អន្តរជាតិ
លោក Zelenskyy ថា ការ​បំផ្លាញ​ទំនប់​វារីអគ្គិសនី Kakhovka ប៉ះពាល់​ដល់​ទឹក​បរិភោគ
08, Jun 2023 , 7:39 pm        
រូបភាព
ដោយ: VOA
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​រាប់​សែន​នាក់ «គ្មាន​លទ្ធភាព​ដូច​រាល់​ដង​ក្នុង​ការ​ទទួល​បាន​ទឹក​បរិភោគ» ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ទំនប់​វារីអគ្គិសនី Kakhovka នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​បាន​រង​ការ​បំផ្លាញ។



លោក Zelenskyy បាន​សរសេរ​នៅ​លើ Twitter ថា ការ​បំផ្លាញ​ទំនប់​វារីអគ្គិសនី​នេះ​គឺ​ជា «ចេតនា​ទាំងស្រុង» ដោយ​លោក​បាន​រិះគន់​កងទ័ព​រុស្ស៊ី​និង​បាន​ចោទ​រដ្ឋាភិបាល​រុស្ស៊ី​បន្ថែម​ទៀត​ថា​ មិន​បាន​ចាត់​វិធានការ​ដើម្បី​ជួយ​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​រុស្ស៊ី​ត្រួតត្រា​ដែល​កំពុងតែ​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​នៃ​ទឹក​ជំនន់​ដោយសារ​ការ​បំផ្លាញ​ទំនប់​វារីអគ្គិសនី​នេះ។
 
អាជ្ញាធរ​អ៊ុយក្រែន​បាន​និយាយ​ថា មនុស្ស​ជាង​ ១៧.០០០ ​នាក់​ត្រូវ​បាន​ជម្លៀស​ពី​តំបន់​នៅ​តាម​ដង​ទន្លេ Dnipro ដែល​នៅ​ទីនោះ​ក្រុង​និង​ភូមិ​ប្រមាណ​ ៤០ ​បាន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ក្នុង​តំបន់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រុស្ស៊ី។
 
មនុស្ស​ជាង ៩០០ នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី។
 
ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ក្នុង​ការ​វាយ​តម្លៃ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «គ្រោង​ទំនប់​វារីអគ្គិសនី​នេះ​ទំនងជា​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដោយ​នឹង​បណ្ដាល​ឱ្យ​មាន​ទឹក​ជំនន់​បន្ថែម​ទៀត»។
 
អ៊ុយក្រែន​និង​រុស្ស៊ី​បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​អ្នក​បំផ្លាញ​ទំនប់​វារីអគ្គិសនី​នេះ។ ទំនប់​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ​ពី​ភាគ​ខាង​កើត​ទីក្រុង Kherson នៅ​ក្នុង​ផ្នែក​មួយ​នៃ​ប្រទេស​អ៊ុយក្រែន​ដែល​រុស្ស៊ី​បាន​ត្រួតត្រា​ជាង​មួយ​ឆ្នាំ​កន្លង​មក។
 
រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​មិន​អាច​បញ្ជាក់​ឱ្យ​បាន​ប្រាកដ​ទេ​ថា​តើ​ទំនប់​វារីអគ្គិសនី​នេះ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​អ្វី ប៉ុន្តែ​ខ្លួន​បាន​ធ្វើការ​វាយ​តម្លៃ​លើ​របាយការណ៍​នានា​ដែល​ថា​ការ​បំផ្ទុះ​ទំនប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ភាគី​រុស្ស៊ី។
 
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ត្រូវតែ​បញ្ឈប់៕
 

Tag:
 ផ្លូវ​ថ្នល់​ត្រូវ​ទឹក​ជន់​លិច​នៅ​ទី​ក្រុង Kherson ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៣ ក្រោយ​ពី​​ការ​បាក់​ជញ្ជាំង​ទំបន់​វារីអគ្គិសនី Kakhovka។
© រក្សាសិទ្ធិដោយ thmeythmey.com