ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
07, Jun 2023 , 6:59 am        
រូបភាព
តម្រងនោម​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​រាង​កាយ​។ តម្រងនោម​ច្រោះ​ឈាម​យក​កាក​សំណល់​និង​ជាតិពុល​ដើម្បី​បញ្ចេញ​មក​ក្រៅ ហើយ​ចាត់ចែង​ដំណើរការ​នៃ​សម្ពាធ​ឈាម​រត់​។ កាលណា​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​ទេ គេ​និយាយ​ថា​”​តម្រងនោម​មាន​កង្វះ​សមត្ថភាព ឬ​តម្រងនោម​ខ្សោយ insuffisance rénale” ដែល​នឹង​ធ្វើ​ឱ្យ​យើង​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ជា​ច្រើន​។ ក៏​ប៉ុន្តែ​រោគ​សញ្ញា​នៃ​តម្រងនោម​ខ្សោយ​នេះ​កម្រ​នឹង​លេច​ចេញ​មក​ណាស់ ព្រោះ​ជំងឺ​នេះ​វា​វិ​វត្ត​យឺត​ៗ ហើយ​វា​ច្រើន​តែ​ទាក់ទង​គ្នា​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ភាព​ចាស់ជរា ផង​ដែរ​។

 
បើ​តាម​របាយការណ៍​របស់ le Réseau d’Epidémiologie et Information en Néphralgie នៅ​ប្រទេស​បារាំង នៅ​ក្នុង​ឆ្នាំ​២០០៩​មាន​អ្នកជំងឺ​ប្រមាណ​ជា​៣៦,០០០​នាក់​ដែល​ត្រូវ​ធ្វើការ​ច្រោះ​ឈាម​ដោយ​ភ្នាស​ពី​ខាងក្រៅ​(dialyse) និង​៣១,០០០​នាក់​ទៀត​ដែល​ត្រូវ​ធ្វើការ​វះកាត់​ប្តូរ​តម្រងនោម​។
 
កត្តា​ហានិភ័យ​តម្រងនោម​ខ្សោយ រួម​មាន​៖
  • តំណពូជ
  • អាយុ​កាន់តែ​ចាស់ (​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​)
  • សម្ពាធ​ឈាម​ខ្ពស់
  • ទឹកនោមផ្អែម
  • ជំងឺ​សរសៃឈាម​បេះដូង
  • ប្រើ​ឱសថ​ដែល​ពុល​ចំពោះ​តម្រងនោម​។
រោគ​សញ្ញា​នៃ​តម្រងនោម​ខ្សោយ
កង្វះ​សមត្ថភាព​របស់​តម្រងនោម​មាន​រោគ​សញ្ញា​ជា​ច្រើន​ដែល​គេ​ច្រើន​តែ​មិន​បាន​យកចិត្តទុកដាក់ ដល់​។ ត្រូវ​ដឹង​ថា​ជំងឺ​តម្រងនោម​ងាយ​នឹង​ព្យ​បាល​ទេ បើសិនជា​គេ​ឆាប់​ព្យាបាល​។ ដូច្នេះ អ្នក​ត្រូវ​ឧស្សាហ៍​ពិនិត្យ​មើល​ជា​រឿយ​ៗ ហើយ​ឆាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​បើកាលណា​មាន​រោគ​សញ្ញា​ណាមួយ​ដែល​គួរ​ឱ្យ​សង្ស័យ​។
 
១- មិន​ឃ្លាន​ចំណីអាហារ
ដែល​ជា​លទ្ធផល​នៃ​ការ​ប្រមូលផ្តុំ​ជាតិពុល​នៅ​ក្នុង​រាង​កាយ​។
 
២- មាន​អ្វី​ប្លែក​នៅ​ក្នុង​ការ​នោម
នោម​មាន​ឈាម នោម​ញឹក​ជាង​ធម្មតា ឬ​ទឹកនោម​មាន​ពណ៌​មិន​ប្រក្រតី​។
 
៣- ស្បែក​ស្ងួត ហើយ​មាន​ដំបៅ​រមាស់
អាស្រ័យ​ដោយ​មក​ពី​កង្វះ​ជាតិ​រ៉ែ​ដោយ​មានការ​បង្ក​រោគ​ឬ​ជំងឺ​នៅ​តម្រងនោម​។
 
៤- មាន​បញ្ហា​ក្នុង​ការ​ដេក
ដោយសារ​មាន​ជាតិពុល​កក​ច្រើន​នៅ​ក្នុង​រាង​កាយ​។
 
៥- មាន​ភ្នែក​លៀន
ដោយសារ​កង្វះ​ប្រូតេអ៊ីន​នៅ​ពេល​ដែល​តម្រងនោម​មិន​អាច​ច្រោះ​ឈាម​បាន​ល្អ​។
 
៦- មាន​ក្តាមកាច់​ដៃ ឬ​រមួលក្រពើ
ដោយ​បាត់​សមតា​អេ​ឡិ​ក​ត្រូ​លី​ត ខ្វះ​កាល់ស្យូម ឬ​ផូស្វ័រ បណ្តាល​មក​ពី​ការ​ខ្សោយតម្រងនោម​។
 
៧- ហើមជើង
ព្រោះ​មាន​សូ​ដ្យូ​ម​លើស ដោយសារ​តម្រងនោម​ច្រោះ​យក​មិន​អស់​។
 
៨- អស់កម្លាំង​ទន់​ល្ហិតល្ហៃ
ដោយសារ​មាន​ជាតិពុល​ក្នុង​ខ្លួន ឬ​កង្វះ​ឈាមក្រហម​។
 
ការ​តាមដាន​រក​ជំងឺ​តម្រងនោមមាន​វិធី​តាមដាន​២​បែប​៖
  • ធ្វើការ​វិភាគ​ទឹកនោម បើកាលណា​មាន​វត្តមាន​ប្រូតេអ៊ីន​ច្រើន នេះ​ជា​សញ្ញា​ថា​មាន​ជំងឺ​តម្រងនោម​ហើយ
  • ធ្វើការ​វិភាគឈាម ដែល​មាន​ប្រសិទ្ធភាព​ជាង​។
  • ធ្វើ​យ៉ាងណា​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ភាព​ខ្សោយ​របស់​តម្រងនោម0x017d7
  • មុន​ដំបូង​ត្រូវ​ចង​ចាំ​ថា​ជំងឺ​នេះ​ងាយ​នឹង​ព្យាបាល​ទេ បើសិនជា​ឆាប់​ដឹង​ហើយ​ឆាប់​ព្យាបាល​។ ដូច្នេះ​អ្នក​ត្រូវ​ឧស្សាហ៍​ធ្វើការ​ត្រួតពិនិត្យ​ជា​ប្រចាំ​។
ម្យ៉ាងទៀត ត្រូវ​មាន​អនាម័យ​ល្អ​នៅ​ក្នុង​ការ​រស់នៅ ញ៉ាំ​តែ​ចំណី​ដែល​ផ្តល់​សុខភាព ហាត់ប្រាណ និង​ជៀសវាង​គ្រឿង​ស្រវឹង​និង​បារី​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com