ជាតិ
ពិព័រណ៍​វត្ថុសិល្បៈដ៏​ប្រណីត​របស់​ខ្មែរ បង្ហាញទៅ​ទីផ្សារ​​​ពិភព​លោក​
11, Jun 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ កុលាលភាជន៍​ គំនូរ​សហសម័យ​ និង​សិល្បៈ​ភាព​យន្តរបស់​ខ្មែរ​​ ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៍​ ក៏​ដូច​ជា​ចាក់​បញ្ចាំង​នៅ​ The Peak ដើម្បី​បង្ហាញ​ពី​ភាព​ប្រណីត ​និង​គំនិត​ដ៏​ស៊ីជម្រៅ​នៃ​វប្បធម៌​ខ្មែរ ទៅ​កាន់​​សាធារណជ​ន​ជាតិ​ និង​អន្តរជាតិទស្សនា​​​។ ស្នាដៃ​សិល្បៈ​ទាំង​នោះ​ ត្រូវ​បាន​សិល្បករ​ និង​វិចិត្រករ​​ខ្មែរ រចនា​ឡើង​ ដោយ​​បង្កប់​នូវ​ការអំណត់​​ព្យាយាម​ និងរំលេច​​គុណ​តម្លៃ​មរតក​​ដូន​តាខ្មែរ​​។

​លោក សុន សីហាក់ ជា​ម្ចាស់​សិប្បកម្ម​មរតក​កុលាលភាជន៍​ ដែល​មាន​ទី​តាំង​នៅ​ខេត្ត​សៀម​រាប បាន​នាំ​យក​កុលាលភាជន៍​របស់​ខ្លួន​មក​តាំង​ពិព័រណ៍​នៅ The Peak​។ បុរស​ដែល​ចេះ​ធ្វើ​កុលាលភាជន៍​តាំង​ពី​ឆ្នាំ​២០០៣​រូប​នេះ ថា​សិប្បកម្ម​របស់​លោក​ ធ្វើ​ដោយ​ដៃ​ហើយ​ផ្ដោត​សំខាន់​លើ​គុណ​ភាព​និង​ភាព​ប្រណីត​។ ​ជា​កូន​អ្នក​ធ្វើ​ក្អ​ម​ឆ្នាំង​ត៣​ជំនាន់​ពី​ដូន​តា​ លោក​ សីហាក់​ ថា​ហាង​របស់​លោក​មាន​លក់​កុលាលភាជន៍​រង្វង់​១០០​ម៉ូត​ ដែល​មាន​ម៉ូត​បុរាណ​ខ្មែរ សហសម័យ​ និង​បែប​បរទេស​។ 

លោក សុន សីហាក់ ម្ចាស់សិប្បកម្មមរតកកុលាលភាជន៍

បង្កើតអាជីវកម្ម​​តាំង​ពី​ឆ្នាំ​២០១៥ ផលិត​ផល​​កុលាលភាជន៍​​របស់​លោក​ មាន​តម្លៃ​ចាប់​ពី​២ពាន់​រៀល​ រហូត​ដល់​ តម្លៃ​​២លាន​រៀល​។ បុរស​សម្បុរ​ស្រអែម​​​រូប​នេះ​ ថា​បច្ចុប្បន្ន​ផលិត​ផល​របស់​លោក មាន​ការ​គាំទ្រ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្ត​រជាតិ​ ដោយ​សារ​តែ​គុណ​ភាព​​។​ មូល​ហេតុ​ដែល​លោក​ ប្រឹង​ប្រែ​ង​រក្សា​គុណភាពខ្ពស់​ នៃ​ការ​ផលិត​​​កុលាលភាជន៍​ខ្មែរ​ ក៏​ដោយ​សា​រ​លោក​មាន​កម្លាំង​ចិត្ត​ពី​ពាក្យ​ថា ជា​កេរដំណែល​ដូ​ន​តា​។ 
 
«នេះ​គឺ​ជា​កេរ​ដំណែល​ដូន​តា ដូច្នេះ​ដូន​តា​យើង​គាត់​ចាំ​មើល​ថា​ តើ​ពួក​យើង​ធ្វើ​អ្វី​បាន​ខ្លះ​​​បន្ត​ពី​គាត់​? ហើយយើង​​មាន​អ្វី​ចែក​រំលែក ​ទៅ​ក្មេង​ជំនាន់​ក្រោយ​បន្ត​​ទៀត​។ ខ្ញុំ​ចង់​ផ្សាយ​ទៅ​​ប្រជា​ជន​ខ្មែរ​យើង​គ្រប់​រូប​ ថា​នេះ​គឺ​ជា​កុលាលភាជន៍​របស់​ខ្មែរយើង​»។ នេះ​ជា​ការ​ពន្យល់​របស់ ​ម្ចាស់​សិប្បកម្ម​មរតក​កុលាលភាជន៍​។
 
យ៉ាង​ណា​ក៏​ដោយ​ ការ​នាំ​យក​កុលាលភាជន៍​របស់​ខ្លួន​ មកដាក់​តាំង​ពិព័រណ៍​នៅ​ The Peak លោក សុន សីហាក់​ ថា​​នេះ​​ជា​ចំណុច​មួយ ​ដែល​ធ្វើ​ឱ្យ​សិប្បកម្ម​របស់លោក ឈាន​ជើង​ទៅ​កាន់ពិភព​លោក​ ​កាន់​តែលឿន​ជាង​មុន​។ ក៏​មាន​ន័​យ​ថា ពិភព​លោក​នឹង​បាន​ស្គាល់​ ​កុលាល​ភាជន៍​​​របស់​ខ្មែរ កាន់​តែ​ច្បាស់​ជាង​មុន​មួយ​កម្រិត​ទៀត​។ 
  
កុលាលភាជន៍

ចំណែក​លោ​ក​ ​ហ៊ឹម សុភី ជា​សាស្រ្តា​ចារ្យ​តន្ត្រី​​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗថា ការ​ផ្សារ​ភ្ជាប់​សិល្បៈ​ជា​មួយ​នឹង​អាជីវកម្ម​ ពិត​ជា​មាន​សារសំខាន់​ណាស់ ព្រោះ​ថា​ការ​អភិវឌ្ឍប្រទេសទាំង​បច្ចុប្បន្ន​និង​អនាគត​​ ​មាន​ទំនាក់​ទំនង​យ៉ាង​ជិន​ស្និទ្ធិ​និង​វិស័យ​សិល្បៈវប្បធម៌​។ លោក​សង្កត់​ធ្ងន់ថា បើ​គ្មាន​សិល្បៈ​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក៏​ពិបាក​ដែរ​។ លោក សុភី បន្ថែម​ទៀត​ថា The Peak មាន​ភាព​ឆ្លាត​វ័យ ដែល​ខ្លួន​ជា​ផ្សារ​លក់​ទំនិញ​ ប៉ុន្តែ​​យក​សិល្បៈ​មក​ផ្សព្វ​ផ្សាយ​​ ព្រោះ​សិល្បៈ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បណ្ដុះ​ឱ្យ​មនុស្ស​ធ្វើ​​អ្វី​ដែល​ថ្មី។ 
 
លោក ហ៊ឹម សុភី ពន្យល់​៖«សិល្បៈ​តែង​តែ​ដើរ​មុន​គំនិត​មនុស្ស​ធម្មតា​។ The​ Peak មាន​ភាព​វ័យ​ឆ្លាត​ សូម្បី​តែ​ចំណង​ជើង​ក៏​គេ​គិត​ដែរ “​វប្បធម៌​​ពនេចរ​” បាន​ន័យ​ថា​វប្បធម៌​មិន​នៅ​មួយ​កន្លែង​ទេ​។ វប្បធម៌​គឺ​ជា​កម្ម​សិទ្ធិ​របស់​មនុស្ស​ទូទាំង​ពិភព​លោក។​ ដូច​ជា​ប្រាសាទ​អង្គរ​វត្ត​ សាង​ដោយ​ខ្មែរ​យើង​ទេ ប៉ុន្តែ​អ្នក​ណា​ក៏​ស្រឡាញ់​ អ្នក​ណា​ក៏​ពេញ​ចិត្ត​ គឺ​វា​មាន​ន័យ​អ៊ីចឹង​។ ការ​តាំង​បង្ហាញ​នេះ អាច​និយាយ​បាន​ថា គឺ​ជា​ការ​ផ្សារ​ភ្ជាប់​គ្នា​នៃ​វិស័យ​វប្បធម៌​ និង​សេដ្ឋ​កិច្ច​។ ដូច​ជា​ Kpopនៅ​កូរ៉េ​ គាត់​ស្លៀក​ពាក់​ខោអាច​ថ្មី​ៗ​ កាត់​​សក់​ប្លែក​ៗ ​មួយ​ពិភព​លោកទិញ​សម្លៀក​បំពាក់​តាម​ Kpop លាន់​។ ខ្ញុំ​ឧទាហរណ៍​តូច​តាច​ទេ ប៉ុន្តែ​វា​មាន​ច្រើ​ន​ជាង​នេះ​ទៀត​»។

លោក ហ៊ឹម សុភី សាស្ត្រាចារ្យភ្លេង

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ សាស្រ្តាចារ្យ​តន្រ្តី​រូប​នេះ អះ​អាង​ថា​ប្រសិន​មិន​ផ្សារ​ភ្ជាប់​វិស័យ​វប្បធម៌​ ជា​មួយ​នឹង​ជំនួញ​ទេ សិល្បៈ​របស់​ខ្មែរ​​ក៏​មិ​ន​អាច​អភិវឌ្ឍន៍បាន​​ដែរ​។ និយាយ​ដោយ​ទំនុក​ចិត្ត លោក សុភី ថា​សិល្បៈ​មាន​ទ្រឹស្ដី​ពីរ​ គឺ​អភិរក្ស និង​អភិវឌ្ឍន៍​។ អភិវឌ្ឍន៍​ដើម្បី​អភិរក្ស ប៉ុន្តែ​ប្រសិន​​គិត​តែ​អភិរក្ស​ មិន​អភិវឌ្ឍន៍​ នោះ​សិល្បៈ​​នឹង​រុះរោយ​។ ហើយ​ប្រសិន​គិត​តែ​អភិវឌ្ឍន៍ ដោយ​មិន​គិតពី​អ្វី​ដែល​​មាន​ពី​មុ​ន​មក​ ​nនិង​មិន​ព្រម​ថែរក្សា ក៏​មិនល្អ​​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ លោក​ទទូច​ឱ្យ​​មាន​តុល្យភាព​ រវាង​សិល្បៈ​កម្សាន្ត(សិល្បៈ​ដើម្បី​លម្ហែ​អារម្មណ៍​) ​​និង​សិល្បៈ​អប់រំ។
 
«អ្នក​ខ្លះ​គិត​ថា​អភិវឌ្ឍន៍​ទៅ នឹង​ធ្វើ​ឱ្យ​បាត់​របស់​ពី​ដើម​​។ មិន​មែន​បាត់​ទេ សូម្បី​តែ​យើង​រៀនពី​ប្រវត្តិ​សិល្បៈ​ខ្មែរ តាំង​ពីរចនាបថ​ដំបូង​ រហូត​ដល់​សម័យ​អង្គរ​ មាន​ការ​សាង​សង់​ប្រាសាទ​ខុស​ៗ​គ្នា​។ ប្រសិន​សិល្បៈ​កម្សាន្ត​លើ​ស​លុប​​ជាង​សិល្បៈ​អប់រំ ក៏​មិន​កើត​ដែរ។ ដូច្នេះ​យើង​ត្រូវ​គិត​ពី​រឿង​នេះ​ដែរ​។ សិល្បៈ​អប់រំ​ផ្ដល់​ពុទ្ធិ​ដល់​សង្គម​ និង​អត្តសញ្ញាណ​ជាតិ​»។​ នេះ​ជា​អ្វី​ដែល​លោក​ សុភី​ ពន្យល់​។ 
 
លោក Pierre Balsan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Blue Bell Cambodia បាន​​លើក​ឡើង​​ថា The Peak នឹង​ផ្ដល់​បទ​ពិសោធ​​វប្បធម៌​លំដាប់​ពិភព​លោក​ ដើម្បី​ទាក់​ទាញ​អ្នក​ទស្សនា និង​វិនិយោគ​គិនដែល​មាន​ការ​ចំណាយ​ខ្ពស់​។ លោក​ថា​សកម្មភាព​វប្បធម៌​ ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​ បាន​បង្ហាញ​ពី​សិល្បៈ​​សហសម័យ​ខ្មែរ​ល្អ​បំផុត​ កុលាលភាជន៍​ និង​ភាព​យន្ត​ ដែល​ជា​ស្នាដៃ​របស់​វិចិត្រខ្មែរ​ដ៏​​ល្បី​ល្បាញជា​ច្រើន​រូប​។ លោក​ថា​ម្ចាស់​ស្នាដៃ​សិល្បៈ ដែល​បានដាក់​​តាំង​បង្ហាញ​ទាំង​នោះ បាន​បង្កើត​ស្នាដៃ​របស់​ខ្លួន​ ​ដោយ​​មាន​ជំនឿ​យ៉ាង​មុត​មាំ​។
  
លោក Pierre Balsan នាយក ប្រតិបត្តិ ក្រុមហ៊ុន  Blue Bell Cambodia(រូបស្ដាំដៃ)

ក៏​មានដែរ​ការ​​ចាក់​បញ្ចាំង​រឿង “ទេពសត្ថា” នៅ​ The Peak ដែល​លោក Pierre Balsan ​បាន​ស្ញើច​សរសើរ​ថា ​​​ភាព​យន្ត​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ បេតិកភណ្ឌ​​វប្បធម៌​ដ៏​សម្បូរ​បែប ​​របស់​ប្រទេស​​កម្ពុជា​តាម​រយៈ​​ការ​វិវត្តិ ​​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភាព​យន្ត​នេះ​​ បាន​បង្ហាញ​ពី​របៀប​ដែល​ ប្រពៃណី​ដ៏​ចំណាស់​មួយ​ អាច​មាន​ភាព​ទំនើប​ និង​ពាក់​ព័ន្ធ​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​។ 
 
សូម​បញ្ជាក់​ថា​ ផ្សារ​ទំនើប​ The Peak នឹង​បើក​ដំណើរ​ការ​​នៅ​ឆ្នាំ​២០២៤​ខាង​មុខ​។ The Peak នឹង​​​ផ្លាស់​ប្ដូរ​វិស័យ​លក់​រាយ​​របស់​ប្រទេស​កម្ពុជា​ ដោយ​ផ្ដោត​លើ​ភាព​ប្រណីត​ តំណាង​ឱ្យ​ភាព​ខ្លាំង​​ នៃ​ការ​អភិវឌ្ឍន៍​​សេដ្ឋ​កិច្ច​​របស់​​កម្ពុជា​​៕
 






Tag:
 សិល្បៈ​
  វប្បធម៌​
  គំនូរ​
  ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com