កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុន មានអ្នកចូលរួមជិត៤០០០នាក់ ពី៤៥ប្រទេស
12, Jun 2023 , 10:34 am        
រូបភាព
កុមារា កុមារី ចូលរួមរត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ។ រូបពី ពន្លឺ
កុមារា កុមារី ចូលរួមរត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ។ រូបពី ពន្លឺ
ដោយ:
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លើកឡើងថាការរៀបចំទិវារត់ប្រណាំងឡើង គឺដើម្បីអបអរសាទរ ព្រះរាជពិធីចំរើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់៨៧ យាងចូល៨៨ ព្រះវស្សា។ លោក វ៉ាត់ ចំរើន មើលឃើញពីការចូលរួមយ៉ាងច្រើនទាំងជាតិ និងអន្តរជាតិ ដែលមានចំនួន ៣៩០០នាក់ មកពី៤៥ប្រទេស។

 
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី១១ បានប្រារព្ធចេញដំណើរនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានអត្តពលិកទាំងជាតិ និងអន្តរជាតិចូលរួមរត់កម្សាន្តផងដែរ។ ទិវារត់ប្រណាំងនេះដែររៀបចំឡើងដោយ NOCC ក្រសួងទេសចរណ៍ សហការជាមួយក្រសួងព្រះបរមរាជវាំង សាលារាជធានីភ្នំពេញ និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត។


ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុន។ រូបពី ពន្លឺ
 
លោក វ៉ាត់ ចំរើន វាយតម្លៃខ្ពស់ចំពោះការចូលរួមពីប្រជាពលរដ្ឋ យុវជន ទាំងជាតិ និងអន្តរជាតិក្នុងការចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននេះ ពិសេសការរៀបសណ្តាប់ធ្នាប់ សុវត្ថិភាព ដែលធ្វើឱ្យទិវារត់ប្រណាំងកាន់តែល្បីខ្ទរខ្ទារទៅកាន់ពិភពលោក។
 
លោក វ៉ាត់ ចំរើន និយាយថា៖«នេះគឺជាចំណុចពិសេសមួយ ដែលយើងទាំងអស់គ្នា ក្រោយពីជោគជ័យក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺប្រជាពលរដ្ឋ បានយល់ច្បាស់អំពីការថែរក្សាសុខភាព ដើម្បីធ្វើឱ្យមានកម្លាំងល្អក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជំរុញឱ្យការឯកភាពក្នុងសង្គម និងការចូលរួមចំណែកថែរក្សាសុខសន្ដិភាពឱ្យនៅឋិតថេរយូរអង្វែងជាអមតៈតទៅមុខទៀត»។
 
សូមបញ្ជាក់ថា សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរស ជយលាភីលេខ១ បញ្ចប់ទីមុនគេដោយកីឡាករ វ៉ាន់ ភារ៉ា លេខសម្រេចទីដោយកីឡាករ Kakizaki Kuniaki ឈរលេខ២ និងលេខ៣ តាមពីក្រោយដោយកីឡាករ គង់ សម្បត្តិ។ ចំណែកនារី លេខ១ បានទៅកីឡាការិនីជប៉ុន Ota Natsuko លេខ២ កីឡាការិនីកម្ពុជា អេង មួយងីម និងលេខ៣ កីឡាការិនីអាហ្វ្រិកខាងត្បូង Cloete Chane។ ក្រៅពីនេះ ក៏មានវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងការរត់កម្សាន្ដសម្រាប់កុមារចម្ងាយ ២,៥០០ម៉ែត្រផងដែរ៕
 

Tag:
 កីឡាអត្តពលកម្ម
 វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com