កីឡាអន្តរជាតិ
អន្តរជាតិ
Benzema ទៅលេងឱ្យក្លិប Al Ittihad របស់អារ៉ាប៊ីសាអូឌីត
07, Jun 2023 , 12:05 pm        
រូបភាព
រូបភាព ៖ Al Ittihad Fc
រូបភាព ៖ Al Ittihad Fc
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ចុះកិច្ចព្រមព្រៀងលេងឱ្យក្លិប Al Ittihad ក្របខណ្ឌ Pro League ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយចាកចេញពីក្លិបអធិរាជ ស Real Madrid ។



Benzema ចុះកិច្ចសន្យាលេងឱ្យក្លិប Al Ittihad នេះ រយៈពេល៣ឆ្នាំ ជាមួយប្រាក់បៀវត្ស ដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងទទួលបានជាង១០០លានដុល្លារ ក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia។
 
សម្រាប់ការលេងឱ្យក្លិប Al Ittihad នេះ Benzema ចាត់ទុកថា ជាបទពិសោធន៍ថ្មីមួយទៀត របស់ខ្លួន។ «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបទពិសោធន៍ថ្មី នៅក្នុងលីគបាល់ទាត់នៃប្រទេសផ្សេងគ្នានេះ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលអាចសម្រេចក្ដីស្រមៃនៅក្នុងអាជីពរបស់ខ្ញុំ និងអាចសម្រេចគ្រប់យ៉ាង ដែលខ្ញុំបានធ្វើវា នៅក្នុងលីគអេស្ប៉ាញ និងអឺរ៉ុបកន្លងមក»។ នេះជាការបញ្ជាក់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ៣៥ឆ្នាំ។
 
Benzema ជឿជាក់ថា រូបគេ នឹងអាចជួយក្រុម Al Ittihad និងលីគអារ៉ាប៊ីសាអូឌីត ឈានទៅដល់កម្រិតខ្ពស់មួយទៀត។ អតីតខ្សែប្រយុទ្ធ Real Madrid និង Lyon រូបនេះ បាននិយាយដូច្នេះថា៖«ឥឡូវខ្ញុំមានអារម្មណ៍ថា វាជាពេលវេលាដ៏ត្រឹមត្រូវ ក្នុងការចូលរួមគម្រោង និងការប្រកួតប្រជែងថ្មីមួយនេះ។ ខ្ញុំកំពុងតែទន្ទឹងរង់ចាំការចូលរួមសហការជាមួយមិត្តរួមក្រុមថ្មី ដែលយើងត្រូវធ្វើការរួមគ្នា ក្នុងការជួយក្លិប សម្រាប់ការប្រកួតនានា ដើម្បីឱ្យលីគនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនេះ ឈានទៅកម្រិតថ្មីមួយទៀត»។ 
 
ក្លិប Al Ittihad ចាត់ទុកវត្តមានរបស់ Benzema ជាកំណត់ត្រាប្រវត្តិសាស្រ្តមួយ របស់ក្លិប។«វាបញ្ជាក់ឱ្យឃើញថា គម្រោងដ៏ធំសម្បើម នៅក្នុងលីគអារ៉ាប៊ីសាអូឌីតនេះ កំពុងធ្វើដំណើរប្រែក្លាយជោគវាសនាទៅជាលីគបាល់ទាត់ដ៏ល្អបំផុតមួយក្នុងពិភពលោក ចាប់ពីរដូវកាលក្រោយៗទៅ»។ នេះបើតាមក្លិប Al Ittihad ។
 
Benzema បានចាកចេញពី Real Madrid ក្រោយរួបរស់អស់រយៈពេល១៤ឆ្នាំ បន្ទាប់ពីផ្ទេរពីក្លិប Lyon កាលពីឆ្នាំ២០០៩។ ក្នុងវ័យ៣៥ឆ្នាំ Benzema បានទទួលពានរង្វាន់ Ballon d’Or ផងដែរ កាលពីឆ្នាំ២០២២ ។ Benzema ធ្លាប់ជួយ Real ឈ្នះពានរង្វាន់ Lali ga ៤លើក និង Champion League ៥លើក៕
 
 

Tag:
 បាល់ទាត់
  Benzema
© រក្សាសិទ្ធិដោយ thmeythmey.com