កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ជាអ្នកស្ម័គ្រចិត្តនៅស៊ីហ្គេម-ប៉ារ៉ាហ្គេម ជួយ ចេង រស្មី និងទិត លីហ្សា ចេះទំនាក់ទំនង និងការងារជាក្រុម
14, Jun 2023 , 10:30 am        
រូបភាព
យុវជនស្ម័គ្រចិត្តគោលដៅលើកទម្ងន់ថតរូបជាមួយ លោក ហ៊ុន ម៉ានី។
យុវជនស្ម័គ្រចិត្តគោលដៅលើកទម្ងន់ថតរូបជាមួយ លោក ហ៊ុន ម៉ានី។
ដោយ:
«ខ្ញុំអាចដាក់ច្បាប់នៅសាលាបាន ជួនរៀនពេលថ្ងៃខ្ញុំមកធ្វើពេលព្រឹក»។ យុវជន ចេង រស្មី និង យុវតី ទិត លីហ្សា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ អំឡុងពេលខ្លួនទៅចូលរួមជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ រស្មី និងលីហ្សា ជាអ្នកស្ម័គ្រចិត្តនៅទីតាំងប្រកួតកីឡាលើកទម្ងន់ នៅមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន។

 
ឆ្លងកាត់ការចូលរួមជាយុវជនស្ម័គ្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ រួចមួយលើកហើយក៏ពិតមែនតែ លោក ចេង រស្មី និងកញ្ញា ទិត លីហ្សា បន្តបេសកម្មមួយទៀតគឺ ជាយុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ការចូលរួមយ៉ាងយកចិត្តទុកដាក់នេះដែរ រស្មី និងលីហ្សា ថាជាការស្រង់យកបទពិសោធន៍ថ្មីសម្រាប់ខ្លួននាមជាយុវជន ហើយលើកទឹកចិត្តដល់យុវជនផ្សេងទៀតត្រូវចាប់យកឱកាសដើម្បីការងារសង្គមក្នុងព្រឹត្តិការណ៍កីឡាផ្សេងទៀត។

លោក ចេង រស្មី(ស្តាំ) និងកញ្ញា ទិត លីហ្សា(ឆ្វេង) ក្នុងពេលផ្តល់បទសម្ភាស។
 
យុវជន ចេង រស្មី និយាយថា៖«ខ្ញុំសូមផ្តាំផ្ញើទៅកាន់យុវជនទាំងអស់ឱ្យគាត់មានការចូលរួមស្ម័គ្រចិត្ត ក៏ដូចជាការងារផ្សេងៗនៅក្នុងសង្គម ព្រោះអីមនុស្សយើងរស់នៅក្នុងសង្គមត្រូវការបទពិសោធ និងទំនាក់ទំនង»។ រីឯកញ្ញា លីហ្សា វិញថាខ្លួននឹងចូលរួមទៀតប្រសិនមានឱកាសក្នុងការជួយតាមរយៈការធ្វើជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡា ឬការងារអ្វីក្នុងសង្គមមួយ។
 
យុវតី ទិត លីហ្សា និយាយថា៖«ប្រសិនបើមានឱកាសទៀតខ្ញុំនឹងចូលរួមម្តងទៀត ជាយុវជនស្ម័គ្រចិត្តដដែល»។ លីហ្សា ក៏បានបន្ថែមថា ព្រឹត្តិការណ៍កីឡានាំ​ឱ្យយើងអាចយល់ដឹងនូវរបៀបរបបការងារក្រុម និងការសហការធ្វើការងារដែលជាបទពិសោធដ៏សំខាន់សម្រាប់យុវជន។

ទាំងអ្នកស្ម័គ្រចិត្ត មន្រ្តីបច្ចេកទេស និងអត្តពលិកថតរូបនៅគោលដៅលើកទម្ងន់។
ក្នុងបេសកម្មព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា លោក ចេង រស្មី ត្រូវបានចាត់តាំងជាប្រធានក្រុមឈរគោលដៅកីឡាលើកទម្ងន់ និងកញ្ញា ទិត លីហ្សា ជាអនុប្រធាន។ សម្រាប់កិច្ចការប្រធាន និងអនុប្រធាន បានបែងចែកការងារជូនកូនក្រុមបានយ៉ាងល្អ បន្ទាប់ពីទទួលបានផែនការមេពីថ្នាក់ដឹកនាំ។ ការទទួលភ្ញៀវ កិច្ចគារវៈចំពោះអត្តពលិកអ្នកស្ម័គ្របានជួយសម្រួលនូវកិច្ចការធ្វើដំណើរ និងការប្រាស្រ័យទាំក់ទងផ្សេង ពិសេសការថតរូបអនុស្សាវរីយ៍ និងការផ្តល់នូវកាដូអនុស្សាវរីយ៍ពីអត្តពលិក និងប្រតិភូមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
 
គួបញ្ជាក់ផងដែរ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ប្រារព្ធធ្វើពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣៕
 
 

Tag:
 យុវជនស្ម័គ្រ
 ចេង រស្មី
 ទិ លីហ្សា
 អាស៊ានប៉ារ៉ាហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com