កីឡាជាតិ
ជាតិ
កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ឈ្នះមេដាយប្រាក់ពិភពលោក នៅសិង្ហបុរី
12, Jun 2023 , 6:59 pm        
រូបភាព
កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង(ស្តាំ) ប្រកួតចាញ់ពិន្ទុកីឡាការិនី រ៉ូម៉ានី វគ្គផ្តាច់ព្រ័ត្រ។ រូបពី សហព័ន្ធកីឡាចំបាប់កម្ពុជា
កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង(ស្តាំ) ប្រកួតចាញ់ពិន្ទុកីឡាការិនី រ៉ូម៉ានី វគ្គផ្តាច់ព្រ័ត្រ។ រូបពី សហព័ន្ធកីឡាចំបាប់កម្ពុជា
ដោយ:
កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ឌិត សំណាង ឈ្នះមេដាយប្រាក់ជាលើកដំបូង​ក្នុងការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោក (Beach Wrestling World Series 2023 in Singapore) នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី ។

 
ប្រកួតដំបូង ឌិត សំណាង​ ដែលប្រកួតលើវិញ្ញាសាក្រោម៥០គីឡូក្រាម បានយកឈ្នះ កីឡាការិនី Emma Nokosia Wangila មកពីប្រទេស កេនយ៉ា បន្តឈ្នះកីឡាការិនីបារាំង Justian Fanny Vigoux និងឈ្នះកីឡាការិនីមកពីអេសស្ប៉ាញ Cristiana Andujar Queda ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ។  នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សំណាង បានយកឈ្នះកីឡាការិនីចិន Xie.X ដោយលទ្ធផល ៣-២ និងរងបរ៉ាជ័យនៅវគ្គផ្តាច់ព្រ័ត្រដោយចាញ់ពិន្ទុកីឡាការិនីរ៉ូម៉ានី Priceputu.S ដោយលទ្ធផល ៣-១។

កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង(ឆ្វេង) ឡើងទទួលមេដាយ។ រូបពី សហព័ន្ធកីឡាចំបាប់កម្ពុជា
 
គួរបញ្ចាក់ថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ចូលប្រតិភូលោក កាំង ដែនពិសិដ្ឋ ដែលជាគ្រូបង្វឹកផង បានដឹកនាំ កីឡាករ-ការិនីចំនួន៦រូប រួមមាន កីឡាការិនី ឌិត សំណាង លើវិញ្ញាសាក្រោម៥០គីឡូក្រាម, សឿន នឿន ក្រោម៦០គីឡូក្រាម, កីឡាករ ឈឿន ឈាង ក្រោម៧០គីឡូក្រាម, ឆាំ ពិស៊ិន ក្រោម៨០គីឡូក្រាម និងកីឡាករ ហេង  វុទ្ធី ក្រោម៩០គីឡូក្រាម ដែលការប្រកួតបានចាប់ផ្តើមពីថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី៕ 
 

Tag:
 កីឡាចំបាប់
 ឌិត សំណាង
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com