កីឡាអន្តរជាតិ
អន្តរជាតិ
West Ham លើកពាន Europa Conference League
08, Jun 2023 , 9:29 am        
រូបភាព
West Ham បានយកឈ្នះ Fiorentina ២-១ ដើម្បីលើកពាន Europa Conference League នៅក្រុងប្រាក សាធារណរដ្ឋឆេក។ វាជាពានតំបន់អឺរ៉ុបលំដាប់ទីបី និងជាពានដ៏សំខាន់សម្រាប់ក្រុមញញួរធំមួយនេះ ក្រោយពួកគេខកខានមិនដែលបានឈ្នះពានណាមួយសោះនារយៈពេល៤៣ឆ្នាំចុងក្រោយ។

 
Said Benrahma បានទាត់ប៉េណាល់ទីនាំមុខសម្រាប់ West Ham នៅនាទី៦២ ប៉ុន្តែ Giacomo Bonaventura បានតាមយកស្មើ ១-១ សម្រាប់ Fiorentina នារយៈពេល៥នាទីបន្ទាប់។ នៅនាទីចុងក្រោយមុននាទីបន្ថែម Jarrod Bowen បានស៊ុតបាល់នាំជ័យជម្នះ ២-១ សម្រាប់ញញួរធំ។
 
ប្រធានក្រុម Declan Rice ដែលអាចជាការប្រកួតចុងក្រោយរបស់ខ្លួនសម្រាប់ក្លិប ត្រូវបានចាត់ទុកជាវីរបុរស ដូចជាអតីតកីឡាករ Bobby Moore និង Billy Bonds ដែលនាំជ័យជម្នះដ៏ធំធេងសម្រាប់ក្លិប។
 
Moore ជាប្រធានក្រុមនាពេល West Ham ឈ្នះ European Cup កាលពីឆ្នាំ១៩៦៥ រីឯ Bonds រួមចំណែកជួយឲ្យក្លិបឈ្នះពាន FA Cup នៅឆ្នាំ១៩៧៥ និងឆ្នាំ១៩៨០។
 
ជ័យជម្នះនេះ នាំឲ្យ West Ham ទទួលបានកៅអី Europa League នារដូវកាលក្រោយ ហើយក៏ជាការបង្ហាញខ្លួន៣ឆ្នាំជាប់គ្នានៅតំបន់អឺរ៉ុប ជាប្រវត្តិសាស្ត្រក្លិបផងដែរ។
 
សម្រាប់ លោក David Moyes វិញ នេះជាពានដ៏ធំដែលលោកបានឈ្នះ ក្នុងអាជីពជាគ្រូបង្វឹក ចាប់ពីឆ្នាំ១៩៩៨មក។ លោកធ្លាប់បាន FA Community Shield ជាមួយ Man Utd កាលពីឆ្នាំ២០១៣ និងពានក្របខណ្ឌ Football League Second Division ជាមួយ Preston North End កាលពីឆ្នាំ២០០០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com