ​ពី​មុខ​ដោយ​ដៃ​ខ្លួន​ឯង ធីតា ថា​រូប​របស់​អ្នក​នាង​ ចង់​បង្ហាញ​ពី​ ការ​​ជំនះ​សម្ពាធ​ផ្លូវ​អារម្មណ៍​។ តាម​រយៈរូប​របស់​ខ្លួន នាង​ក៏​​ចង់​បង្ហាញ​ថា បើ​ទោះ​បី​ជា​សង្គម​ និង​គ្រួសារ​ដាក់​សម្ពាធ​យ៉ាង​ណា ក៏​នាង​​នៅ​តែ​ឈរ នៅ​តែ​រឹង​មាំ ហើយ​ហែក​រនាំង​ទាំង​អស់​នោះ ដើម្បី​បញ្ជាក់​ថា នាង​មាន​សិទ្ធិ​រស់​នៅ​ជា​ខ្លួន​នាង​។ 
 
​«ខ្ញុំ​តែងសួរថា សិទ្ធិ​របស់​ខ្ញុំនៅ​ទី​ណា? សំឡេង​របស់​ខ្ញុំ​ម្ដេច​ក៏​គេ​មិន​​ឮ​សោះ​? អ្វី​ដែលខ្ញុំ​​ចង់​សំដៅ​​ គឺ​ក្រុម​មួយ​ដែល​តូច ​សង្គម​តែង​តែ​គិត​ថា គាត់​មិន​មែន​ជា​ផ្នែក​មួយ​របស់​សង្គម​ទេ​។ ខ្ញុំ​ធ្លាប់​និយាយទៅ​​កាន់​គ្រួសារ​ខ្ញុំ ប៉ុន្តែ​គ្រួសារ​ខ្ញុំ​គិត​ថា​មិន​សំខាន់​ទេ។ ប៉ុន្តែ​ពាក្យ​ដដែល​នេះ ចេញ​ពី​មាត់​មនុស្ស​​មាន​(ភេទ)​ ដែល​​​ក្រុម​គ្រួសារ​ខ្ញុំ​​ទទួល​យក បែរ​ជា​សម្ដី​នោះ​ត្រូវ​បាន​ឱ្យ​តម្លៃ ហើយ​គិត​ថា​នោះ​គឺ​ជា​គំនិត​ល្អ​»។ នេះ​ជា​ការ​ត្អូញត្អែរ​របស់​ នារី​ស្រឡាញ់​ភេទ​ដូច​គ្នា ធីតា​។
 
វិល​ទៅ​លោក ពៅ​ វិញ លោក​បាន​បង្ហាញ​ថា​ខ្លួន​ជាមនុស្ស​​ភេទ​ទី​៣ ​ទៅ​កាន់​គ្រួសារ តាំង​ពី​អាយុ​១៧​ឆ្នាំ។ ​ បុរស​សប្បុរ​ស​ ពៅ​ ថា​កាល​នោះ​គ្រួសារ​របស់​លោក​ ពិត​ជា​​ពិបាក​ទទួល​យក​ការ​ពិត​នេះណាស់​​។ ​​បុគ្គលិក​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បន្ថែម​ថា តាំងពី​ដើម​រៀងមក​ ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ទទួល​បាន​ការ​រើសអើង​ច្រើន​ពី​ក្នុង​គ្រួ​សារ​ សង្គម​ខាង​ក្រៅ និង​កន្លែង​ការ​ងារជា​ដើ​ម​។ 
  
បុរសរូប​នេះ កំពុង​គូរ​រូបបង្ហាញពី​អារម្មណ៍របស់​ខ្លួន​ នៅចំពោះមុខរូបថតរបស់លោក

«ពេលពួក​​យើង​ទៅ​ដាក់​ពាក្យ​ធ្វើ​ការ​ ត្រូវ​បាន​គេ​បដិសេធ ដោយ​សារ​តែ​គេ​​​មើល​តែ​សម្បក​ក្រៅ​។ ​បើ​ទោះ​បី​ជាការ​រើស​អើង ​បាន​កាត់​បន្ថយ​ខ្លះ​ក្ដី​​​ ប៉ុន្តែ​វា​នៅ​​តែ​មាន។ ខ្ញុំ​ចង់​ឱ្យ​មាន​ការ​លុប​បំបាត់ ​ការ​រើស​អើង​។ ​ខ្ញុំ​ក៏​ធ្លាប់មិន​ទទួល​បាន ​ការ​គាំទ្រ​ពី​គ្រួសារ​ដែរ​។ ខ្ញុំ​បាន​ប្រាប់​គ្រួសារ​ថា កុំ​បង្ខំ​ខ្ញុំ​អី នេះ​គឺ​ជា​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ នេះ​គឺ​ជា​ខ្លួន​របស់​ខ្ញុំ។ ខ្ញុំ​មិន​អាច​ធ្វើ​ខ្លួន​ជា​មនុស្ស​ប្រុស​បាន​ទេ​។ ខ្ញុំ​ក៏​ចង់​បាន​សិទ្ធិ រស់​​នៅ​ក្នុង​សង្គម​ដូច​គេ​ដែរ​»។ នេះ​ជា​ការ​ត្អូញ​ត្អែរ​របស់​អ្នក​នាង​ពៅ​។
 
រ៉ាពេជ្រ​ ដែល​មាន​អាយុ ២១​ឆ្នាំ បាន​ប្រាប់​ពី​អត្តចរិត​របស់​ខ្លួន​ ទៅ​គ្រួសារ​ពិសេស​ម្ដាយ​ឪ​ពុក​ កាល​ពី​គេ​​​អាយុ​ប្រហែល​​១៧​ឆ្នាំ​។ ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​៥​នាក់​ ពេជ្រ  ថា​ដើម​ឡើយ​គ្រួសារ​របស់​លោក​ មិន​សូវ​គាំ​ទ្រខ្លួន​​ឡើង ដ្បិត​អី​ពួ​ក​គេ​គិត​ថា ពេជ្រ​ នៅ​ក្មេង​គិត​មិន​បាន​វែង​ឆ្ងាយ​។ បន្ថែម​ពី​នោះ គ្រួសារ​របស់​បុរស​ភេទ​ទី​៣​រូប​នេះ ក៏​ព្រួយ​បារម្ភអំពី​ជីវភាពទៅ​ថ្ងៃ​មុខរបស់គេ​​ដែរ​។
 
និយាយ​បណ្ដើរ​ញញឹម​​បណ្ដើរ រ៉ាពេជ្រ​ ថា​ពេល​នេះ​គ្រួសារ​របស់​លោក បាន​​​គាំទ្រ​​លោក​ហើយ​។ គាំទ្រ​ដោយ​សា​​គ្រួសារ​ទុក​ចិត្ត​ ព្រោះ​ឃើញ​ ពេជ្រ មាន​ចំណេះ​និង​ជំនាញ​អាច​រក​ប្រាក់​ចិញ្ចឹម​ខ្លួន​បាន​ ក្នុង​នាម​ជា​មនុស្ស​​ភេទ​ទី​៣​។ បុរស​​មក​ពីខេត្ត​​បាត់​ដំបងរូប​នេះ បាន​ចូល​រៀន​ជំនាញ​​​របាំប្រពៃណី​ របាំ​សហសម័យ​ និង​របាំ​ប្រជា​ប្រិយ​ នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ ខេត្ត​បាត់​ដំបង កាល​ពី​​​ឆ្នាំ​២០១៧។ ​ពេល​នេះ​បុរស​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ ​អាច​យក​ជំនាញ​ទាំង​នោះ​ រក​ប្រាក់​ចិញ្ចឹម​ខ្លួន​បាន​​។ បើ​ទោះ​បី​ជា​​ឆ្លង​ផុត​ដំណាក់​កាលគ្រួសារ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​រើស​អើង​ក្នុង​​សង្គម​ទូទៅ​ ​នៅ​តែ​ជាឧបសគ្គ​សម្រាប់​គេ​ដដែល​។
  
អ្នក​ចូលរួមដើរទស្សនាគំនូរ
«តាំង​ពី​ដើមដល់​បច្ចុប្បន្ន​ នៅ​តែ​មាន​គេ​រើស​អើង ប៉ុន្តែ​ពេល​នេះ​វា​ក្លាយ​ជា​រឿង​ធម្មតា​វិញ។ ពេលខ្ញុំ​ស្លៀក​ពាក់​ដូច​ស្រី ផាត់​មុខ​ដូច​ស្រី គេ​ថា​ធ្វើ​បែប​នោះ​ធ្វើ​អី​ គេ​ហាម​មិន​ឱ្យ​ខ្ញុំ​​ធ្វើ​អ្វី​ដែល​ខ្ញុំ​​ពេញ​ចិត្ត​។ ចំពោះ​ខ្ញុំ​ពាក្យ​សម្ដី​ប៉ះ​ពាល់អារម្មណ៍​ខ្លាំង។ ខ្ញុំ​​មិន​ចង់​ឱ្យគេ​​ហៅខ្ញុំ​ថា​ជា​​ខ្ទើយ​ បង​ស្រី ឬ​អ្នក​នាងទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​ហៅ​ឈ្មោះខ្ញុំ​​ល្អ​ជាង​​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក ឡឹក រ៉ាពេជ្រ​។
 
អ្នក​នាង ធីតា ថា​ឆ្លង​កាត់​ពេល​វេលា​ដែល​នាង​ ​​រស់​នៅ​ក្នុង​ប្រអប់ មិន​មែន​ជា​​ខ្លួន​ឯង នាង​មាន​ភាព​តាន​តឹង មាន​សម្ពាធ​ផ្លូវ​ចិត្ត។ ប៉ុន្តែ​​នៅ​ពេលនាង​​ចាប់​ផ្ដើម​រស់​ជា​ខ្លួន​ឯង នាង​​អាច​រក​ឃើញ​មិត្ត​ភ័ក្ដិ​ពិត​ប្រាកដ​ ក្រុម​គ្រួសារ​ពិត​ប្រាកដ អ្នក​គាំ​ទ្រ​នាង​​ពិត​ប្រាកដ​ ហើយ​នាង​​រស់​នៅ​ដោយ​ភាព​ជឿជាក់ មាន​សុភមង្គល និង​ស្រាល​ខ្លួន។ 
 
ក្នុងទឹក​មុខ​ស្មើ​ហាក់​បង្កប់​ទុក្ខ​កង្វល់​ លោក ពៅ ដែល​មាន​​វ័យ​ជាង​៥០​ឆ្នាំ ចង់​ឱ្យ​រាជ​រដ្ឋាភិបាល​​ ផ្ដល់សិទ្ធិ​​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​ទទួល​បាន​ច្បាប់​រៀប​អាពាហ៍​ពិពាហ៍ ​ដូច​មនុស្ស​ទូទៅ ដ្បិត​អី​​ការ​ទាម​ទារ​នេះ​ ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​១៩៩២ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​ នៅ​មិន​ទាន់​ទទួល​បាន​​ចម្លើយ​។ 
 
«សុំ​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ពេញ​ច្បាប់​។ សុំសិទ្ធិ​​ប្ដូរ​អត្តសញ្ញាណ​បណ្ណ បញ្ជាក់​ពី​យេនដ័រ។ និង​សុំ​ច្បាប់​ស្មុំ​កូន»​។ នេះ​ជា​ការ​ស្នើរ​សុំ​របស់​អ្នក​នាង ហួរ​ ពៅ​។
 


អ្នក​នាង ធីតា បាន​បញ្ជាក់​ថា កន្លង​ទៅ​ក្រុម​របស់​អ្នក​នាង​ ​បាន​ធ្វើ​វេទិកា​សិល្បៈផ្សេង​ៗ​​ ដើម្បី​បន្លឺ​សំឡេង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដើម្បី​បញ្ឈប់​ការ​រើសអើង ពី​សង្គម​ ពី​កន្លែង​ធ្វើ​ការ សាលារៀន និង​ក្រុម​គ្រួសារ​។ មធ្យោបាយ​នោះ ត្រូវ​បាន​នារី​រាង​តូច​​សក់​ខ្លី​ត្រឹម​ករូប​នេះ​ អះអាង​ថាការ​គិត​របស់​សង្គម ​ទៅ​កាន់​អ្នក​ស្រឡាញ​ភេទ​ដូច​គ្នា ​មាន​ការ​កែ​ប្រែច្រើន​។​ អ្នក​នាង​ស្នើ​ឱ្យ​សង្គម​បន្ត​​​គាំ​ទ្រ​ ដើម្បី​បន្លឺ​សំឡេង​​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​​។ 
 
អ្នក​នាង​ក៏​បាន​សំណូមពរ ​ដល់​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា រស់​នៅជា​ខ្លួន​ឯង ហ៊ាន​បង្ហាញ​ថា​ខ្លួន​ឯង​ជា​នរណា។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ត្រូវ​តែ​បង្ខំ​ខ្លួន​ឯង​ឱ្យ​ទៅ​ប្រាប់​អ្នក​ដទៃ​ឡើង​។ ផ្ទុយ​ទៅ​វិញ​អ្នក​នាង​មាន​ន័យ​ថា ​នៅ​ពេល​ដែល​ពួក​គេ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ ជឿជាក់ និង​ស្រឡាញ់​ខ្លួន​​ឯង ហើយ​គិត​​ថា​ការ​បង្ហាញ​ភាព​ជា​ខ្លួន​ឯង​ជា​សាធារណៈ គឺ​ជា​សុភមង្គល​ ចាំ​ពួក​គេ​បង្ហាញ​៕ 
 

Tag:
 សិល្បៈ​
  ពិព័រណ៍​
  ក្រុម​អ្នក​ស្រឡាញ់​ភេទ​​ដូច​គ្នា​
  សិទ្ធិ​
  ពិព័រណ៍​រូប​ថត​
 
© រក្សាសិទ្ធិដោយ thmeythmey.com