កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កាសែតវៀតណាម Tuoi Tre ដ៏ល្បីល្បាញ ផ្តល់ពាន​រង្វាន់ដល់ បូ សំណាង និងកីឡាការិនីវៀតណាម២​រូប
12, Jun 2023 , 3:59 pm        
រូបភាព
 កីឡាការិនីរត់ចម្ងាយក្រុមជម្រើសជាតិកម្ពុជា បូ សំណាង
កីឡាការិនីរត់ចម្ងាយក្រុមជម្រើសជាតិកម្ពុជា បូ សំណាង
ភាព​លេចធ្លោជាមួយនឹងស្មារតីអូឡាំពិកនាអំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី៣២ នាំ​ឱ្យ​កីឡាការិនី បូ សំណាង ក្លាយជាជ័យលាភីមួយ​រូបក្នុងចំណោម​៣រូបដែលត្រូវទទួល​ពាន​រង្វាន់ «32nd SEA Games Inspiration’ Awards» ពី​កាសែត Tuoi Tre ដ៏ល្បីឈ្មោះ​របស់​វៀតណាម។ ជ័យលាភី២រូបទៀត គឺ​កីឡាការិនីអត្តពលកម្ម​វៀតណាម Nguyen Thi Oanh និង​កីឡាការិនី​​វាយកូនឃ្លីលើ​តុ Tran Mai Ngoc។ ពិធីប្រគល់​រង្វាន់​នឹងប្រព្រឹត្តទៅនៅ​ក្រុងហូជីមិញ នា​ថ្ងៃទី១៨ ខែមិថុនា ខាងមុខ។

 
ទៅដល់ទី​ចុងក្រោយគេលើ​វិញ្ញាសា​រត់ចម្ងាយ​៥០០០ម៉ែត្រ ប៉ុន្តែ ​បូ សំណាង ទទួលបានមេដាយ​បេះដូងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយសារតែការ​ព្យាយាម​តស៊ូមិន​បោះបង់ ក្រោម​ដំណក់ទឹកភ្លៀង​ជោគជាំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឃ្លីបវីដេអូ និង​រូបភាព​ពីសកម្ម​ភាព​កីឡាការិនី សំណាង ត្រូវ​បាន​ផ្សព្វផ្សាយនៅ​លើ​សារព័ត៌មាន​ធំៗលំដាប់ពិភពលោក រួមទាំង​គេហទំព័រ​ផ្លូវការ​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
 
ជ័យលាភីរួមជាមួយ​កីឡាការិនី​២រូបទៀត​របស់វៀតណាម
 
ទាំងនេះហើយ​ដែល​ជាលក្ខខណ្ឌគ្រប់គ្រាន់​សម្រាប់ កីឡាការិនី បូ សំណាង ក្នុងការទទួល​បាន​ពានរង្វាន់​កិត្តិ យស «32nd SEA Games Inspiration’ Awards» ពី​សារព័ត៌មាន​ Truoi Tre ដ៏ល្បីល្បាញ​របស់​វៀតណាម។ កាសែតដែលមានអាយុ​កាល​៤៨​ឆ្នាំមួយនេះ ផ្តល់តម្លៃ​យ៉ាងខ្លាំងលើ​ព័ត៌មានកីឡា ជាពិសេស​ការផ្តល់​គំរូភាព​សម្រាប់អ្នក​ដទៃ ដោយមិន​ត្រឹម​តែជា​ការ​ឈ្នះមេដាយ​នោះឡើយ។
 
ឆ្លង​កាត់​​ការ​វិនិច្ឆ័យ​ពី​អ្នក​ជំនាញ អ្នក​សារព័ត៌មាន និង​អ្នកអាន​របស់ខ្លួន Truoi Tre ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការផ្សព្វផ្សាយអំពី​ស៊ីហ្គេមលើកទី​៣២នៅកម្ពុជា ជ្រើសរើស​បានជ័យលាភី​៣នាក់សម្រាប់ពាន​រង្វាន់ «32nd SEA Games Inspiration’ Awards»។
 
កីឡាការិនីកម្ពុជា បូ សំណាង ស្ថិតក្នុងចំណោម​ជ័យលាភីទាំង​៣ ដោយ​ជ័យលាភី២រូបទៀត គឺ​ Nguyen Thi Oanh ជាកីឡាការិនីអត្តពលកម្ម​ចម្ងាយឆ្ងាយ​របស់វៀតណាម ដែលបានឈ្នះមេដាយមាស​ដល់​ទៅ៤ពីស៊ីហ្គេម​ឆ្នាំ​២០២៣ ហើយ​ក៏ជាមេដាយ​ទី១៣​ផងដែរ សម្រាប់កីឡាការិនីរូបនេះពីព្រឹត្តិការណ៍ថ្នាក់តំបន់។ ​ក្នុងនោះមេដាយមាស​រហូតដល់​ទៅ​១២ និង​ប្រាក់១។
 

កីឡាការិនីវាយ​កូន​ឃ្លី​លើតុរៀតណាម Tran Mai Ngoc កំពុង Selfie ជាមួយយុវជនស្ម័គ្រចិត្តកម្ពុជា នាពេលមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។​ រូបថត៖ tuoi tre

រីឯកីឡាការិនីវាយ​កូន​ឃ្លី​លើតុ Tran Mai Ngoc វិញ នាងកំពុង​ទទួល​បាន​ប្រជាប្រិយភាពយ៉ាងខ្លាំងនៅ​វៀតណាមដោយបានឈ្នះមេដាយមាស​១ និង​សំរឹទ្ធ១។ យោងតាម Tuoi Tre កីឡាការិនីរូបនេះ ឆ្លងកាត់កុមារភាព​យ៉ាង​លំបាក​ ដោយនាង​ និង​បងប្អូន​ស្រីភ្លោះកើតនៅ​ឆ្នាំ​២០០៤ នា​ខេត្ត Binh Duong។ ពីរឆ្នាំក្រោយមក ឪពុក​បានទទួលមរណភាព ដោយម្តាយ​របស់​នាង​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ស្រី​ដល់ទៅ​៣នាក់ជាមួយនឹងចំណូល​បន្តិចបន្តួច​ជាបម្រើការនៅ​រោង​ចក្រ។

  ម្ចាស់មេដាយមាស​ចំនួន៤ពីស៊ីហ្គេម​ឆ្នាំ​២០២៣ កីឡាការិនីអត្តពលកម្ម​ចម្ងាយឆ្ងាយ​របស់វៀតណាម Nguyen Thi Oanh។ រូបថត៖ រូបថត៖ tuoi tre

ងាក​មក បូ សំណាង ឯណេះវិញ នាង​ត្រូវបានពិភពលោកស្គាល់ ជាអត្តពលិកខ្មែរមួយរូប ដែលមានស្មារតីកីឡា និងការទទួលខុសត្រូវខ្ពស់ ដោយមិនបោះបង់ការប្រកួត ទោះជួបឧសគ្គយ៉ាងណាក៏ដោយ។ អមដោយពាន​រង្វាន់ដែលមានទឹក​ប្រាក់​១០០០ដុល្លារអាម៉េរិក ជ័យលាភីទាំង​បី​រូបក៏ទទួលបាន​កញ្ចប់​ដំណើរកម្សាន្តក្នុងទំហំទឹកប្រាក់៣០០០ដុល្លារ នៅតំបន់ទេសចរណ៍ដ៏ល្បី Son Doong Cave ស្ថិតនៅឧទ្យានជាតិ Phong Nha-Ke Bang ដែលជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ​​ នា​ខេត្ត Quang Binh ផងដែរ។
 
«លើសពីភាពរីករាយ គឺខ្ញុំមានកិត្តិយសណាស់ដែលសារព័ត៌មានវៀតណាមបានជ្រើសរើសខ្ញុំឱ្យទទួលបានពានរង្វាន់នៃការលើកទឹកចិត្តសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២»។ លទ្ធផលទាំងនេះ កីឡាការិនី បូ ​សំណាងមិនដែលសូម្បីតែគិត​ ក្រៅពីការខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធភាព។ 

កីឡាការិនីពាក់​ស្លាក​លេខ​៤០១

រំលឹក​ពីទីលានប្រកួតនៅកីឡដ្ឋានជាតិមរតកតេជោ លើវិញ្ញា​សារត់ចម្ងាយ៥០០០ម៉ែត្រផ្នែកនារី នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាពេលកន្លងមកនេះ មនុស្សម្នាគ្រប់ទិសទី ទាំងជាតិ និងទាំងអន្តរជាតិ រំជួលចិត្ត និងស្ងើចសរសើរនូវទឹកចិត្តកីឡាការិនីពាក់ស្លាកលេខ​៤០១។
 
ប៉ុន្តែក្រោយ​ការផ្សព្វផ្សាយ​សារព័ត៌មាន​ល្បីៗលើ​ពិភពលោកដូចជា AFP, CNN, BBC, The New York Times, TIME, AP, CNA និងទីភ្នាក់ងារព័ត៌មាននានា ក៏ដូចជា​គេហទំព័រ Olympics.com កីឡាការិនីដែលមានឯកសណ្ឋានប្រកួតពណ៌​ក្រហម អាវ​យឺត​ដៃវាល និង​ខោ​ត្រឹម​ភ្លៅ​រូបនេះ ត្រូវ​បានគេស្គាល់យ៉ាង​ច្បាស់ថាជា «បូ សំណាង»។
 
ប្រឹងប្រកួតទាំងសុខភាពមិន​អំណោយផល

ជោគជាំដោយទឹកភ្លៀង ខណៈសុខភាពមិនអំណោយផល​​ ដោយសារខ្វះគ្រាប់ឈាម តែសំណាង នៅ​តែ​បន្ត​រត់រហូត​ដល់គោលដៅជាមួយ​នឹង​ថិរវេលា ២២នាទី និង​៥៤.២២០វិនាទី​លើចម្ងាយ​៥០០០ម៉ែត្រ។ ជាកីឡាការិនីទី១១​ចុងក្រោយគេ ខណៈមេដាយ​មាស​បាន​លើកីឡាការិនី Nguyen Thi Oanh, មេដាយប្រាក់​បាន​លើ​កីឡាការិនីវៀតណាមម្នាក់ទៀត Pham Thi Hong Le និងមេដាយ​សំរឹទ្ធបាន​លើកីឡាការិនីឥណ្ឌូណេស៊ី Odekta Elvina Naibaho។
 
នាវិនាទីចុងក្រោយនៃការដល់គោលដៅរបស់ខ្លួន កីឡាការិនី សំណាងបានយំ ហើយ​បាន​លើកដៃសំពះ និងគោរព​អរគុណក្រុមអ្នកគាំទ្រនៅ​​ក្រោមតំណក់ភ្លៀង។
 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey) កីឡាការិនីវ័យ២០ឆ្នាំដែលមានសម្បុសស្រអែមរូបនេះបានរំឭកថា​ ៖ «នាពេលខ្ញុំរត់ហាលភ្លៀងនោះ ខ្ញុំទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រ​ផ្ទាល់ទាំងពីប្រជាជនកម្ពុជា និងទាំងបរទេស។ ពួកគាត់បានទះដៃ និងស្រែកហ៊ោឱ្យខ្ញុំ ដែលនេះជាកម្លាំងចិត្តមួយធ្វើឱ្យខ្ញុំខំប្រឹងស៊ូឱ្យដល់ទី​ ទោះបីខ្ញុំដឹងខ្លួនឯងចាញ់គេក៏ដោយ។ ភ្លៀងដ៏ខ្លាំងនៅពេលនោះ គឺមិនមែនជាឧសបគ្គបញ្ឈប់ខ្ញុំក្នុងការសម្រេចគោលដៅនៃការប្រកួតឡើយ»។
 
អរគុណម្ចាស់រូបថត និង​វីដេអូ...
ក្រោយចប់ការប្រកួតលើវិញ្ញាសា​រត់ចម្ងាយ ៥ ០០០ម៉ែត្រ ​នាល្ងាចថ្ងៃទី៨ ខែ​ឧសភា ឃ្លីបវីដេអូខ្លីជាង១នាទី និង​រូបថត២សន្លឹក ដែល​បង្ហាញពីការតស៊ូប្រឹងរត់ក្រោមដំណក់ទឹក​ភ្លៀងតែម្នាក់ឯងនៃកីឡាការិនី បូ សំណាង ដើម្បីសម្រេចគោលដៅនៃការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។​
 
អ្នក​ដែលបានបង្ហោះដំបូង​ត្រូវបាន​គេស្គាល់ថា ជាអ្នក​ថតរូបជន​ជាតិថៃ ហើយ​ក្រោយមក​ក៏មាន​ការ​បង្ហោះឃ្លីបវីដេអូ និង​រូបផ្សេងៗទៀត​ជាបន្ត​បន្ទាប់។  
 
សំណាង​ បាន​បកស្រាយ​បន្ថែម​ថា នាង​បន្តរត់កាត់ក្រោមដំណក់ទឹកភ្លៀង បើទោះបីដឹងខ្លួនឯងយ៉ាងច្បាស់ថាចាញ់គូប្រកួតក៏មិនព្រមបោះបង់ ក៏ព្រោះនាងជាកីឡាការិនីតំណាងឱ្យប្រទេស និងប្រជាជនកម្ពុជា​។ សំណាងបន្តនិយាយដូច្នេះ​​៖ «ក្នុងនាមយើងជាអត្តពលិកខ្មែរមួយរូប ទោះយើងជួបឧបសគ្គ ឬមានបញ្ហាអ្វី! ក៏ខ្ញុំបន្តទៅមុខដែរ។ ពេលនោះ​ខ្ញុំលែងគិតរឿងចាញ់-ឈ្នះហើយ​! ខ្ញុំ គិតបន្តរត់ឱ្យសម្រេចគោលដៅ ៥គីឡូម៉ែត្រ»។​
 
កីឡា​ និងការសិក្សាដើរទន្ទឹមគ្នា

សំណាង ជាកូនទី៣ក្នុងចំណោមបងប្អូន៤នៃគ្រួសារមួយដែលមានជីវភាពមិនសូវធូរធា រស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។  ទោះមិនមានជាប់ឈាមជ័រជា​អ្នកកីឡា ក៏ប៉ុន្តែ​ហេតុតែមានជំនក់ចិត្តលើវិស័យកីឡា ជាពិសេសគឺការស្រឡាញ់ការ​រត់ចម្ងាយនេះ​ នាងក៏សម្រេចចូលហ្វឹកហាត់​ ​ចាប់តាំងពីឆ្នាំ២០១៦។ 

  កីឡាការិនី បូ សំណាង កំពុងផ្តល់សម្ភាសឱ្យកញ្ញា អ៊ូ​ សុខមាន អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៧ឧសភា ឆ្នាំ២០២៣។

«ខ្ញុំប្រឡូកវិស័យកីឡានេះ ក្នុងវ័យ១២ឆ្នាំ។ ដំបូង​ខ្ញុំគ្រាន់តែហាត់រៀននៅសាលារៀនប៉ុណ្ណោះ។ ខ្ញុំចូលរួមការប្រកួតនានារហូតជាប់ជ័យលាភីបានឡើងទៅប្រកួតជាកីឡាអូឡាំពិក»។ នេះជាឱកាសរបស់កីឡាការិនីកំព្រាឪពុករូបនេះ ដែលត្រូវបានថ្នាក់ដឹកនាំមើលឃើញ ពីសមត្ថភាព ហើយបានក៏បញ្ជូនឱ្យទៅហ្វឹកហាត់បន្ថែមនៅឯប្រទេសចិនក្នុងរយៈពេល៧ខែ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥ដល់១៧ឧសភា ឆ្នាំ២០២៣។​
 
​ដ្បិតរត់ចម្ងាយ ​ជាប្រភេទកីឡាដែលមិនសូវមានការចាប់អារម្មណ៍ឬការគាំទ្រពីសំណាក់ពលរដ្ឋកម្ពុជា ប៉ុន្តែវាជាប្រភេទកីឡាដែលមានឥទ្ធិពលមួយក្នុងវិស័យកីឡានៅលើឆាកអន្តរជាតិ។  ជាក់ស្តែងដូចជា ការប្រកួតកីឡាអូឡាំពិក ស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម... ជាដើម។​ 
 
«រត់ចម្ងាយ គឺជាប្រភេទកីឡាមួយ ដែលយើងអាចចូលរួមលេងតំណាងជាតិកម្ពុជាបាន។ ដូច្នេះហើយ! ក្នុងនាមខ្ញុំជាប្រជាជនកម្ពុជាម្នាក់ គឺចង់លេងកីឡាអ្វីដែលខ្ញុំស្រឡាញ់​ ហើយនឹងបន្តធ្វើឱ្យល្អដើម្បីជាតិ​»។ សំណាងបានបង្ហាញឆន្ទៈបែបនេះទាំងខ្លួន នឹងត្រូវបន្តការសិក្សាផ្នែកច្បាប់​​ថ្នាក់បរិញ្ញាបត្រ​នៅឯសាកលវិទ្យាល័យអន្តរជាតិមួយក្នុងស្រុក។  នាង  បន្តបានបញ្ជាក់យ៉ាងដូច្នេះ៖ «​ កីឡាក៏ត្រូវបន្តហ្វឹកហាត់បន្ថែម ប៉ុន្តែ ខ្ញុំក៏មិនបោះបង់ការសិក្សា ដែរ។ វិស័យពីរនេះត្រូវដើរទន្ទឹមគ្នា​ ទាំងការហាត់កីឡា និងទាំងការសិក្សា គឺសុទ្ធសំខាន់សម្រាប់ជីវិត»។ 
 
ជាធម្មតាអត្តពលិករត់ចម្ងាយ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្ររូបនេះ ចំណាយពេលហ្វឹកហាត់ពី៤ទៅ៥ម៉ោងក្នុងមួយថ្ងៃ។  ការហ្វឹកហាត់នេះ សំណាងធានាថា មិនបង្កផលប៉ះពាល់ដល់ការសិក្សាឡើយ ផ្ទុយទៅវិញ គឺធ្វើនាងមានស្មាតី​ និងរាងរឺងមាំ ថែមទៀត។ 
 
ក្តីសង្ឃឹមដណ្តើមមេដាយជូនជាតិនៅតែមាន..
 
ក្រោយឆ្លងកាត់ពិសោធន៍លើកដំបូងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមក្នុងទឹកដីកំណើតខ្លួនហើយនោះ   សំណាងប្តេជ្ញាបង្កើនសមត្ថភាព  ដើម្បីយកជ័យជម្នះជូនជាតិមាតុភូមិ។ សម្រាប់ជីវិតក្នុងវិស័យកីឡា សំណាងគឺចង់បានមេដាយយ៉ាងហោច១ សម្រាប់ខ្លួនឯង និងជាតិ ពីការប្រកួតលំដាប់ថ្នាក់អន្តរជាតិ។ ​«ជាពិសេសការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ​ ក្នុងឆ្នាំ២០២៥ ខ្ញុំនឹងធ្វើឱ្យមានលទ្ធផលតែកាន់តែប្រសើរ»។ 
 
ការចាញ់-ឈ្នះ គឺជារឿងធម្មតាសម្រាប់អត្តពលិក។ ឈ្នះត្រូវត្រេកអរ! ចាញ់មិនត្រូវអស់សង្ឃឹម!  បូ សំណាង​ បានលើកឡើងបែបនេះដោយដាក់គោលដៅខ្លួនត្រូវខំប្រឹងហ្វឹកហាត់ឱ្យខ្លាំង និងប្រឹងប្រកួតឱ្យពីសមត្ថភាព។ នាងបន្តនិយាយយ៉ាងខ្លីដោយមិនស្ទាក់ស្ទើថា៖ «​កម្លាំងប្រកួតខ្ញុំថ្ងៃនេះខ្សោយនៅក្រោយគេ តែមិនបញ្ជាក់ថា ខ្ញុំបន្តនៅក្រោយគេនោះទេ»៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com