កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធាន APSF៖ ម្ចាស់ផ្ទះកម្ពុជាមានពេលខ្លី តែអាចរៀបស៊ីហ្គេម-ប៉ារ៉ាហ្គេមតាមស្តង់ដារអន្តរជាតិ
13, Jun 2023 , 11:19 am        
រូបភាព
លោក Osoth Bhavilai ពេលទស្សនាការប្រកួតកីឡាប៉ារ៉ាលើកទម្ងន់អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា។
លោក Osoth Bhavilai ពេលទស្សនាការប្រកួតកីឡាប៉ារ៉ាលើកទម្ងន់អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា។
ដោយ:
លោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមអាស៊ីអាគ្នេយ៍ (APSF) កោតសរសើរចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ដែលធ្វើបានយ៉ាងល្អទោះបីជាមានពេលតិចតួចក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកដំបូងរបស់ខ្លួនក្តី។

 
ថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីតធី ប្រធាន APSF លោក Osoth Bhavilai វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកម្ពុជា ជាពិសេសការរៀបចំបានយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងរបស់ខ្លួនក្រោយបញ្ហាកូវីដ-១៩ ធូរស្រាល។
 

កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា ហង្ស សុភ័ក្រ្ត ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
 
លោក Osoth Bhavilai ដែលជនជាតិថៃ និយាយថា៖«តាំងពីខ្ញុំបានមកដល់កម្ពុជាគឺរៀបចំបានយ៉ាងល្អ ទាំងការស្នាក់នៅ ធ្វើដំណើរ ហូបចុក ហើយមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលខ្ញុំអាចថាធំជាងគេនៅអាស៊ីអាគ្នេយ៍យើងនេះ ការរៀបចំការប្រកួតទីលានមានលក្ខណៈស្តង់ដា»។ បន្ថែមពីលើនោះទៀតប្រធាន APSF ថានេះពិតជាជោគជ័យដ៏ត្រចះត្រចង់សម្រាប់កម្ពុជា។
 
អ្វីដែលកាន់តែស្ងើចសរសើរបំផុតនោះគឺរយៈពេលមានតិចតួចតែម្ចាស់ផ្ទះកម្ពុជារៀបចំបានល្អ។ «ការប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូណេស៊ីគឺរៀបចំបានល្អផ្សេងហើយទោះបីបញ្ហាកូវីដ-១៩ នៅមានក៏ពិតមែន តែពេលមកដល់កម្ពុជា ពិតណាស់បញ្ហាកូវីដ-១៩ មានលក្ខណៈធូរស្បើយបន្តិច តែការប្រកួតដំណើរការបានយ៉ាងល្អ»។ លោក Osoth Bhavilai បញ្ជាក់ផងដែរថា សន្ទុះនៃការគាំទ្ររបស់ប្រជាជនកម្ពុជាពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន នៅតាមទីលាននីមួយៗ។
 
គួបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ប្រារព្ធធ្វើនៅថ្ងៃទី៥-១៧ ខែមីនា ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រារព្ធធ្វើនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។
 
តារាងមេដាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា៖
វៀតណាម ឈរលេខ១ មានមេដាយសរុប ៣៥៩ មាស១៣៦ ប្រាក់១០៥ និងសំរឹទ្ធ១១៨
ថៃ ឈរលេខ២ មានមេដាយសរុប ៣១១ មាស១០៨ ប្រាក់៩៦ និងសំរឹទ្ធ១០៧
ឥណ្ឌូណេស៊ី មានមេដាយសរុប ២៧៦ មាស៨៧ ប្រាក់៨០ និងសំរឹទ្ធ១០៩
កម្ពុជា ឈរលេខ៤ មានមេដាយសរុប២៨៤ មាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៩
ហ្វ៊ីលីពីន ឈរលេខ៥ មានមេដាយសរុប២៦០ មាស៥៨ ប្រាក់៨៥ និងសំរឹទ្ធ១១៧
សិង្ហបុរី ឈរលេខ៦ មានមេដាយសរុប១៥៨ មាស៥១ ប្រាក់៤៣ និងសំរឹទ្ធ៦៤
ម៉ាឡេស៊ី ឈរលេខ៧ មានមេដាយសរុប១៧៥ មាស៣៤ ប្រាក់៤៥ និងសំរឹទ្ធ៩៦
មីយ៉ាន់ម៉ា ឈរលេខ៨ មានមេដាយសរុប១១៤ មាស២១ ប្រាក់២៥ និងសំរឹទ្ធ៦៨
ឡាវ ឈរលេខ៩ មានមេដាយសរុប៨៧ មាស៦ ប្រាក់២២ និងសំរឹទ្ធ៥៩
ព្រុយណេ ឈរលេខ១០ មានមេដាយសរុប៩ មាស២ ប្រាក់១ និងសំរឹទ្ធ៦
ទីម័រខាងកើត ឈរលេខ១១ មានមេដាយសរុប៨ សំរឹទ្ធ៨ ដោយពុំទទួលបានមេដាយមាស និងប្រាក់ឡើយ។

តារាងមេដាយព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា៖

ឥណ្ឌូណេស៊ី ឈរលេខ១ មានមេដាយសរុប៣២៨ មាស១៥៩ ប្រាក់១៤៨ និងសំរឹទ្ធ៩៤
ថៃ ឈរលេខ២ មានមេដាយសរុប៣២៨ មាស១២៦ ប្រាក់១១០ និងសំរឹទ្ធ៩២
វៀតណាម ឈរលេខ៣ មានមេដាយសរុប២០១ មាស៦៦ ប្រាក់៥៨ និងសំរឹទ្ធ១១៨
ម៉ាឡេស៊ី ឈរលេខ៤ មានមេដាយសរុប១២៣ មាស៥០ ប្រាក់៣៨ និងសំរឹទ្ធ៣៥
ហ្វ៊ីលីពីន ឈរលេខ៥ មានមេដាយសរុប១១៦ មាស៣៣ ប្រាក់៣៣ និងសំរឹទ្ធ៥០
មីយ៉ាន់ម៉ា ឈរលេខ៦ មានមេដាយសរុប៥៧ មាស១៥ ប្រាក់២៣ និងសំរឹទ្ធ១៩
សិង្ហបុរី ឈរលេខ៧ មានមេដាយសរុប៤៤ មាស១២ ប្រាក់១៥ និងសំរឹទ្ធ១៧
កម្ពុជា ឈរលេខ៨ មានមេដាយសរុប៧០ មាស៩ ប្រាក់១៨ និងសំរឹទ្ធ៤៣
ព្រុយណេ ឈរលេខ៩ មានមេដាយសរុប៨ មាស៣ ប្រាក់៣ និងសំរឹទ្ធ២
ទីម័រខាងកើត ឈរលេខ១០ មានមេដាយសរុប៧ មាស២ និងសំរឹទ្ធ៨
ឡាវ ឈរលេខ១១ មានមេដាយសរុប១១ ប្រាក់២ និងសំរឹទ្ធ៩៕
 
 

Tag:
 ប្រធាន APSF៖ ម្ចាស់ផ្ទះកម្ពុជាមានពេលខ្លី តែអាចរៀបស៊ីហ្គេម-ប៉ារ៉ាហ្គេមតាមស្តង់ដារអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com