កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola ជួយ Man City ឈ្នះពាន៣ ដែលតាមទាន់កំណត់ត្រា Alex Ferguson នៅ Premier League
11, Jun 2023 , 2:59 pm        
រូបភាព
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola និយាយថាការឈ្នះពានរង្វាន់ក្លិបកំពូលប្រចាំតំបន់អឺរ៉ុបមានភាពលំបាកខ្លាំង ទម្រាំឈ្នះពានរង្វាន់លំដាប់កំពូលមួយនេះ មានភាពនឿយហត់ខ្លាំង ត្រូវការភាពអត់ធ្មត់ខ្ពស់ និងការលះបង់យ៉ាងធំ។

អ្នកចាត់ការវ័យ ៥២ឆ្នាំ បានបំពេញភាពជោគជ័យរបស់ខ្លួននៅក្រុម Man City ក្នុងការឈ្នះពានរង្វាន់ ​Champions League ដែលលោកបានតាមប្រម៉ាញ់អស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមជើងខ្លាំងនៅអង់គ្លេសនេះ។ ជ័យជម្នះ ១-០ ដែលជាគ្រាប់ធ្វើបានដោយ Rodrigo នៅនាទី៦៨ សម្រេចក្តីស្រមៃរបស់លោក Guardiola ម្តងទៀតផងដែរ។
 
មកដល់ពេលនេះលោក Guardiola បានតាមស្មើកំណត់ត្រារបស់លោក Sir Alex Ferguson ដែលជាអតីតអ្នកចាត់ការក្រុម Manchester United ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល ដោយរួមមាន Premier League, FA Cup និង Champions League ​កាលពីឆ្នាំ ១៩៩៩។ លោក Guardiola បានឈ្នះពានរង្វាន់ទាំង ៣ នេះដូចគ្នាក្នុងមួយរដូវកាល និងជាពានរង្វាន់ទី១២ ចំពោះការដឹកនាំ Man City។
 
ដ្បិតការឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវ មិនមែនជាលើកដំបូងឡើយ ព្រោះអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក៏ធ្លាប់ធ្វើបានកំណត់ត្រានេះរួចមកហើយ អំឡុងពេលដឹកនាំក្រុម Barcelona កាលឆ្នាំ ២០០៩ ដោយការឈ្នះពាន La Liga, Copa del Rey និង Champions League។ 
 
អ្នកចាត់វ័យ ៥២ឆ្នាំ ឈ្នះពានរង្វាន់ Champions League លើកទី៣ ក្នុងអាជីពជាគ្រូបង្វឹករបស់ខ្លួន។ លោក ​Guardiola បានបង្ហាញមោទកភាពចំពោះសមិទ្ធិផលពិសេសមួយ ដែលបានតាមស្មើកំណត់ត្រារបស់អតីតអ្នកចាត់ការកំពូលលើពិភពលោក Sir Alex Ferguson​ ប្រចាំប្រវត្តិសាស្ត្រ Premier League។
 
«ពិតជាមានកិត្តិយសដែលបានតាមស្មើ និងស្ថិតនៅទន្ទឹមលោក ​Alex Ferguson។ ខ្ញុំទទួលបានការផ្ញើសារអបអរនាព្រឹកនេះ ហើយធ្វើឱ្យខ្ញុំរំភើបខ្លាំងមែនទែន វាពិតជាល្អខ្លាំងណាស់។ ការឈ្នះពានរង្វាន់មួយនេះពិតជាលំបាកខ្លាំង ព្រោះថាមានភាពនឿយហត់ខ្លាំង ការអត់ធ្មត់ ជាពិសេសគឺការលះបង់។»។ លោក Guardiola បាននិយាយបែបនេះ៕
 

Tag:
 Pep Guardiola
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com