ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋានពន្ធដារបំភ្លឺថា គ្មានការតម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធថ្លៃសិក្សាឡើយ
13, Jun 2023 , 3:16 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត GDT
ដោយ: រួបរួម
អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣ ខែមិថុនា នេះ បានចេញសេចក្តីបំភ្លឺ ក្រោយមានការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថា សាលារៀនឯកជនមួយ តម្រូវឱ្យអាណាព្យាបាលបង់ពន្ធថ្លៃសិក្សា។ ស្ថាប័នជំនាញរបស់រដ្ឋាភិបាលនេះ អះអាងថា គ្មានករណីបែបនេះឡើយ។

 
តាមលិខិតដែលចែករំលែកតគ្នាលើបណ្តាញសង្គម សាលាខ្មែរ-ចិនអរសប្បាយសិក្សា បានជូនដំណឹងដល់មាតាបិតា អាណាព្យាបាលសិស្ស អំពីការបង់ពន្ធថ្លៃសិក្សា២០ភាគរយជូនរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ជំនួសអស់រយៈពេល៣ឆ្នាំហើយ។
 
ក្នុងសេចក្តីជូនដំណឹងនោះ សាលា បានបញ្ជាក់ថា មាតាបិតា ឬអាណាព្យាបាលត្រូវបង់ពន្ធលើថ្លៃសិក្សា១០ភាគរយ ខណៈសាលាបន្តជួយ១០ភាគរយ ហើយដោយគិតគូរពីស្ថានភាពសេដ្ឋកិ្ច ថ្លៃសិក្សានឹងមិនត្រូវបានតម្លើងឡើយនៅឆ្នាំនេះ។
 
អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមិនមានប្រភេទពន្ធលើថ្លៃសិក្សានោះទេ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់យ៉ាងដូច្នេះ ដោយបន្ថែមថា ពន្ធលើប្រាក់ចំណូលតាមអត្រា២០ភាគរយ ជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណាព្យាបាលសិស្សឡើយ។
 
អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកពីការយកចិត្តទុកដាក់លើវិស័យអប់រំ ជាពិសេសដោយអនុគ្រោះដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនរួចផុតពីការបង់ពន្ធប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលាភ ជាដើម។
 
«គ្រឹះស្ថានទាំងឡាយណាដែលអនុវត្តមិនត្រឹមត្រូវស្របតាមគោលការណ៍លើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលដល់វិស័យអប់រំ ហើយក្នុងករណីរកឃើញថា ស្ថាប័នអប់រំណាមួយប្រព្រឹត្តល្មើស នឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ និងលិខិតបទប្បដ្ឋានគតិយុត្តជាធរមាន»។ អគ្គនាយកដ្ឋានពន្ធដារ បានព្រមានយ៉ាងដូច្នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com