ជាតិ
បោះឆ្នោត
នៅមុខទូតបារំាងនិងអាល្លឺម៉ង់ សម្តេច ស ខេង បង្ហាញសុទិដ្ឋិនិយមចំពោះបរិយាកាសបោះឆ្នោតខាងមុខ
05, Jun 2023 , 4:49 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ថតជាមួយគ្នា។
ពីឆ្វេងដៃទៅ៖ លោក Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ថតជាមួយគ្នា។
ឯកអគ្គរដ្ឋទូតនៃប្រទេសស៊ីវិល័យ២ គឺឯកអគ្គរដ្ឋទូតបារាំង​ និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានចូលជួបសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ម្តងទាំង២នាក់ នៅវិមានសន្តិភាព នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។ ក្នុងចំណោមប្រធានបទនានា ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ជាប្រធានបទសំខាន់១ ដែលស្ថិតលើតុពិភាក្សានេះ។

 
សម្តេច ស ខេង ដែលជាប្រធានគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត បានលើកយកពិសោធរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតកន្លងមក ចែករំលែកដល់ឯកអគ្គរដ្ឋទូតទាំង២។ សម្តេច លើកឡើងថា ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ ក្នុងការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ។ 
 
«សម្តេច បានបង្ហាញសុទិដ្ឋិនិយមចំពោះបរិយាកាសសន្តិសុខបម្រើដល់ការបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតបន្តបន្ទាប់នាពេលអនាគតផងដែរ»។ នេះជាសំណេរលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីមហាផ្ទៃ។ 
 
ក្នុងសំណេរលើទំព័រហ្វេសប៊ុករបស់សម្តេចរដ្ឋមន្រ្តី ពុំឃើញមានសម្តីរបស់ឯកអគ្គរដ្ឋទូតទាំង២ ជុំវិញការបោះឆ្នោតនៅកម្ពុជាឡើយ។ ប៉ុន្តែសំណេរនេះ រំលេចពីការជួយរបស់បារាំង និងអាល្លឺម៉ងដល់កម្ពុជា។ លោក ហ្សាក់ ប៉េឡេ (Jacques PETTET) ឯកឧត្ដមអគ្គរដ្ឋទូតបារាំង លើកឡើងថា បារាំង និងអាល្លឺម៉ង់ បានគាំទ្រកម្ពុជាលើវិស័យនានា អស់រយៈពេលជាង៣០ឆ្នាំមកហើយ។ 
 
ក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្ស១៧ ដែលនឹងចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកាន់អំណាច តាំងពីដើមមក។ គណបក្សភ្លើងទៀន ដែលត្រូវគេ មើលឃើញជាគណបក្សជំទាស់ធំជាងគេ និងអាចជាគូប្រជែងរបស់គណបក្សប្រជាជនកម្ពុជា ពុំត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ដោយសារគ្មានឯកសារ១សន្លឹក គឺប្រកាសដើម ស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។ គណបក្សភ្លើងទៀន បានបាត់ប្រកាសដើមនេះ នៅឆ្នាំ២០១៧៕  
 
ពីឆ្វេងដៃទៅ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងលោក Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង ស្ថិតក្នុងកិច្ចពិភាក្សាជាមួយសម្តេច ស ខេង។ 

Tag:
 ស ខេង
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com