ជាតិ
សង្គមជាតិ
ការចូលរួមរបស់អ្នក ជាការជួយជីវិតកុមារកម្ពុជារាប់ពាន់នាក់
05, Jun 2023 , 4:12 pm        
រូបភាព
ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រៀបចំនៅថ្ងៃទី០៤មិថុនា ក្នុងវត្តរាជបូណ៌។
ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រៀបចំនៅថ្ងៃទី០៤មិថុនា ក្នុងវត្តរាជបូណ៌។
សៀមរាប៖ ព្រះសង្ឃ ពុទ្ធបរិស័ទ បណ្ដាស្ថាប័ន ក្រុមហ៊ុននានា និងបុគ្គលិកមន្ទីរពេទ្យ នាំគ្នារៀបចំពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តរាជបូណ៌ ខេត្តសៀមរាប នៅថ្ងៃទី៥ មិថុនានេះ។ ការជួបជុំធ្វើបុណ្យ តាមបែបពិធីសាសនាមួយនេះ​ ដើម្បីរៃអង្គាសថវិកា យកទៅឧបត្ដមដល់មន្ទីរកុមារអង្គរ ក្នុងខេត្តសៀមរាប។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖ 
 
ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៣នាក់មក មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រួមនឹងអាជ្ញាធរ ព្រះសង្ឈ ពលរដ្ឋ តែងនាំគ្នាពិធីបុណ្យផ្កាប្រាក់ ដើម្បីរកប្រាក់ឧបត្ថម ប្រតិបត្តិការក្នុងមន្ទីរពេទ្យ​ ដើម្បីជួយជីវិតកុមាររាប់ពាន់នាក់។ ឆ្នាំនេះជាឆ្នាំទី១០ ដែលមន្ទីរពេទ្យនេះរៀបចំពិធីបុណ្យផ្កាប្រាក់នេះ។ 
 
លោកស្រី ស៊ិនកេត អារុណ ប្រធានផ្នែករៃអង្គាសមូលនិធី នៃមន្ទីរពេទ្យកុមារអង្គរ និយាយថាឆ្នាំទី១០ នៃពិធីបុណ្យនេះ គឺមានភាពអធិកអធម ជាឆ្នាំមុនៗ ដោយថាពិធីបុណ្យលើកនេះ ហែរចេញពីមន្ទីរពេទ្យកុមារអង្គរ តម្រង់មកកាន់ផ្សារចាស់ រួចបន្តឆ្លងស្ពានវត្តដំណាក់ និងចុងក្រោយចូលក្នុងវត្តរាជបូណ៌។ 
 
លើសពីការជួបជុំធ្វើបុណ្យ ពិធីសាសនានេះ បានជួយដល់កុមារកម្ពុជារាប់ពាន់អ្នក តាមរយៈការព្យាបាលរបស់ពេទ្យក្នុងមន្ទីរពេទ្យកុមារអង្គរ។ ចំណែកថវិកាទ្រទ្រង់មួយចំណែក គឺបានមកពីបច្ច័យរបស់ពុទ្ធបរិស័ទ ដែលចូលរួមបុណ្យនេះ។ 
 
ក្នុងពិធីបុណ្យផ្កា យ៉ាងមមាញឹក លោកស្រី អារុណ ឆ្លៀតពេលមកផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថ្មីៗ ដោយនិយាយថា៖ «ទោះបីជាថវិកាតិចតួច កុំភ្លេចថាវាជួយដល់ជីវិតកុមារកម្ពុជាយើង»។ អ្នកស្រីបន្ថែមទៀតថា គ្រប់កាក់សែនទាំងអស់ដែលទទួលបានពីសប្បុរសជន បានជួយដល់គាំពារដល់សុខភាពកុមារគ្រប់ទិសទី និងការទទួលសេវាពីមន្ទីរពេទ្យកុមារអង្គរ ដោយឥតបង់ថ្លៃ។ 
 
ជុំវិញការចំណាយរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងមួយឆ្នាំៗ គឺ៧៥ភាគរយ បានពីសប្បុរសជននៅក្រៅប្រទេស។ ចំណែកថវិកា ២៥ភាគរយទៀត បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជាយើង ក្នុងនោះក៏មានថវិកាបានមកពី ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
 
ចាប់តាំងពីឆ្នាំទី១ ដល់ឆ្នាំទី៩ ពិធីបុណ្យនេះ បានប្រមូលថវិកាបានចំនួនជិត ៩០ម៉ឺនដុល្លារអាម៉េរិក ស្របពេលដែលប្រតិបត្តិការក្នុងមន្ទីរពេទ្យនេះ ចំណាយប្រមាណរង្វង់៥ ទៅ៦លានដុល្លារក្នុងមួយឆ្នាំៗ។ 
 
លោកអ្នកនាងក៏អាចចូលរួមបរិច្ចាកថវិកាបានផងដែរ តាមរយៈតាម ធនាគារ វីង ខេមបូឌាឬភ្នាក់ងារ វីង ដែលមានលេខកូត 9122 (ប្រាក់រៀល) និង 8122 (ប្រាក់ដុល្លារ), ធនាគារ អេប៊ីអេ (ABA)000 320 555, ធនាគារ អេស៊ីលីដា (ACLEDA)0100 0105 6968 28, ធនាគារ ហត្ថា (HATTHA) 168 000 384 857 និង ធនាគារ ស្ថាបនា (Sathapana)07808082834100102។ 
 
គួរជម្រាបដែរថា មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុន តាំងពីឆ្នាំ១៩៩៩។ បច្ចុប្បន្នមន្ទីរពេទ្យនេះ បានផ្តល់សេវាពិនិត្យព្យាបាលកុមារបានជិត បីលានករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស និស្សិតវេជ្ជសាស្ត្រមកពីទូទាំងកម្ពុជា រាប់រយនាក់ក្នុងមួយឆ្នាំៗ៕
 

Tag:
 ThmeyThmey
  មន្ទីរពេទ្យកុមារអង្គរ
  សៀមរាប
  បុណ្យផ្កា
© រក្សាសិទ្ធិដោយ thmeythmey.com