ជាតិ
វឌ្ឍនាកា, សុកុម្ភៈ, វិចិត្រ ស្ថិតក្នុងបញ្ជីបឋម​៣០នាក់​របស់​លោក Felix Dalmas
05, Jun 2023 , 10:46 am        
រូបភាព
ចាន់ វឌ្ឍនាកា និងគួច សុកម្ភៈ នាពេល​ហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍កន្លងមក។ រូបថត Chhundy Sopheaktra កីឡាភ្នំពេញ
ចាន់ វឌ្ឍនាកា និងគួច សុកម្ភៈ នាពេល​ហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍កន្លងមក។ រូបថត Chhundy Sopheaktra កីឡាភ្នំពេញ
ដោយ: រួបរួម
គ្រូបង្វឹកអាហ្សង់ទីន​ លោក Felix Dalmas ជ្រើស​រើស​បាន​កីឡាករ​៣០នាក់​ក្នុងបញ្ជី​បឋម​របស់ខ្លួន សម្រាប់​ការ​ប្រកួតមិត្តភាពអន្តរជាតិជាមួយ​បង់ក្លាដែសនៅពហុកីឡដ្ឋានជាតិអូឡាំពិក​ នា​ថ្ងៃទី​១៥ ខែមិថុនា ខាងមុខ។

 
គួច សុកុម្ភៈ ចាន់ វឌ្ឍនាកា និង អ៊ុំ វិចិត្រ មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​សារជាថ្មី ក្រោយអវត្តមាន​ជាច្រើន​ប្រកួត​ក្រោម​ការដឹកនាំ​របស់​លោក Keisuke Honda ប៉ុន្តែ​កីឡាករឆ្នើមទាំងនេះ ក៏ធ្លាប់​បង្ហាញ​វត្តមាន​ផងដែរ កាលពេល​ដែល លោក Honda និង​លោក Felix ធ្វើការ​ជាមួយ​គ្នា។
 
បើ​ប្រៀបធៀបនឹងបញ្ជីឈ្មោះ​ចុងក្រោយពីការប្រកួតពានរង្វាន់ AFF ដែល​កម្ពុជាចាញ់ម្ចាស់ផ្ទះថៃ ៣-១ កាលពីថ្ងៃទី២ ខែមករា, សុះ ស៊ូហាណា, អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, សឿត បារាំង, ជួន ចាន់ចាវ, លឹម ពិសុទ្ធ, តាំង ប៊ុនឆៃ, សៀង ចន្ធា, ប៊ិន ចន្ថាជារី, សឿយ វិសាលា, សារ៉េត គ្រីយ៉ា, ថេឡរ នីកូឡាស់ ឌឿង, ឆេង ម៉េង, អ៊ិន សូដាវីដ, ទេស សម្បត្តិ, សារ ទី និង​ កែវ សុខសិលា រក្សាឈ្មោះ​របស់ខ្លួន​ដដែល។
 
កីឡាករ​ផ្សេងទៀតដែល​មាន​វត្តមានឡើង​វិញផងដែរនោះ រួមមាន ប្រាក់ ធីវ៉ា, សេត រ៉ស៊ីប, គីម សុខយុទ្ធ, អ៊ុក សុវណ្ណ, កែន ច័ន្ទសុភ័ក្រ្ត, ស៊ិន កក្កដា, ស រតនា, ឡេង ណូរ៉ា និងស៊ិន សុវណ្ណមករា ខណៈអ្នកចាំទី រ៉េត លីហេង ដែលបង្ហាញសមត្ថភាពដ៏លេចធ្លោ​ក្នុងស៊ីហ្គេម មាន​ឈ្មោះចូលឈុតធំជាលើកដំបូង។
 
គ្រូបង្វឹក Felix Dalmas ធ្លាប់​រួមការងារជាមួយ​លោក Keisuke Honda ក្នុងការដឹកនាំក្រុមជម្រើសជាតិ និងឈុតយុវជន ចន្លោះពីឆ្នាំ​២០១៨ ដល់ឆ្នាំ២០២០។ ក្រោយការចាកចេញ​របស់​របស់​លោក Honda ​គ្រូបង្វឹក​អាហ្សង់ទីនរូបនេះ ត្រូវបានសហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា តែងតាំងជាគ្រូបង្គោលសារជាថ្មី រហូត​ដល់​ឆ្នាំ២០២៦។
 
ក្នុងតួនាទីជាគ្រូបង្វឹក ហើយ លោក Hona ជាអ្នក​ចាត់ការទូទៅ លោក Felix Dalmas ធ្លាប់បានដឹកនាំក្រុមបាល់ទាត់កម្ពុជា ១៣ប្រកួត។​ លោកបានជួយក្រុមកម្ពុជា ឈ្នះ៣ ស្មើ២ និងចាញ់៨។ គ្រូបង្វឹក​វ័យ៣៥ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងកីឡា នៅវិទ្យាស្ថាន Johan Cruyff កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ៕
 
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com