ជាតិ
បោះឆ្នោត
ទូតបារាំង-អាល្លឺម៉ង់ ជជែកជាមួយរដ្ឋមន្រ្តីមហាផ្ទៃ ពីមូលហេតុដែលភ្លើងទៀនមិនបានចូលប្រកួត
06, Jun 2023 , 12:28 pm        
រូបភាព
ពិធីជួបជុំមួយរបស់គណបក្សភ្លើងទៀន នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ (រូបពីគណបក្សភ្លើងទៀន)
ពិធីជួបជុំមួយរបស់គណបក្សភ្លើងទៀន នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ (រូបពីគណបក្សភ្លើងទៀន)
លោកឯកអគ្គរដ្ឋទូតបារាំង និងលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានពិភាក្សាជាមួយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា លើប្រធានបទផ្សេងៗ ដោយក្នុងនោះ ក៏មានពាក់ព័ននឹងគណបក្សភ្លើងទៀន ដែលត្រូវគេមើលឃើញជាគណបក្សជំទាស់លេចធ្លោជាងគេផងដែរ។



«កិច្ចពិភាក្សាខាងលើ បានផ្តោតលើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តក្នុងពេលខាងមុខ ជាពិសេសមូលហេតុដែលនាំឲ្យគណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត»។ នេះជាសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។
 
កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោកឯកអគ្គរដ្ឋទូតបារាំង និងលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានចូលទៅជួបសម្តេច ស ខេង ម្តងទាំង២នាក់ នៅវិមានសន្តិភាព។ ផ្អែកតាមសំណេរលើទំព័រហ្វេសប៊ុករបស់ស្ថានទូតបារាំងដដែល លោកឯកអគ្គរដ្ឋទូតនៃប្រទេសស៊ីវិល័យទាំង២នេះ លើកឡើងដូចគ្នាថា ការបោះឆ្នោត គឺជាពេលវេលាដ៏សំខាន់ក្នុង «ជីវិតប្រជាធិបតេយ្យ» នៅកម្ពុជា ហើយថែមទាំងបានរម្លឹកពីការប្រកាន់យកនូវការបោះឆ្នោតដោយសេរី តម្លាភាព និងពហុបក្ស។
 

 ពីឆ្វេងដៃទៅ៖ លោក Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ថតជាមួយគ្នា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងសំណេរលើទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង មានសរសេរពីប្រសាសន៍របស់សម្តេច ជុំវិញការបោះឆ្នោត តែពុំឃើញមានសរសេរពីការឆ្លើយតបរបស់សម្តេច ទៅកាន់លោកឯកអគ្គរដ្ឋទូតទាំងវិញ ជុំវិញរឿងគណបក្សភ្លើងទៀនឡើយ។ សម្តេច ប្រាប់ទៅលោកទូតទាំង២នេះ មានគណបក្ស១៨ ដែលនឹងចូលរួមប្រកួតក្នុងការបោះឆ្នោតខាងមុខ។
 
ជាមួយគ្នានេះ សម្តេចរដ្ឋមន្រ្តី បានលើកយកពិសោធរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតកន្លងមក ចែករំលែកដល់ឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។ សម្តេច លើកឡើងថា ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ ក្នុងការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ។ 
 
«សម្តេច បានបង្ហាញសុទិដ្ឋិនិយមចំពោះបរិយាកាសសន្តិសុខបម្រើដល់ការបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតបន្តបន្ទាប់នាពេលអនាគតផងដែរ»។ នេះជាសំណេរលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីមហាផ្ទៃ។
 
សូមរម្លឹកថា គណបក្សភ្លើងទៀន ខ្វះឯកសារ១សន្លឹក គឺប្រកាសដើម ស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ទើបត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអនុញ្ញាតឲ្យចូលរួមប្រកួត។ គណបក្សភ្លើងទៀន បានបាត់ប្រកាសដើមនេះ នៅឆ្នាំ២០១៧។   
 
ក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ មានគណបក្ស១៧ ដែលនឹងចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកាន់អំណាច តាំងពីដើមមក៕ 

Tag:
 (កម្ពុជា
  បារាំង
  អាល្លឺម៉ង់
  ស ខេង
  ភ្លើងទៀន)
© រក្សាសិទ្ធិដោយ thmeythmey.com